អន្តរជាតិ
ចិន ត្រៀមជួយជប៉ុនដែលប្រឈមមុខការកើនឡើងករណី COVID-19 នាវាកម្សាន្ត Diamond Princess ដែលមានករណីឆ្លង COVID-19 ចំនួន៤៥៤។ រូបភាព Xinhua
× នៅថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងការបរទេសចិន ប្រកាសថា ចិនត្រៀមខ្លួនជួយជប៉ុនទៅតាមតម្រូវការក្នុងការទប់ស្កាត់ជំងឺបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ដែលបច្ចុប្បន្ននេះ កំពុងមានករណីឆ្លងយ៉ាងច្រើននៅលើនាវាមួយនៅកំពង់ផែយូកូហាម៉ា។ ការប្រកាសនេះធ្វើឡើយក្រោយអ្នកជំនាញអះអាងថា ស្ថានភាពវីរុសនេះនៅជប៉ុន ស្ថិតនៅដំណាក់កាលដំបូងនៃការរាតត្បាត ដែលការណ៍នេះនឹងឲ្យពិបាកដល់ការគ្រប់គ្រង។
ចិន កំពុងតាមដានយ៉ាងដិតដល់ការវិវត្តនៅជប៉ុន។ នេះជាការលើកឡើងរបស់លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី១៧ ខែកុម្ភៈ ពាក់ព័ន្ធស្ថានការណ៍ជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ។
នៅជប៉ុនផ្ទាល់ ករណីឆ្លងវីរុសប្រភេទថ្មីមានចំនួន៦០ ដែលក្នុងនោះមានករណីស្លាប់មួយ។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរនោះ គឺករណីឆ្លងលើនាវាកម្សាន្ត Diamond Princess ដែលមកទល់ពេលនេះមានចំនួន៤៥៤ករណីទៅហើយ ហើយគេរំពឹងថា ករណីឆ្លងអាចបន្តកើនឡើងទៀត។ អ្នកជំនាញមួយក្រុមបញ្ជាក់ថា ស្ថានភាព COVID-19 នៅជប៉ុន នៅតែស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ដែលវាធ្វើឲ្យមានបញ្ហាក្នុងការគ្រប់គ្រងការរាលដាលរបស់វីរុស។
ទាក់ទងបញ្ហានេះ លោក Geng Shuang អះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសរវាងប្រទេសជិតខាង គឺសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហានេះ ហើយចិន នឹងបង្កើនការសហការជាមួយជប៉ុនដើម្បីទប់ស្កាត់ការរាលដាល។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៧ ខែកុម្ភៈ អ្នកនាំពាក្យរូបនេះ ក៏បង្ហាញការដឹងគុណរបស់ចិនទៅនឹងការលើកទឹកចិត្ត និងជំនួយរបស់ជប៉ុនដែលផ្ដល់ឲ្យចិននាពេលកន្លងមក ហើយចិនមិនភ្លេចគុណនេះឡើយ។
«ស្ថានការណ៍នៅចិន នៅតែធ្ងន់ធ្ងរនៅឡើយ។ ទន្ទឹមនឹងការព្យាយាមដោះស្រាយបញ្ហាខ្លួនឯង ចិនត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកព័ត៌មាន និងបទពិសោធជាមួយជប៉ុន និងជួយជប៉ុនឲ្យអស់ពីសមត្ថភាពតាមតែជប៉ុនត្រូវការ។» នេះជាការបញ្ជាក់របស់លោក Geng Shuang ដែលបានបន្តថា កិច្ចសហប្រតិបត្តិការពិសេសមួយរវាងក្រុងប៉េកាំង និងក្រុងតូក្យូលើជំងឺ COVID-19 នេះ កំពុងតែត្រូវបានរៀបចំហើយដែរ។
ជាមួយគ្នានេះ ចិននឹងបន្តទំនាក់ទំនង និងការសម្របសម្រួលជាមួយជប៉ុនទៀតលើការងារគ្រប់គ្រងការរាលដាលដើម្បីការពារសុខភាព និងសុវត្ថិភាពប្រជាជន ក៏ដូចជាលើកកម្ពស់សន្តិសុខផ្នែកសុខាភិបាលតំបន់ និងសាកលលោកផងដែរ។ នេះបើតាមអ្នកនាំពាក្យដដែល៕
Tag:
ចិន
ជប៉ុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com