ជាតិ
សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​ករណី​ស្លាប់​ទារក​៥​ខែ ពេល​បញ្ជូន​ពី​ពន្ធនាគារ ទៅ​មន្ទីរពេទ្យ​
19, Feb 2020 , 11:41 am        
រូបភាព
មណ្ឌលអប់រំកែប្រែទី២ (រូបភាពពី គេហទំព័ររបស់លីកាដូ)
មណ្ឌលអប់រំកែប្រែទី២ (រូបភាពពី គេហទំព័ររបស់លីកាដូ)
​ភ្នំពេញ​៖ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំនឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) បានស្នើ​ឲ្យ​អជ្ញាធរ​ស៊ើបអង្កេត​លើ​ករណី​ទារក​អាយុ​៥​ខែ​ម្នាក់ ដែល​បាន​ស្លាប់ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​បញ្ជូន​ចេញពី​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​ស​) ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ការធ្វើ​កោសល្យវិច័យ​សាកសព រកឃើញថា ទារក​នោះ ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារូបត្ថម្ភ​។ ប៉ុន្តែ​បើតាម​លោក អំ សំអាត នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ អះអាងថា ទារក​នោះ បាន​បាក់​ឆ្អឹងភ្លៅ​ម្ខាង ដោយ​មិនដឹង​មូលហេតុ និង​ស្នើ​ឲ្យ​បង្កើត​គោលការណ៍​ណែនាំ​ច្បាប់​មួយ​ពាក់ព័ន្ធ និង​នីតិវិធី​សម្រាប់​បញ្ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​មន្ទីរពេទ្យ​។


 
​លោក អំ សំអាត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ថា កាលពី​ថ្ងៃទី​១៨ ខែ​កម​ករា ទារក​នោះ បាន​បាក់​ភ្លៅ​ម្ខាង​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ទើប​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ប៉ុន្តែ​ពេទ្យ​នេះ បាន​បដិសេធ​មិនឲ្យ​ស្នាក់នៅ ក្រោម​ហេតុផល​គ្មាន​បន្ទប់​ទំនេរ​។ 
 
​លោក បញ្ជាក់ថា​៖«​ស្រី្ត​ជា​ម្ដាយ​មិនបាន​នៅក្នុង​បន្ទប់​នោះទេ លុះ​ពេលឮ​ទារក​យំ ក៏​ក្រឡេកឃើញ​ស្រី្ត​ម្នាក់ ដែល​ជាប់ឃុំ​ជាមួយ បីត្រកង​ទារក​។ ករណី​បាក់​ភ្លៅ​នេះ នៅ​មិនទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ​ទេ​»​។  
 
​លោក បន្តថា លុះដល់​ថ្ងៃទី​២៥ ខែមករា ទារក​នោះ មាន​ស្ថានភាព​ពិបាក​ដកដង្ហើម ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ដើម្បី​សម្អាត​ស្លេស​និង​ថតកាំរស្មីអ៊ិច​សួត ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ​ជាមួយ​ម្ដាយ​មួយ​យប់​។ ដល់​ថ្ងៃទី​២៦ ខែមករា ទារក​នោះ ពិបាក​ដកដង្ហើម​យ៉ាង​ខ្លាំង ហើយ​ខាង​មន្ទីរពេទ្យ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់ បន្ទាប់មក​ទារក ក៏បាន​បាត់បង់​ជីវិត​។ 
​លោក បន្ថែមថា ការធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញថា ទារក​នោះ បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​។ លោក ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​របស់​ទារក និង​បង្កើត​គោលការណ៍​ណែនាំ​ច្បាប់​មួយ​ពាក់ព័ន្ធ​នឹង​នីតិវិធី​សម្រាប់​បញ្ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​មន្ទីរពេទ្យ​។ 
 
​លោក នុត សវ​នា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច កំពុង​ស្រាវជ្រាវ តែ​ភ្លាមៗ​នេះ មិនទាន់​អាច​ដឹងថា ការស្លាប់​របស់​ទារក​នេះ មកពី​ការធ្វេសប្រហែស​ខាង​មណ្ឌល​អប់រំ​កែប្រែ ឬ​មកពី​ខាង​មន្ទីរពេទ្យ​នោះទេ​។ ប៉ុន្តែ​កន្លងមក​ខាង​មន្ទីរ បាន​បដិសេធ​មិន​ព្រម​ទទួល​ទារក​នេះ​ឲ្យ​សម្រាក​ព្យាបាល​ឡើយ​។ 
 
​លោក មានប្រសាសន៍ថា​៖«​យើង​កំពុងតែ​ស្រាវជ្រាវ​លើ​ករណី​ហ្នឹង ថា​តើ​ជា​កំហុស​របស់​មន្ត្រី​យើង ឬក៏​ជា​កំហុស​ខាង​មន្ទីរពេទ្យ​ដែល​មិនបាន​យកចិត្តទុកដាក់​។ ជាក់ស្ដែង​មន្ត្រី​យើង​បាន​បញ្ជូន​កុមារ​ទៅ​ព្យាបាល​ហើយ នៅពេល​គាត់​មាន​អាការ​មិន​ស្រួល​ហ្នឹង ប៉ុន្តែ​ក្នុង​របាយការណ៍​មិនសូវ​យកចិត្តទុកដាក់ ហើយ​គាត់​បដិសេធ​មិន​ទទួល​»​។ 
 
​លោក អំ សំអាត និយាយថា ខាង​អង្គការ​លីកាដូ ស្នើ​ឲ្យ​អាជ្ញាធរ ផ្ដល់​ឬ​បង្កើត​គោលការណ៍​ណែនាំ​ច្បាប់​មួយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ខាង​ផ្លូវច្បាប់​និង​ការស្នើសុំ​នៅក្រៅ​ឃុំ សិទ្ធិ​ទទួលបាន​មេធាវី និង សិទ្ធិ​ថែរក្សា​ទារក ដល់​អ្នក​ជាប់ឃុំ​។ ជាពិសេស គឺ​សិក្សា​ពី​ករណី​ស្លាប់​ទារក​អាយុ​៥​ខែ​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​បន្តទៀត​។ លើសពីនេះ តុលាការ គួរតែ​ពិចារណា​មុនពេល​សម្រេច​ឃុំខ្លួន​នរណាម្នាក់ លើ​បទល្មើស​ដែល​គួរតែ​ឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​ផ្ដោតលើ​ជន​ងាយ​រងគ្រោះ ដូចជា​ស្រី្ត​មាន​ផ្ទៃពោះ ស្រី្ត​មាន​ទារក និង អនីតិជន ជាដើម​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​កុមារ​ជាង​១០០​នាក់ និង​ស្រី្ត​មាន​ផ្ទៃពោះ​ជាង​៤០​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​។ មណ្ឌល​អប់រំ​កែប្រែ​ទី​២ ជា​ពន្ធនាគារ​តែមួយគត់​នៅ​កម្ពុជា​ដែល​សាងសង់ឡើង​សម្រាប់​ដាក់​អ្នកទោស​ជា​ស្ត្រី​និង​កុមារ និង​អាច​ផ្ទុក​អ្នក​ជាប់ឃុំ​ត្រឹមតែ​៣៥០​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ រហូតដល់​១៨៥០​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​អង្គការ​លីកាដូ​៕ 

Tag:
 លីកាដូ​
  ទារក​៥​ខែ​
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com