កម្ពុជា នឹងអនុញ្ញាតឲ្យនាវា Westerdam ចូលចតកាន់តែលឿន បើដឹងថាមានអ្នកផ្ទុក COVID-19
ជាតិ
កម្ពុជា នឹងអនុញ្ញាតឲ្យនាវា Westerdam ចូលចតកាន់តែលឿន បើដឹងថាមានអ្នកផ្ទុក COVID-19
18, Feb 2020 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា កុំថាឡើយមិនមានអ្នកទេសចរ លើនាវា Wesderdam ផ្ទុកវីរុស COVID-19 តែបើទោះបីជាដឹងថា មានអ្នកផ្ទុកក៏ដោយ ក៏កម្ពុជា នៅតែអនុញ្ញាតឲ្យចូលចតដែរ ហើយឲ្យចូលចតកាន់តែលឿនថែមទៅទៀត ដើម្បីយកអ្នកផ្ទុកវីរុសនោះ មកព្យាបាល ចៀសវាងទុកឲ្យមានការរាលដាលកាន់តែខ្លាំងនៅលើនាវា ដូចករណីនៅជប៉ុន។



ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ចុះបើពេលនោះ មានកើតវីរុសកូរ៉ូណា៤-៥ករណី តើអ្នកឯងឲ្យចូលឬអត់? ខ្ញុំ នឹងឲ្យចូល ហើយឲ្យចូលលឿនបំផុត។ ហេតុអ្វីបានត្រូវធ្វើដូច្នេះ? ត្រូវតែខិតខំយកអ្នកមានជំងឺនេះឡើងដីគោក ដើម្បីទទួលបានការព្យាបាល កុំឲ្យរីករាលដាលនៅលើកប៉ាល់នុ៎ងទៀត។  នេះជាគោលជំហរឥតប្រែប្រួលរបស់ខ្ញុំ ពិតថារឿងនេះវាអត់កើតទេ»។

យ៉ាងណា ស្រ្តីជនជាតិអាមេរិកម្នាក់វ័យ៨៣ ដែលជាអ្នកទេសចរលើនាវា Westerdam ត្រូវបានរកឃើញថាផ្ទុកវីរុស COVID-19  ពេលចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

មេដឹកនាំកម្ពុជា បន្តថា៖«ខ្ញុំ យកការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកអនុវត្តនូវគោលការណ៍មនុស្សធម៌មួយ ចំពោះពលរដ្ឋនៃប្រទេសដទៃ ដែលយើង ជាសមាជិកនៃអង្គការសហប្រជាជាតិ ជាសមាជិកនៃអង្គសុខភាពពិភពលោក និងជាបណ្តាញនៃការទទួលខុសត្រូវ»។ មេដឹកនាំរូបនេះ នៅតែនិយាយដូចមុនដដែលថា ជំងឺពិតប្រាកដនៅកម្ពុជា មិនមែន COVID-19 ទេ តែគឺការភ័យខ្លាច៕


Tag:
 COVID-19
  Westerdam
  Hun Sen
© រក្សាសិទ្ធិដោយ thmeythmey.com