ជាតិ
ទូត​អាមេរិក​លើកឡើង​ពី​កិច្ចសហការ​ដ៏​រលូន​ក្នុង​បេសកកម្ម​ជួយ​ដល់​អ្នកជិះ Westerdam
18, Feb 2020 , 6:20 pm        
រូបភាព
ដោយ: រួបរួម
​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W.Patrick Murphy តាមរយៈ Twitter របស់ខ្លួន បានលើកឡើង​ពី​ការសហការ​ដ៏​រលូន​រវាង​ស្ថានទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ដល់​អ្នកដំណើរ​លើ​នាវា Westerdam ឲ្យ​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់​។​



​លោក W. Patrick Murphy ក៏បាន​ទៅកាន់​ទីតាំង​ទីសំចត​នាវា Westerdam នៅ​ផែ​ព្រះសីហនុ​ដោយផ្ទាល់​ផងដែរ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទៅ​ស្វាគមន៍​អ្នកដំណើរ និង​បុគ្គលិក​នាវា​ជាង​២០០០​នាក់ ដែលមាន​ទីសំចត ក្រោយ​តែលតោល​លើ​សមុទ្រ​អស់​រយៈពេល​២​សប្តាហ៍​។​

​នា​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ នេះ លោក Murphy បាន​អះអាង​ពី​បន្ត​កិច្ចសហការ​សម្របសម្រួល​ក្នុង​ការជួយ​ដល់​អ្នកដំណើរ Westerdam ឲ្យ​ដល់​ប្រទេស​របស់ខ្លួន​វិញ ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​អាមេរិក​ជាង​៦០០​នាក់​ផងដែរ​។​



«​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​លើ​វិស័យ​សុខភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់ ខណៈដែល​យើង​កំពុង​ប្រឈម​បញ្ហា COVID-19 ជាស​កល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Murphy ក្រោយ​លើកឡើងថា សុវត្ថិភាព និង​សន្តិសុខ​ជនជាតិ​អាមេរិក​នៅ​កម្ពុជា គឺជា​ការងារ​អាទិភាព​របស់​ស្ថានទូត​។​

​ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ពី​កិច្ចប្រជុំ​ពិសេស​ខាង​ពេលខាងមុខ​រវាង​អាស៊ាន និង​អាមេរិក នៅ​រដ្ឋ Nevada ផងដែរ ដែល​នេះ​ជា​ជំហាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​៕



Tag:
 WHO
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com