ជាតិ
សេដ្ឋកិច្ច
សមាគមស្បែកជើង វាយតម្លៃថា កម្មកររាប់ម៉ឺននាក់ នឹងត្រឡប់ទៅរកភាពក្រីក្រ ដោយសារបាត់ផ្នែកខ្លះនៃ EBA
18, Feb 2020 , 11:00 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Mahachak Development Co.,LTD
រូបពីទំព័រហ្វេសប៊ុក Mahachak Development Co.,LTD
សមាគមស្បែកជើងកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្ហាញពីផលប៉ះពាល់ទៅលើវិស័យដេរស្បែកជើង ដោយសារគណៈកម្មការអឺរ៉ុប សម្រេចដក១ភាគ៥ ឬ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។



តាមរយៈសេចក្តីប្រកាសព័ត៌មាន សមាគមស្បែកជើង វាយតម្លៃពីផលអវិជ្ជមានទុកជាមុនថា៖«ការព្យួរអត្ថប្រយោជន៍ EBA សម្រាប់ផលិតផលស្បែកជើងកម្ពុជា នឹងធ្វើឲ្យបាត់បង់ការងារយ៉ាងច្រើនសម្រាប់ឧហ្សាហកម្មនេះ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្ម ព្រមទាំងការប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកភាពក្រីក្រនៃកម្មកររាប់ម៉ឺននាក់ និង សមាជិកគ្រួសាររាប់ម៉ឺនរាប់ពាន់នាក់បន្ថែមទៀត ដែលពឹងផ្អែកលើកម្មកររបស់យើង»។ 

សមាគមស្បែកជើង មើលឃើញទៀតថា ការដកផ្នែកខ្លះនៃ EBA នឹងប៉ះពាល់ដល់ការរីកចម្រើននៅក្នុងវិស័យដេរស្បែកជើង និងរាំងស្ទះដល់ការរីកចម្រើនដែលមានរួចមកហើយ។ 

អត្ថបទទាក់ទង
 
សមាគមស្បែកជើង អធិប្បាយថា៖«តាមពិត វាច្បាស់ណាស់ថា សេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដកការអនុគ្រោះពន្ធមួយផ្នែក មិនមែនជាមូលហេតុនៃការរំលោភសិទ្ធិកម្មករ ឬកង្វះអនុលោមភាពនៅក្នុងវិស័យការងាររបស់យើងទេ ប៉ុន្តែជាបញ្ហាផ្សេង ក្រៅពីវិស័យស្បែកជើង។ ជាអកុសល សហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មលើវិស័យរបស់យើង ដោយមិនមានការពន្យល់ណាមួយឲ្យច្បាស់លាស់ឡើយ»។ 

សមាគមស្បែកជើង លើកឡើងថា ការដកផ្នែកខ្លះនៃ EBA នឹងប៉ះពាល់ដល់ការនាំចេញស្បែកជើងកម្ពុជាប្រមាណ៣០ភាគរយ ទៅទីផ្សារអឺរ៉ុប ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់វិស័យនេះ ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា ហើយភាគច្រើនជាស្រ្តី។

បើតាមសមាគមស្បែកជើង នៅកម្ពុជា មានរោងចក្រស្បែកជើង១២០ និងមានកម្មករជាង១៥ម៉ឺននាក់ ដោយក្នុងនោះស្រ្តី មានដល់ទៅ៨៥ភាគរយ។

សមាគមស្បែកជើង សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«វិស័យស្បែកជើង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបង្កើតការងារ បង្កើនប្រាក់ឈ្នួល និង ជួយប្រជាជនរាប់សែននាក់ឲ្យរួចផុតពីភាពក្រីក្រ។ កម្មវិធី EBA គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ៗក្នុងការអភិវឌ្ឍប្រកបដោយជោគជ័យនៃវិស័យផលិតស្បែកជើងនៅកម្ពុជា»។

សមាគមស្បែកជើង រម្លឹកថា ក្នុងឆ្នាំ២០១៨ កម្ពុជា បាននាំចេញស្បែកជើងដែលមានតម្លៃប្រមាណ៦៧៥លានអឺរ៉ូ ទៅទីផ្សារអឺរ៉ុប។ ចំនួននេះ ស្មើនឹងជាង១២ភាគរយ នៃការនាំចេញផលិតផលកម្ពុជាសរុប ដែលមានតម្លៃប្រមាណ៥,៣៦ពាន់លានអឺរ៉ូ ទៅទីផ្សារអឺរ៉ុប។ សមាគមស្បែកជើង បានឲ្យដឹងថា បន្ទាប់ពីចិន វៀតណាម ឥណ្ឌូណេស៊ី និង ឥណ្ឌា កម្ពុជា គឺជាប្រទេសផ្គត់ផ្គង់ស្បែកជើងធំជាងគេលំដាប់ទី៥ ទៅកាន់ទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីផលប៉ះពាល់ទាំងនេះ សមាគមស្បែកជើង បានទទូចឲ្យគណៈកម្មការអឺរ៉ុប ពិចារណាឡើងវិញចំពោះការដកផ្នែកខ្លះនៃ EBA និងស្នើសុំកុំឲ្យបន្តនីតិវិធីក្នុងការអនុវត្តសេចក្តីសម្រេចនេះ។

បើគ្មានការជំទាស់ពីសភាអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបទេ សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលដកប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីកម្ពុជា នឹងចូលជាធរមាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ ពេលនោះ កម្ពុជា នឹងត្រូវបង់ពន្ធ២០ភាគរយ ដែលស្មើនឹងប្រមាណឬជាង១០០លានដុល្លារ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុបក្នុងមួយឆ្នាំ។

គណៈកម្មការអឺរ៉ុប បញ្ជាក់ថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញសំខាន់ៗមួយចំនួនរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និង ស្ករស ជាដើម៕

Tag:
 EU
  EBA
  វិស័យស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com