អន្តរជាតិ
សិង្ហបុរីបញ្ចេញលុយជាង១ពាន់លានដុល្លារជួយពលរដ្ឋលើការចំណាយប្រចាំថ្ងៃ លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat ថ្លែងសុន្ទរកថាស្តីពីកញ្ចប់ថវិកា២០២០ ក្នុងសភា នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ (CNA)
× ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Heng Swee Keat បានប្រកាសនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈពីកញ្ចប់ថវិកាជាង១,១៤៨ពាន់លានដុល្លារ (Care and Support Package) សម្រាប់ពលរដ្ឋសិង្ហបុរី។ តាមទូរទស្សន៍ក្នុងស្រុក លោក Heng បញ្ជាក់ថា គោលដៅនៃកញ្ចប់ថវិកានេះគឺដើម្បីជួយប្រជាជនសិង្ហបុរីជាមួយការចំណាយពួកគេ អំឡុងពេលដែលមិនច្បាស់លាស់នេះ។
«ឆ្នាំនេះ ជាមួយការថមថយកម្លាំងសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ដែលបង្កឡើងដោយការរាលដាលជំងឺផ្លូវដង្ហើម COVID-19 យើងដឹងច្បាស់ថា ក្រុមគ្រួសារសិង្ហបុរីជាច្រើន កំពុងប្រឈមមុខនឹងសម្ពាធដ៏ធំធេង»។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Heng Swee Keat បញ្ជាក់បែបនេះក្នុងសុន្ទរកថាកញ្ចប់ថវិកាជាតិឆ្នាំ២០២០ ដោយបន្ថែមថា ប្រជាជនសិង្ហបុរីជាច្រើន តែងលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងសន្តិសុខការងារ និងកំណើនការចាយវាយ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ការបែងចែកថវិកា គឺធ្វើឡើងតាមអាយុ។ ប្រជាជានសិង្ហបុរីទាំងអស់ដែលមានអាយុចាប់ពី២១ ឡើងទៅ ក្នុងឆ្នាំ២០២០នេះ នឹងទទួលការប្រាក់ ២១៥ ដុល្លារ , ១៤៣ដុល្លារ ឬ ៧១ដុល្លារ ដោយអាស្រ័យលើប្រាក់ចំណូលពួកគេ។
ការចែកប្រាក់ ក៏នឹងត្រូវប្រគល់ជូនដល់ក្រុមគ្រួសារដែលមានកូនតូចៗ និងឪពុកម្តាយចាស់ជរាផងដែរ។ ចំណែកឯ ប្រជាជនសិង្ហបុរី ដែលមានកូនអាយុ ២០ ឆ្នាំ ចុះក្រោម នឹងទទួលលុយ ៧១ដុល្លារមួយផ្សេងទៀត ខណៈប្រជាជនសិង្ហបុរីអាយុ ៥០ ឡើងទៅ នឹងទទួលបានលុយ ៧១ដុល្លារ។
តាម Channel New Asia លោកឧបនាយករដ្ឋមន្ត្រី Heng អះអាងថា ប្រជាជនសិង្ហបុរីដែលមានប្រាក់ចំណូលទាប នឹងទទួលបានជំនួយច្រើនពីរដ្ឋាភិបាលសម្រាប់ការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ ម្យ៉ាងវិញទៀត បើតាមលោក Heng បណ្ណគ្រឿងទេសតម្លៃ៧១ដុល្លារ ក៏នឹងត្រូវចែកជូនប្រជាជនសិង្ហបុរីដែលត្រូវការចាំបាច់ ទាំងក្នុងឆ្នាំ២០២០ និង២០២១ ក្នុងគោលដៅប្រើនៅហាងទំនិញធំៗ។ ត្រង់ចំណុចនេះ លោកអះអាងថា ការជួយដោយផ្ទាល់បែបនេះ គឺសម្រាប់ក្រុមគ្រួសារខ្វះខាតរបស់ដ៏សំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃពួកគេ ដែលគឺជាម្ហូបអាហារ។
សូមបញ្ជាក់ថា បច្ចុប្បន្ន សិង្ហបុរី បានរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើម COVID-19 ចំនួន ៧៧ នាក់ហើយ ដែលក្នុងនោះ មនុស្ស ២៤ នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ទារកអាយុ១ឆ្នាំម្នាក់ គឺជាអ្នកជំងឺក្មេងបំផុតរបស់សិង្ហបុរី៕
Tag:
សិង្ហបុរី
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com