ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា បើទោះបីជាគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា លើកកម្ពស់លក្ខខណ្ឌការងារ និងគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ យ៉ាងណា មេសហជីព មើលឃើញថា បើសំណុំរឿង EBA ចូលជាធរមាន កម្ពុជានឹងរងផលប៉ះពាលលើការប្រកួតប្រជែងក្នុងការនាំចេញ និងប៉ះពាល់ដល់កម្លាំងកម្មករជាង៣ម៉ឺននាក់។ លើសពីនេះ អ្នកបញ្ជាទិញធំៗ ក៏ពិចារណាលើបញ្ហានេះដែរ ព្រោះរងផលប៉ះពាល់បន្តបន្ទាប់គ្នា ដោយសារការសម្រេចដកផ្នែកខ្លះនៃការអនុគ្រោះពន្ធរបស់អឺរ៉ុប។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ បានអះអាងថា កម្ពុជាមិនមែនជាប្រទេសអាក្រក់ដូចដែលគេបានចោទនោះទេ។ លោក បញ្ជាក់ថា កម្ពុជាតែងតែប្រៀបធៀបខ្លួនឯង ជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សី។ លោក បន្តថា កម្ពុជាអនុវត្តបានល្អ ក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។
លោក ហេង សួរ បានលើកឡើងថា៖«នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA មិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឲ្យអង្គការវិជ្ជាជីវៈនោះទេ។ ប៉ុន្តែដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវឲ្យកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ»។
ជាមួយគ្នាដែរ អ្នកនាំពាក្យក្រសួងការងារ បន្ថែមថា កម្ពុជាបានត្រៀមអ្វីៗជាកញ្ចប់រួចហើយ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌នេះរបស់គណៈកម្មការអឺរ៉ុប។ លោក សង្កត់ធ្ងន់ថា៖«ទោះបីជាមាន ឬគ្មាន EBA រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសេរីភាពរបស់កម្មករនិយោជិត គឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ»។
សំណុំរឿង EBA នេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ កាលពីថ្ងៃទី១៤ កុម្ភៈថា បើទោះបីមិនទាន់ចូលជាធរមាន ប៉ុន្តែការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលសម្រេចយកពន្ធ២០ភាគរយ លើមុខទំនិញប្រមាណ៤០ប្រភេទនេះ គឺបង្ហាញពីការផលប៉ះពាល់ លើមុខមាត់កម្ពុជារួចទៅហើយ លើឆាកអន្តរជាតិ។ លើសពីនេះ វា នឹងបះពាល់ដល់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេសគឺប្រទេសវៀតណាម។
លោក ប៉ាវ ស៊ីណា មើលឃើញថា ភាគីកម្ពុជា-អឺរ៉ុប ហាក់បីដូចនៅតែចង់បន្តពិភាក្សាគ្នា លើការពង្រីកទំនាក់ទំនងនិងការធ្វើពាណិជ្ជកម្មជាមួយគ្នា។ លោក យល់ថា មុនសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ចូលជាធរមាន គឺជាឱកាសល្អរបស់កម្ពុជា កែប្រែរាល់ចំណុចដែលមិនទាន់ល្អ ឲ្យប្រសើរឡើងវិញ។ លោក និយាយថា ប្រសិនបើសំណុំរឿងEBA ចូលជាធរមាន នឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកប្រាក់ប្រមាណ១០០លានក្នុងមួយឆ្នាំ ពីការយកពន្ធ២០ភាគរយៈនេះ និងការបាត់បង់កម្លាំងការងាររបស់ពលរដ្ឋកម្ពុជាជាង៣ម៉ឺននាក់។
ទន្ទឹមនឹងនេះ មេសហជីពរូបនេះ អះអាងថា អ្នកបញ្ជាទិញធំៗ ក៏មានសិទ្ធិរួមចំណែកក្នុងការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កែតម្រូវពីបញ្ហាដែលគណៈកម្មការអឺរ៉ុបរកឃើញដែរ។ លោក បានពន្យល់ថា៖«ប្រសិនមិនកែតម្រូវទេ ពួកហ្នឹង (អ្នកបញ្ជាទិញ) ក៏យល់ថា កំពុងតែរួមចំណែករកស៊ីនៅស្រុកយើង វាក៏រួមចំណែកក្នុងការរំលោភសិទ្ធិការងារកម្មរនៅកម្ពុជាដែរ។ នេះជាការធ្វើឲ្យបាត់មុខមាត់ របស់ក្រុមហ៊ុនធំៗដូចគ្នា ដូច្នេះវារងផលប៉ះពាល់បន្តបន្ទាប់ ប្រសិនបើមានការព្យួរ EBA មែន»។
មេសហជីពដដែល យល់ថា ពាក់ព័ន្ធនឹងគម្រោងធ្វើវិសោធកម្មច្បាប់ការងាររបស់រដ្ឋាភិបាល ដែលកាត់ប្រាក់វេនយប់ស្មើវេនថ្ងៃ និងការបញ្ឈប់លើកថ្ងៃឈប់សម្រាកបុណ្យជាតិចំថ្ងៃសៅរ៍-អាទិត្យទៅថ្ងៃចន្ទឬអង្គារ គឺជាសេនារីយោមួយ ក្រោយកម្ពុជាគ្មានEBA ដើម្បីទាក់ទាញការវិនិយោគ៕