កីឡាជាតិ
ជាតិ
ក្រោយស្មើនៅដីថាយហ្គឺ ថ្នាក់ដឹកនាំបឹងកេត វាយតម្លៃថា លីគឆ្នាំនេះ មានការប្រកួតប្រជែងខ្លាំងជាងមុន លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងស្វាមី, រូបភាពពីក្លិបបឹងកេត
× លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំក្លិបឈានទៅរកភាពជោគជ័យនៅឆ្នាំនេះ។ ការបង្ហាញការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្រោយក្លិបបឹងកេតទទួលបាន១ពិន្ទុពីការប្រកួតក្រៅទឹកដីជាមួយក្លិបអង្គរថាយហ្គឺរកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នាកីឡដ្ឋាន S.R.U។ លោកស្រី ក៏បានអរគុណដល់អ្នកគាំទ្រផងដែរ។
ទោះបីក្រុមបឹងកេតទទួលបានលទ្ធផលមិនសូវល្អពីការប្រកួតបើកឆាកជាមួយអង្គរថាយហ្គឺរ នាពានរង្វាន់ខេមបូឌានលីគសប្តាហ៍ទី១ក៏ដោយ តែប្រធានក្លិបលោកស្រី ពុធ ធីតា នៅតែមានការជឿជាក់ខ្ពស់ក្នុងការប្រជែងដណ្តើមជើងឯកនៅឆ្នាំនេះ។ លោកស្រី ក៏បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំក្លិបឈានទៅរកភាពជោគជ័យនៅឆ្នាំនេះផងដែរ។
«យើងនឹងកាន់ដៃគ្នាឆ្ពោះទៅមុខជាមួយគ្នា ដើម្បីប្រជែងយកពានសម្រាប់ឆ្នាំ២០២០ នេះ ឲ្យខាងតែបាន សូមអ្នកទាំងអស់គ្នាត្រូវដឹងថា យើងជាគ្រួសារតែមួយ»។ លោកស្រី ពុធ ធីតា បានសរសេរសារបែបនេះនៅលើទំព័រហ្វេសប៊ុកខ្លួន ហើយឆ្លៀតអរគុណចំពោះការខិតខំរបស់កីឡាករ គ្រូបង្វឹក និងក្រុមការងារ ពិសេសការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រ។
មិនខុសគ្នាពីលោកស្រី ពុធ ធីតា នោះទេ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត ក៏បានបង្ហាញជំនឿស្រដៀងគ្នាផងដែរ។ អ្នកចាត់ការរូបនេះរំពឹងថា ការរឹតបន្តឹងការផ្លាស់ប្តូរ និងការនាំចូលកីឡាករបរទេស នឹងជួយស្តារស្ថានការណ៍ក្រុមឲ្យកាន់តែល្អប្រសើរ បន្ទាប់ពីពួកគេខកខានឱកាសក្នុងការគ្រងជើងឯកអស់រយៈពេល២ឆ្នាំជាប់គ្នា។ លោកក៏សង្ឃឹមផងដែរថា ក្លិបបឹងកេតដែលម្ចាស់ជើងឯកពីរសម័យកាលជាប់គ្នានៅឆ្នាំ២០១៦និង២០១៧ នឹងអាចគ្រងជើងឯកសាជាថ្មីនៅឆ្នាំនេះ។
កីឡាករ ម៉ាត់ នូរុណ (ឆ្វេងទី២)អបអរសាទរក្រោយរកគ្រាប់បាល់១គ្រាប់ឲ្យបឹងកេត, រូបភាពពី CNCC
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងទៅលោក បែ មករា បាននិយាយថា៖«ដោយសារលទ្ធផលពីរឆ្នាំកន្លងមកយើងមិនទទួលបានជើងឯក ដូច្នេះឆ្នាំនេះយើងត្រូវរឹតបន្តឹងបន្តិចក្នុងការជ្រើសរើសកីឡាករបរទេស អ៊ីចឹងយើងមានការផ្លាស់ប្តូរកីឡាករបរទេសមួយចំនួន និងយកមកថ្មី។ យើងដឹងហើយថា ការយកកីឡាករពេលខ្លះត្រូវពេលខ្លះខុស ជាហេតុធ្វើឲ្យយើងត្រូវរឹតត្បិត និងប្រយ័ត្នប្រយែងក្នុងការរើសកីឡាករឲ្យមានគុណភាព»។
តែយ៉ាងណាអ្នកចាត់ការទូទៅរូបនេះ ជឿជាក់ថា ពានរង្វាន់លីគកំពូលឆ្នាំនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗ ដ្បិតក្រុមនីមួយៗ ពិសេសព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន ណាហ្គាវើល និងអង្គរថាយហ្គឺរជាដើម សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រជែងដណ្តើមជើងឯកនៅឆ្នាំនេះ។
សម្រាប់ការប្រកួតបើកឆាករបស់ខ្លួនកាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋាន S.R.U ក្រុមបឹងកេតបានចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមអង្គរថាយហ្គឺរ ក្រោយចប់ការប្រកួតជាមួយលទ្ធផលស្មើ ១-១។ ខ្សែប្រយុទ្ធជនជាតិជប៉ុន Yudai Ogawa ជាអ្នករកគ្រាប់នាំមុខ ១-០ ឲ្យអង្គរថាយហ្គឺរ មុនកីឡាករ ម៉ាត់ នូរុណ រកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់បឹងកេត៕
Tag:
បាល់ទាត់
បឹងកេត
ពុធ ធីតា
© រក្សាសិទ្ធិដោយ thmeythmey.com