អន្តរជាតិ
COVID-19៖ ចំនួន​អ្នកស្លាប់​ឡើងដល់​២០១០​នាក់
19, Feb 2020 , 2:53 pm        
រូបភាព
រូបថត៖ Xinhua
រូបថត៖ Xinhua
ដោយ: រួបរួម
​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​​២០១០នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង២ និង៥៤នាទី រសៀល​​ថ្ងៃ​ពុធ ទី​១៩ ខែកុម្ភៈ នេះ ដោយ​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នកស្លាប់​១៣២​នាក់​បន្ថែមទៀត រីឯ​ខេត្ត Shannxi​, Guangdong, Shandong, Guizhou និងហុងកុង កើន​១​ករណី​រៀងៗ​ខ្លួន​។​


 
​ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៧៥ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​១២ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ប្រមាណ​ជិត​១៥ ០០០​នាក់​ដូចគ្នា បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន អ្នកស្លាប់​១៨៦៥​នាក់​ស្ថិត​ក្នុងប្រទេស​ចិន ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​ ហុងកុង២ករណី និង តៃវ៉ាន់១ករណី។ ក្រៅពី​ចិន អ្នកស្លាប់​៣​នាក់​ទៀត​មាននៅ​បារាំង ជប៉ុន និង​ហ្វីលីពីន​។

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៥​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក និង​អេ​ហ្ស៊ី​ប​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com