ជាតិ
កម្ពុជា សហការជាមួយក្រុមហ៊ុនហ្វេសប៊ុក បានបិទគណនីឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលផ្សាយខុសការពិតពី COVID-19
19, Feb 2020 , 12:55 pm        
រូបភាព
ក្រសួងព័ត៌មានកម្ពុជា សហការជាមួយក្រុមហ៊ុនហ្វេសប៊ុក បានបិទចោលគណនីហ្វេសប៊ុកមួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា»។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះដំណឹងនេះលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។



គណនីហ្វេសប៊ុកឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ធ្លាប់បង្ហោះកន្លងមកថា៖«មេរោគកូរ៉ូណា កំពុងរាតត្បាតនៅកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ មានមនុស្សស្លាប់ជាតិ១០០នាក់ហើយ ប៉ុន្តែ រដ្ឋាភិបាលក្រុងភ្នំពេញលាក់បាំង និងព្រមានចាប់គ្រូពេទ្យណា ដែលរកឃើញ Virus Corona នេះទៀតផង»។ សមត្ថកិច្ច ជាពិសេសក្រសួងសុខាភិបាល បានចេញមកបដិសេធចំពោះការបង្ហោះនេះ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ  កាលពីថ្ងៃទី១៧ ខែកុម្ភៈថា ចំពោះអ្នកប្រើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា ក្រសួងពាក់ព័ន្ធ អាចចាត់វិធានការបាន បើពួកគេ ប្រើមិនត្រឹមត្រូវ តែចំពោះអ្នកដែលនៅក្រៅប្រទេស គឺលើសពីព្រំដែនរបស់ក្រសួងនិងសមត្ថកិច្ចកម្ពុជា។ លោក បញ្ជាក់ដូច្នេះ៖«យើង ពិនិត្យមើលតាមករណីនីមួយៗ កន្លែងណាដែលយើង មានសមត្ថភាព មានសមត្ថកិច្ច អាចចាត់ការក្នុងស្រុកបាន យើងនឹងធ្វើ ហើយកន្លែងណា ដែលយើង ត្រូវសហការជាមួយក្រុមហ៊ុនបរទេស ដូចជាក្រុមហ៊ុនហ្វេសប៊ុកអីហ្នឹង យើងនឹងធ្វើកិច្ចការតាមហ្នឹង...»៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com