ជាតិ
សុវត្តិភាព ចរាចរណ៍
សម្តេច ស ខេង៖ យើងចង់បានមន្ត្រីចរាចរណ៍ទន់ភ្លន់ តែម៉ឺងម៉ាត់ ហើយពិន័យគ្មានការយោគយល់
× សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ពីករណីធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ដ៏គួរកត់សម្គាល់នាអំឡុងខែកុម្ភៈនេះ បន្ទាប់ពីការកើនឡើងយ៉ាងគំហុកកាលពីឆ្នាំ២០១៩កន្លងមក។ នាពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ នេះ សម្តេចបានលើកពីការអនុវត្តការពិន័យដោយគ្មានការយោគយល់ រួមទាំងវិធានការមួយចំនួនរបស់មន្ត្រីប៉ូលិសចរាចរណ៍។
«ទន់ភ្លន់ តែម៉ឺងម៉ាត់»។ នេះជាការបញ្ជាក់របស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ដោយរំលឹកពីករណីស្ត្រីម្នាក់ដែលជិះម៉ូតូគ្មានផ្លាកលេខ ហើយហ៊ានប្រវាយប្រតប់ដាក់មន្ត្រីនគរបាលចរាចរណ៍ មុនពេលដែលគាត់ទទួលស្គាល់កំហុសរបស់ខ្លួន។
សម្តេច ស ខេង បានអះអាងថា ប៉ូលិសចរាចរណ៍នៅកម្ពុជា ស្លូតជាងប៉ូលិសនៅបណ្តាប្រទេសជាច្រើនទៀត ដោយពេលខ្លះថែមទាំងអង្វរអ្នកជិះខុសច្បាប់ថែមទៀតផង។ ទោះបីជាសម្តេចពេញចិត្តឥរិយាបទបែបនេះក៏ដោយ ប៉ុន្តែសម្តេចឲ្យបង្កើនការរឹតបន្តឹងការផាកពិន័យដោយគ្មានការយោគយល់ ព្រោះកម្ពុជាប្តេជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបាននៅឆ្នាំ២០២០នេះ។
«ទោះបីជាមានកំនើនយានយន្ត ឬហេដ្ឋរចនាសម្ព័ន្ធមិនទាន់រលូនក៏ដោយ ប៉ុន្តែយើងប្តេជ្ញាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្តេចលើកឡើងពីភារកិច្ចដ៏សំខាន់របស់មន្ត្រីចរាចរណ៍ក្នុងការពន្យល់ពលរដ្ឋទាក់ទងនឹងការអនុវត្តច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com