អន្តរជាតិ
កូរ៉េខាងត្បូង យក​យន្តហោះ​ប្រធានាធិបតី​ទៅ​ដឹក​ពលរដ្ឋ​ចេញពី​នាវា Diamond Princess នៅ​ជប៉ុន
18, Feb 2020 , 4:35 pm        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Kyodo
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Kyodo
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ប្រើប្រាស់​យន្តហោះ​ប្រធានាធិបតី​ដើម្បី​ជម្លៀស​មនុស្ស​ចំនួន ៥​នាក់​ចេញពី​នាវា Diamond Princess ដែល​ចត​នៅ​កំពង់ផែ Yokohama ប្រទេស​ជប៉ុន​។ នៅក្នុង​ស្រុក​វិញ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បន្ត​រកឃើញ​ករណី​ឆ្លង COVID-19 មួយទៀត​។


 
​បន្ទាប់ពី​អាមេរិក កូរ៉េខាងត្បូង បើក​ប្រតិបត្តិការ​របស់ខ្លួន​ដើម្បី​ជម្លៀស​មនុស្ស ៥​នាក់​ចេញពី Diamond Princess នៅ​ជប៉ុន​ម្តង​។ បើតាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅក្នុង​នាវា​ទេសចរណ៍​នេះ មាន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ១៤​នាក់​ឯណោះ ប៉ុន្តែ​អ្នក​ទាំងនោះ មិនបាន​ឆ្លង COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ឡើយ​។ ក្នុង​ចំនួន​១៤​នាក់​នេះ មានដំណើរ ៩​នាក់ និង​កង​នាវិក ៥​នាក់​។ 
 
​យ៉ាងណាក៏ដោយ មានតែ​៥​នាក់​ប៉ុ​ណ្ណោះ នឹងត្រូវ​បាន​គេ​ជម្លៀស​តាម​យន្តហោះ​ប្រធានាធិបតី ខណៈពេល ៩​នាក់​ទៀត បន្ត​ស្នាក់​នៅលើ​នាវា​។ សម្រាប់​អ្នក​ទាំង​៥​នេះ នឹងត្រូវ​គេ​ដា​ក់នៅ​មជ្ឈមណ្ឌល​ច​ក្តា​ឡី​ស័ក​មួយកន្លែង នាអាកាស​យានដ្ឋាន​អន្តរជាតិ Incheon រយៈពេល ១៤​ថ្ងៃ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង Kim Gang-lip នា​ស​ន្និ​សីទកាសែត នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ 
 
​ប្រសិន​គ្មានអ្វី​ប្រែប្រួល​ទេ យន្តហោះ​ប្រធានាធិបតី​មួយ​នេះ នឹង​មកដល់​កូរ៉េខាងត្បូង​វិញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ​។​
 
​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូរ៉េខាងត្បូង ក៏បាន​រកឃើញ COVID-19 មួយ​ករណី​ទៀត​ផងដែរ​នៅក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ករណី​ទី ៣១​។ ករណី​ចុង​ក្រោយនេះ គឺជា​ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង វ័យ​៦១​ឆ្នាំ ដែល​រស់នៅក្នុង​ក្រុង Daegu ខេត្ត North Gyeongsang និង​មិនបាន​ទៅ​បរទេស​ឡើយ ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ព្រួយបារម្ភ​ជាខ្លាំង​ពី​ករណី​ឆ្លង​ដោយ​មិនដឹង​ពី​ប្រភព​ច្បាស់លាស់ និង​អាច​រីក​រាលដាល​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា មនុស្ស​ចំនួន ៩៥៧​នាក់ នៅក្នុង​កូរ៉េខាងត្បូង ត្រូវបាន​គេ​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​ច​ក្តា​ឡី​ស័ក ដើម្បី​តាមដាន​ស្ថានភាព​សុខភាព ខណៈពេល​អ្នកជំងឺ COVID-19 ១០​នាក់ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ករណី​ឆ្លង​សរុប​នៅ​កូរ៉េខាងត្បូង​មាន​៣១៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com