កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រោយចាញ់ ១-០ គ្រូ Liverpool ព្រមាន AT-Madrid ថាទៅ Anfield វិញដឹងគ្នាហើយ
× លោក Jurgen Klopp អ្នកចាត់ការ Liverpool ជឿជាក់ថាពេលត្រឡប់ទៅ Anfield សម្រាប់ជំនួបជើងទី២ កូនក្រុមរបស់លោកនឹងអាចយកឈ្នះ Atletico Madrid ដើម្បីឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ១-០ នៅជើងទី១។ នៅរដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ)។
ជំនួបជើងទី១ក្នុងកីឡដ្ឋាន Wanda Metropolitano នៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ នាក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ខ្សែបម្រើ Saul Niguez ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យ AT-Madrid តាំពី៤នាទីដំបូងនៃវគ្គទី១ម្លេះ។ បើទោះវាយសម្រុកគ្នាខ្លាំងក្លាក្នុងរយៈពេលជាង៨០នាទីដែលនៅសល់ ប៉ុន្តែក្រុមទាំងពីរមិនអាចរកគ្រាប់ស៊ុតបញ្ចូលគ្នាទៀតឡើយ ដោយចប់ការប្រកួត AT-Madrid ឈ្នះ Liverpool ១-០។
ក្រុមម្ចាស់ការពារតំណែងជើងឯកទទួលបានត្រឹមខកចិត្តសម្រាប់ជើងទី១ នៅក្រៅដី ស្របពេលលោក Diego Simeone និងអ្នកគាំទ្រពួកគេបានអបអរជ័យជម្នះនេះលើសលុប។ យ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅលោក Jurgen Klopp បានបង្ហាញជំនឿចិត្តលើកកូនក្រុមខ្លួនថា ពួកគេនៅតែអាចនាំហង្សក្រហមឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្របាន។
«ខ្ញុំមិនគិតថាខ្ញុំត្រូវធ្វើអ្វីច្រើននោះទេ ប៉ុន្តែនៅជើងទី២ ខ្ញុំសង្ឃឹមថាខ្ញុំអាចផ្តោតអារម្មណ៍លើការប្រកួតច្រើនជាងនេះបន្តិច។ អ្នកគាំទ្រ និងកូនក្រុមរបស់ខ្ញុំត្រៀមខ្លួនជាស្រេចហើយក្នុងការស្វាគមន៍ AT-Madrid ទៅកាន់ទឹកដី Anfield វិញ»។ លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ក្រោយចប់ការប្រកួតដូច្នេះ។
អ្នកចាត់ការសញ្ញាតិអាល្លឺម៉ងរូបនេះ បន្ថែមថាក្រុម AT-Madrid បានអបអរការឈ្នះនេះដូចបានលើកពាន Champions League អ៊ីចឹង។
ដោយឡែក Andy Robertson ខ្សែការពារឆ្វេងរបស់ Liverpool អះអាងថា ពិធីអបអររបស់ក្រុម AT-Madrid សម្រាប់ការឈ្នះនេះសមតែធ្វើប្រសិនបើពួកគេឈ្នះនៅជំនួបទី២ ប៉ុន្តែចាំមើលសិនទៅ។ «ត្រឡប់ទៅទឹកដី Anfield វិញទើបដឹង»។
សម្រាប់ជំនួបមួយគូទៀត ម្ចាស់ផ្ទះ Borussia Dortmund បានយកឈ្នះ Paris Saint-Germain ដោយលទ្ធផល ២-១។ ពីរគ្រាប់របស់ Dortmund ធ្វើបានដោយខ្សែប្រយុទ្ធចំណូលថ្មីដ៏មានគុណភាព Erling Haaland តែម្នាក់ឯង (៦៩, ៧៧) ខណៈមួយគ្រាប់របស់ក្រុមយក្សបារាំងសម្រេចបានដោយ ខ្សែប្រយុទ្ធឆ្នើម Neymar នៅនាទី៧៥៕
Tag:
Jurgen Klopp
Liverpool
Atletico Madrid
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com