ជាតិ
នាយករដ្ឋមន្រ្តី៖ ទាល់តែដល់ថ្ងៃ៣១កុម្ភៈ ទើបខ្មែរ ឆ្លងកូរ៉ូណា
18, Feb 2020 , 9:55 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ខ្លាំងថា នឹងមិនមានពលរដ្ឋកម្ពុជាណាម្នាក់ ឆ្លងវីរុស COVID-19 (កូរ៉ូណា) នោះទេ។ ការបង្ហាញក្តីជឿជាក់នេះ គឺដើម្បីឆ្លើយតបនឹងមជ្ឈដ្ឋានខ្លះ ដែលចោទសម្តេចថា នាំវីរុស COVID-19 ចូលស្រុក។



នាពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល និយាយបែបលេងសើចនិងក្នុងន័យចំអកឲ្យអ្នករិះគន់ទាំងនោះយ៉ាងដូច្នេះថា៖«ស្រុកខ្មែរ អត់ទាន់មានកើតជំងឺ (កូរ៉ូណា) មួយទេ...ប្រហែលដល់ថ្ងៃ៣១ ខែកុម្ភៈ ឯណោះ ទើបជំងឺហ្នឹង កើតឡើង»។

ប្រមុខរដ្ឋាភិបាល បន្ថែមថា៖«បើអត់មាន៣១កុម្ភៈ អាហ្នឹងវាអត់ (មានជំងឺហ្នឹងហើយ) វា ចប់ហើយ»។ មេដឹកនាំរូបនេះ ក៏បានប្រកាសដែរថា កម្ពុជា មានសមត្ថភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃការរាលដាលវីរុស COVID-19។

យ៉ាងណា ប្រមុខរដ្ឋាភិបាល នៅតែបន្តជំរុញឲ្យប្រជាពលរដ្ឋ ចេះការពារខ្លួនឯងពីការឆ្លងវីរុស COVID-19 និងជំងឺផ្សេងៗទៀត។ 

កន្លងមក កម្ពុជា រកឃើញជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន បានផ្ទុមវីរុស COVID-19 តែត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលឲ្យជាសះស្បើយដូចដើម ហើយបានត្រឡប់ទៅប្រទេសខ្លួនវិញ។ ហើយថ្មីៗនេះ មានស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកទេសចរលើនាវា Westerdam ក៏ត្រូវបានរកឃើញថា ផ្ទុកវីរុស COVID-19 ដែរ ក្រោយចាកចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com