សៀមរាប៖ បរិបទនៃការហូបបន្លែសុវត្ថិភាពកាន់តែផុសផុលឡើងក្នុងសង្គមបច្ចុប្បន្ន ដ្បិតប្រជាពលរដ្ឋមានការយល់ដឹងពីអត្ថប្រយោជន៍នៃសុខភាពកាន់តែច្រើន។ នៅខេត្តសៀមរាប ទីផ្សារបន្លែសុវត្ថិភាពដែលដាំដោយកសិករខ្មែរ ហាក់មានសន្ទុះកើនឡើងខ្លាំង ដោយមានការបង្កើតសហគមន៍ និងទីផ្សារសម្រាប់លក់បន្លែសុវត្ថិភាពនេះច្រើកន្លែង។ អតិថិជនអ្នកហូបបន្លែសុវត្ថិភាពប្រាប់ថា ពួកគេជ្រើសរើសហូបបន្លែនេះដោយសារមានទំនុកចិត្ត ដោយមិនបារម្ភពីបញ្ហាសុខភាពឡើយ បើទោះបីបន្លែសុវត្ថិភាពមានតម្លៃថ្លៃជាបន្លែធម្មតាក៏ដោយ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ៖
សន្ទុះនៃការគាំទ្របន្លែសុវត្ថិភាព កាន់តែច្រើនឡើងនៅទីផ្សារក្នុងក្រុងសៀមរាប។ ផ្សារសហគមន៍ក៏ត្រូវបានបង្កើតឡើងច្រើនកន្លែង ក្នុងន័យផ្តល់តម្រូវការដល់អ្នកបរិភោគ អ្នកគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាលើកកម្ពស់បន្ថែដែលដាំដោយកសិករខ្មែរ។ ផ្សារកសិករដែលគេដឹងថា បើកឡើងដើម្បីគាំទ្របន្លែកសិករខ្មែរ រួមមានផ្សារសៅរ៍អាទិត្យ នៅសួនច្បារព្រះរាជដំណាក់, ផ្សារឃីងរ៉ូដ, ផ្សារមុខសាលារៀនហ្គោក្លូប៊ល និងនៅតាមផ្សារទំនើបមួយចំនួនទៀតដែលគាំទ្រផលិតផលកសិករខ្មែរ។
នៅចុងសប្ដាហ៍កន្លងទៅ អង្គការ ហ្រេ្គត បានរៀបចំទិវាអ្នកប្រើប្រាស់បន្លែសុវត្ថិភាពនៅស្រុកសូទ្រនិគម ដែលមានការចូលរួមពីប្រជាពលរដ្ឋដែលនិយមហូបបន្លែសុវត្ថិភាព និងកសិករអ្នកដាំ។ ទិវានេះ ក៏បង្ហាញពីការផ្សារភ្ជាប់រវាងអ្នកដាំ និងអ្នកទិញឱ្យស្វែងយល់ពីគ្នាទៅវិញទៅមក។
ប្រធានគម្រោងអង្គការ ហ្គ្រេត ប្រចាំខេត្តសៀមរាប លោក ទូច សុខារិទ្ធ មានប្រសាសន៍ថា អង្គការរបស់លោកបានជួយជ្រោមជ្រែងបង្កើតសហគមន៍អ្នកដាំបន្លែសុវត្ថិភាពនៅក្នុងស្រុក សូទ្រនិគមនេះឡើងដើម្បីជំរុញឱ្យកសិករដាំបន្លែយកទៅលក់នៅទីផ្សារក្នុងក្រុងសៀមរាប។ ទិវាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព គឺចង់នាំអ្នកលក់និងអ្នកទិញឱ្យស្គាល់គ្នា ស្វែងយល់ពីបច្ចេកទេសនៃការដាំដុះ ថាតើបន្លែដែលកសិករនាំទៅលក់នោះ ពិតជាសុវត្ថិភាពមែនឬយ៉ាងណា។
តាមរយៈគម្រោងរបស់អង្គការ ហ្គ្រេត នេះដែរ លោក សុខារិទ្ធ ពន្យល់ថា អង្គការរបស់លោកមានបំណងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ពិសេសចង់ឱ្យពលរដ្ឋខ្មែរជួយគាំទ្រផលិតផលក្នុងស្រុកដែលដាំដោយកសិករខ្មែរ។ លោក សុខារិទ្ធ បន្ថែមថា គម្រោងនេះក៏ចង់ឱ្យកសិករងាកមកដាំដុះបន្លែសុវត្ថិភាព មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានកាន់តែច្រើន ដែលការដាំបន្លែប្រភេទនេះមានតម្លៃទីផ្សារខ្ពស់ ថែមទាំងមិនប៉ះពាល់ដល់សុខភាពអ្នកដាំនិងអ្នកហូប។
អ្នកស្រី ថៃ សូដា ជាអ្នកដាំបន្លែ និងជាអនុប្រធានសហគមន៍អ្នកដាំបន្លែសុវត្ថិភាពភូមិជ្រៃខាងជើង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា អ្នកភូមិនៅទីនេះបានដាំបន្ថែសុវត្ថិភាពប្រមាណ៦ឆ្នាំមកហើយ និងទើបចងក្រងជាសហគមន៍រយៈពេលមួយឆ្នាំនេះតែប៉ុណ្ណោះ។ កសិកររូបនេះពន្យល់ថា ការចងក្រងជាសហគមន៍បានផ្តល់អត្ថប្រយោជន៍ច្រើន ពិសេសគឺទាក់ទងនឹងតម្លៃ។ តម្លៃនៃបន្លែសុវត្ថិភាពសម្រាប់សហគមន៍គឺលក់បានថ្លៃជាងផលិតផលដែលកសិករធម្មតាដាំដុះ និងទីផ្សារទូលំទូលាយជាង។ អ្នកស្រី សូដា បន្ថែមថា បច្ចុប្បន្នបន្លែសុវត្ថិភាពរបស់សហគមន៍អ្នកស្រី មានទីផ្សារធំៗជាប្រចាំថ្ងៃចំនួន៤ និងសម្រាប់ផ្គត់ផ្គង់ផ្សារសៅរ៍អាទិត្យចំនួនមួយ។
អ្នកស្រី អៀង ស៊ីវងីន អ្នកបរិភោគបន្លែសុវត្ថិភាពដែលបានចូលរួមក្នុងទិវាខាងលើបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមគាំទ្របន្លែកសិករស្រុកសូទ្រនិគមនេះរយៈពេលជាង៦ខែមកហើយ និងបានចាប់ចិត្តហូបបន្លែនេះរហូតមកមិនដែលខានឡើយ។ អ្នកស្រីតែងទិញបន្លែទាំងនោះនៅផ្សារថ្ងៃសៅរ៍អាទិត្យ ដែលស្ថិតនៅស្ដង់មុខមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍លើសួនច្បារព្រះរាជដំណាក់ និងទុកបរិភោគពេញមួយសប្ដាហ៍។ អ្នកស្រីប្រាប់ថា ហេតុផលដែលអ្នកស្រីជ្រើសរើសបន្លែទាំងនេះសម្រាប់គ្រួសារអ្នកស្រី គឺដោយសារហេតុផល៣យ៉ាង ទី១ទំនុកចិត្ត ទី២ គុណភាព និងទី៣ គឺសុវត្ថិភាព។
ជាអ្នកគាំទ្រមួយរូប អ្នកស្រី ស៊ីវងីន ប្រាប់ថាហេតុផលដែលអ្នកស្រីមកចូលរួមទិវាអ្នកបរិភោគបន្លែសុវត្ថិភាព ក៏ព្រោះថាចង់ដឹងពីការដាំដុះបែបសុវត្ថិភាព។ ក្នុងនោះ អ្នកស្រីក៏ចង់ដឹងពីការដាំដុះបន្លែតាមគោលការណ៍ធម្មជាតិ និងសរីរាង្គ ដោយមានការពន្យល់និងបង្ហាញដោយអ្នកជំនាញផ្នែកកសិកម្មផងដែរ។
ក្រៅពីចែករំលែកបទពិសោធន៍នៃអត្ថប្រយោជន៍ក្នុងការបរិភោគបន្លែសុវត្ថិភាពថាមានគុណប្រយោជន៍ល្អដល់សុខភាពហើយនោះ អ្នកស្រី ស៊ីវងីន ក៏នឹងផ្សព្វផ្សាយ ណែនាំឱ្យមិត្តភក្ដិ និងប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្របន្លែរបស់កសិករខ្មែរ។ អ្នកស្រីថា បន្លែដែលដាំដោយកសិករខ្មែរគឺមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព ហើយអ្នកស្រីមិនធ្លាប់មានអាការៈឈឺរាគរួសឡើយ។
សម្រាប់អ្នកស្រី សូដា ការគាំទ្របន្លែរបស់កសិករ គឺស្មើនឹងរួមចំណែកជួយកសិករកុំឱ្យចំណាកស្រុក និងមានចំណូលសមរម្យក្នុងគ្រួសារ ពិសេសជួយដល់ការរៀនសូត្រដល់កូនៗរបស់កសិករក្នុងសហគមន៍អ្នកស្រីដូច្នោះដែរ។
ចំណែកលោក សុខារិទ្ធ ក៏ចង់ឃើញពលរដ្ឋគាំទ្រផលិតផលរបស់កសិករខ្មែរ ដ្បិតថាពេលខ្លះកសិករមិនមានលទ្ធភាពផលិតពេញមួយឆ្នាំក៏ពិតមែន ព្រោះថាពួកគេកំពុងចាប់ផ្តើមផលិតបន្លែដែលមានគុណភាព និងសុវតិ្ថភាពសម្រាប់អ្នកហូប។ លោក សុខារិទ្ធ ចង់ឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលរបស់កសិករដែលមានប្រភពជាក់លាក់ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន៕