អន្តរជាតិ
ចិន​៖ ករណី​ឆ្លង COVID-19 នៅ​តំបន់​ផ្សេង​ក្រៅពី​ខេត្ត​ហ៊ូ​ប៉ី បន្ត​ធ្លាក់ចុះ​១៤​ថ្ងៃ​ជាប់​គ្នា​
18, Feb 2020 , 2:32 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ករណី​ឆ្លង​ជំងឺ COVID0-19 នៅ​តំបន់ និង​ខេត្ត​នានា​របស់​ចិន​ក្រៅពី​ខេត្ត​ហ៊ូ​ប៉ី បាន​បន្ត​ធ្លាក់ចុះ​ថែមទៀត​នៅ​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​។ នេះ​បើតាម​ការអះអាង​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​នៅ​ថ្ងៃទី​១៨ ខែ​ក​មុៈ្ភ​។ ខេត្ត​ហ៊ូ​ប៉ី​ដែលមាន​ទីក្រុង​វូ​ហាន​ជាទី​តាំង​ចាប់ផ្ដើម​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដំបូង​គេ នៅតែមាន​ករណី​ឆ្លង​ខ្ទង់​មួយ​ពាន់​នាក់​ក្នុង​មួយថ្ងៃ​ដដែល ស្របពេល​ចំនួន​អ្នក​ឆ្លង​នៅក្រៅ​ប្រទេស​ចិន បាន​កើនឡើង​បន្តិចបន្តួច​។​

 
​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត COVID-19 នៅ​ទូទាំងប្រទេស​ចិន ដោយ​មិន​រាប់បញ្ចូល​ខេត្ត​ហ៊ូ​ប៉ី បាន​ធ្លាក់ចុះ​ជា​លំដាប់​គិត​ចាប់ពី​ថ្ងៃទី​៣ ខែកុម្ភៈ​មក​។ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ចំនួន​ករណី​ឆ្លង​ត្រូវបាន​រាយការណ៍​ថា មាន​ចំនួន​៨៩០​ករណី​។ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ករណី​ឆ្លង​ធ្លាក់​ចុះមក​ត្រឹម​៧៩ នៅ​តំបន់​នានា ដោយ​មិន​គិត​ខេត្ត​ហ៊ូ​ប៉ី​។ នេះ​ជាការ​ធ្លាក់ចុះ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​រយៈពេល​១៤​ថ្ងៃ​ជាប់ៗ​គ្នា​។​
 
​បើតាម​ទិន្នន័យ​របស់​គណៈកម្មកា​រ​សុខាភិបាល​ជាតិចិន ចំនួន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នៅ​ទូទាំងប្រទេស​ចិន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ មាន​១៨៨៦​ករណី ហើយ​ខេត្ត​ហ៊ូ​ប៉ី​ទាំងមូល​មាន​១៨០៧​ករណី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ ដោយឡែក អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ​មាន​ចំនួន​១២,៥៥២​នាក់​។​
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឡើងដល់​នាក់​១៨៧៣​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​១០ ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ ដោយ​ខេត្ត​ហ៊ូ​ប៉ី​នៅតែមាន​កំណត់ត្រា​អ្នកស្លាប់​ច្រើន​ដដែល គឺមាន​អ្នកស្លាប់​៩៣​នាក់​បន្ថែម រីឯ​៥​នាក់​ទៀត​នៅ​ខេត្ត​ផ្សេង​របស់​ចិន​។ ក្រៅពី​ចិន​ដែល​រាប់បញ្ចូល​ទាំង​តៃវ៉ាន់ ម៉ា​កាវ និង​ហុងកុង​ផង​នោះ ករណី​ស្លាប់​កើតឡើង​នៅ​ហ្វីលីពីន បារាំង និង​ជប៉ុន​។  
 
​សិង្ហ​បុរី ជា​ប្រទេស​ឈរលើ​គេ​ក្នុង​តារាង​ប្រទេស​ឆ្លង COVID-19 បន្ទាប់ពី​ចិន ដោយមាន​ករណី​ឆ្លង​កើន​ដល់​៧៧ ។ នៅ​ជប៉ុន​វិញ ករណី​ឆ្លង​ក្នុងស្រុក​នៅ​រក្សា​លំនឹង​ដដែល គឺ​៦០ ប៉ុន្តែ​ការឆ្លង​នៅលើ​នាវា Diamond Princess បាន​ឡើងដល់​៤៥៤​ករណី​ហើយ​។ ប្រទេសមួយ​ចំនួន​ដូចជា​កូរ៉េខាងត្បូង អាមេរិក និង​កាណាដា សុទ្ធតែ​បាន​បញ្ជូន​យន្តហោះ​ទៅយក​ពលរដ្ឋ​ខ្លួន​ត្រឡប់​ទៅ​ស្រុក​វិញ​។ ពលរដ្ឋ​អាមេរិក​១៤​នាក់​ដែល​ត្រូវ​ជម្លៀស​ខ្លួន បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ 
 
​ចំណែក​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ បានប្រកាស​ពី​កណី​ឆ្លង​មួយទៀត ដែល​ចំនួន​សរុប​មាន​៣១​។ សម្រាប់​តំបន់​អាស៊ាន ថៃ​មាន​ចំនួន​៣៥​ករណី ម៉ាឡេស៊ី​មាន​២២ វៀតណាម​មាន​១៦ ហ្វីលីពីន​មាន​បី (​ស្លាប់​ម្នាក់​) ហើយ​កម្ពុ​ជាមាន​មួយ​ករណី តែ​ព្យាបាល​សះស្បើយ​។ អេ​ហ្ស៊ី​ប​ឯណោះ ជា​ប្រទេស​អាហ្វ្រិក​ទីមួយ​ដែលមាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ​៕ 

Tag:
 ចិន​
  COVID-19
  ហ៊ូ​ប៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com