អន្តរជាតិ
COVID-19៖ ជប៉ុន​នឹង​សាក​តាម​វិធី​ព្យាបាល​ហ៊ី​វ ខណៈ​ចិន​ប្រើ​ប្លា​ស្មា​ពី​អ្នក​សះស្បើយ​
18, Feb 2020 , 9:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ជប៉ុន រៀបចំ​ផ្ដើម​បើក​ការសាកល្បង​ឆាប់ៗ​នេះ ដោយ​ប្រើប្រាស់​ការព្យាបាល​វីរុស​ហ៊ី​វ (HIV) ដែល​បង្ក​ជា​ជំងឺអេដស៍ (AIDS) សម្រាប់​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជប៉ុន បញ្ជាក់​បែបនេះ​។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ​ក្នុង​ក្រុង​សៀង​ហៃ កំពុង​ប្រើការ​បូម​ប្លា​ស្មា (Blood Plasma) ពី​មនុស្ស​ដែលជា​សះស្បើយ​ពី​កូ​រ៉ូ​ណាវី​រុស (COVID-19) ដើម្បី​ព្យាបាល​អ្នក​ដែល​ឆ្លង​ថ្មី​។ វិធីសាស្ត្រ​នេះ ក៏​ទទួលបាន​គាំទ្រ​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​ថែមទៀត​ផង​។

 
«​បច្ចុប្បន្ន យើង កំពុង​ត្រៀមលក្ខណៈ​ចាប់ផ្តើម​ការសាកល្បង​វេជ្ជសាស្ត្រ ដោយ​ប្រើការ​ថ្នាំ​ព្យាបាល​វីរុស HIV (Human Immunodeficiency Virus)  លើ​ណូ​វែ​ល​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ COVID-19»​។ លោក Yoshihide Suga លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លើកឡើង​បែបនេះ នា​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ នៅ​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យ៉ាងណាមិញ លោក អះអាងថា លោក​ពុំ​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា តើ​រយៈពេល​ប៉ុន្មាន​ឡើយ​ដែល​ត្រូវការ​សម្រាប់​ថ្នាំ​ថ្មី​នេះ ទទួលបាន​ការអនុញ្ញាត​។ គិត​ត្រឹម​ពេលនេះ ជប៉ុន មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ៥០០ នាក់​ហើយ ដែល​ក្នុងនោះ​ជាង ៤៥០​នាក់​មកពី​នាវា​ទេសចរណ៍ Diamond Princess ដែល​ចត​នៅ​ផែ Yokohama ។​
 
​ចំណែក​ចិន​ឯណោះ​វិញ ក្រុមគ្រូពេទ្យ​ក្នុង​ក្រុង សៀង​ហៃ កំពុង​ប្រើការ​បូម​ប្លា​ស្មា (Blood Plasma) ពី​មនុស្ស​ដែលជា​សះស្បើយ​ពី​កូ​រ៉ូ​ណាវី​រុស (COVID-19) ដើម្បី​ព្យាបាល​អ្នក​ដែល​ឆ្លង​ថ្មី​។ លោក​វេជ្ជបណ្ឌិត Lu Hongzhou សាស្ត្រាចារ្យ និង​សហ​នាយក​នៃ​មជ្ឈមណ្ឌល​គ្លីនិក​សុខភាព​សាធារណៈ​សៀង​ហៃ បញ្ជាក់ប្រាប់ Reuters ដោយ​បន្ថែមថា ក្រុមគ្រូពេទ្យ បង្ហើប​ពី​លទ្ធផល​បឋម​ល្អ​មួយចំនួន​ពី​ការធ្វើ​តេស្ត​នេះ​។ 
 
​បើតាម​លោក​វេជ្ជបណ្ឌិត Lu មន្ទីរពេទ្យ​លោក បាន​បង្កើត​គ្លីនិក​ពិ​សេសមួយ​ដើម្បី​អនុវត្ត​ការព្យាបាល​តាមបែប​ប្លា​ស្មា ហើយ​បានជ្រើសរើស​អ្នកជំងឺ​ជាសះស្បើយ​រួច ដែល​ស្ម័គ្រចិត្ត​បរិច្ចាគ​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា​៖«​យើង​មាន​ទំនុកចិត្ត​ថា វិធីសាស្ត្រ​បែបនេះ អាចមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​អ្នកជំងឺ (COVID-19) យើង​»​។​
 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​អាសន្ន​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​លើកឡើងថា ការប្រើ​ប្លា​ស្មា​ដែល​យក​ចេញពី​អ្នកជា​សះស្បើយ​ពី​ជំងឺ COVID-19 គឺជា​វិធីសាស្ត្រ​ដែល​យក​ជា​សាច់​ការ​បាន​មួយ​ដើម្បី​ធ្វើតេស្ត​។ ប៉ុន្តែ លោក អះអាងថា គេ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ពេលវេលា​ត្រឹមត្រូវ​ក្នុងការ​បង្កើន​សន្ទុះ​ខ្លាំង​បំផុត​លើ​ភាពស៊ាំ​របស់​អ្នកជំងឺ​។​
 
​ទន្ទឹមនឹង​ការប្រើ​ការព្យាបាល​ដោយ​ប្រើ​ប្លា​ស្មា ថ្នាំបុរាណ​ចិន (TCM) ត្រូវបាន​ប្រើប្រាស់​លើ​ការព្យាបាល​អ្នកជំងឺ​ជាង​៦០០០០​នាក់ ឬ​៨៥,២​ភាគរយ​នៃ​ចំនួន​សរុប​នៃ​អ្នក​កើត​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ មន្ត្រី​សុខាភិបាល​ចិន បាន​អះអាង​ពី​ប្រសិទ្ធភាព​លើ​ការព្យាបាល​។ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្រុម​អ្នកជំនាញ​ចិន ក៏បាន​លើកឡើង​ពី​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ Chloroquine Phosphate ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua៕

Tag:
 ជប៉ុន​
  ចិន​
  HIV
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com