អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​រុស្ស៊ី​ដែល​ជួយ​លក់​ប្រេង​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
19, Feb 2020 , 7:39 pm        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ បានប្រកាស​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ប្រេង​មួយ​ដែលជា​សាខា​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​រុស្ស៊ី Rosneft ដោយ​អះអាងថា ជួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លក់​ប្រេង​របស់ខ្លួន​។ ទណ្ឌកម្ម​ថ្មី​នេះ ជាការ​ដាក់​សម្ពាធ​អន្តរជាតិ​បន្ថែមទៀត​ដើម្បី​បំបែក​អំណាច​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ទាំង​ក្រុង​មូ​ស្គូ ទាំង​ទីក្រុង​កា​រ៉ា​កាស់ ហៅ​ទណ្ឌ​កម្មនេះ​ជាការ​បំបិទ​សិទ្ធិ​ទីផ្សារសេរី ខណៈ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ សាទរ​។​

 
​ក្រុមហ៊ុន​ប្រេង Rosneft Trading SA និង​លោក Didier Casimiro អនុប្រធាន​របស់ Rosneft ដែលជា​ក្រុមហ៊ុនមេ និង​គ្រប់គ្រង​ដោយ​រុស្ស៊ី បាន​រង​ទណ្ឌកម្ម​ដោយ​ក្រសួង​រតនាគារ​អា​មេ​រក ចំពោះ​តួនាទី​ក្នុង​ការជួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លក់​ប្រេង​។ ទណ្ឌ​កម្មនេះ លេច​ជា​រូបរាង​ក៏​ព្រោះ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី និង​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន បំពាន​ការហាម​ប្រាម​ជា​ឯកតោភាគី​របស់​អាមេរិក​ដែល​ដាក់​លើ​វិស័យ​ប្រេង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រេង​ជា​ប្រភព​ហិរញ្ញវត្ថុ​សំខាន់​របស់​រដ្ឋាភិបាល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា តួនាទី​របស់ Rosneft Trading SA ក្នុង​ការលក់ និង​ដឹកជញ្ជូន​ទៅ​ទូទាំង​ពិភពលោក បាន​ជួយ​របប​ដឹកនាំ​ផ្ដាច់ការ ម៉ា​ឌុយ​រ៉ូ សង្កត់សង្កិន​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ លោក​បន្ត​សរសេរ​លើ Twitter ថា អ្នក​ដែល​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ពុករលួយ នឹងត្រូវ​ទទួលខុសត្រូវ​។ 
 
​ទណ្ឌ​កម្មនេះ នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់ Rosneft Trading ឬ​របស់លោក Casimiro ដែល​កើត​នៅ​បែលហ្ស៊ិក ដែល​ឆ្លងកាត់​ទឹកដី​អាមេរិក​។ លើសពីនោះ ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ ឬ​លោក Casimiro ក៏​ជា​ទោសឧក្រិដ្ឋ​ក្រោម​ច្បាប់​អាមេរិក​ផងដែរ​។ វ៉េ​ណេ​ស៊ុយ​អេ​ឡា មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ទណ្ឌ​កម្មនេះ​។ រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា Jorge Arreaza ហៅ​ចំណាត់ការ​នេះ​ថា ជាការ​បំពាន​សិទ្ធិ​ពាណិជ្ជកម្ម​សេរី និង​ក្រុមហ៊ុន​សេរី​។ 
 
​ពី​រដ្ឋធានី​មូ​ស្គូ ក្រសួងការបរទេស​រុស្ស៊ី បាន​ទាត់ចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី និង​ចោទ​អាមេរិក​ថា បង្ខំ​ឲ្យ​ពិភពលោក​ទាំងមូល​ធ្វើ​តែ​តាម​ឆន្ទៈ​របស់ខ្លួន​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួង​ដដែល​នេះ បន្ថែម គោលនយោបាយ​បំផ្លាញ​របស់​អាមេរិក បាន​រឹតត្បិត​ពាណិជ្ជកម្ម​សេរី ដែល​អាមេរិក​ខ្លួនឯង​ចេញមុខ​ការពារ ហើយ​វា​ក៏​នាំទៅរក​ភាព​តានតឹង​អន្តរជាតិ​ដែរ​។  
 
​យ៉ាងណាមិញ មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ វិញ ពេញចិត្ត​ខ្លាំង​នឹង​ទណ្ឌកម្ម​។ លោក ក្វៃ​ដូ ដែល​អាមេរិក​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាត់ទុក​ទណ្ឌកម្ម​ជា​ជោគជ័យ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ក្វៃ​ដូ បន្តថា នរណា​ក៏ដោយ​ដែល​គាំទ្រ​មេដឹកនាំ​ផ្ដាច់ការ មិន​ថា​ពួកគេ​ជា​នរណា ឬ​មកពីណា ត្រូវតែ​ទទួលផល​វិបាក​។ 
 
​ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Elliott Abrams អះអាងថា ទណ្ឌកម្ម នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រភពធនធាន​របប​លោក ម៉ា​ឌុយ​រ៉ូ មិន​ខាន ហើយ​ព្រមាន​ថា វិធានការ​ថ្មីៗ​នេះ នឹងត្រូវ​ប្រកាស​នៅពេល​ខាងមុខ​ទៀត​។ បើតាម​មន្ត្រី​អាមេរិក​រូបនេះ ក្រុមហ៊ុន Rosneft គ្រប់គ្រង​ប្រេង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រមាណ​៧០​ភាគរយ ហើយ​នាំ​ចូលទៅ​ឥណ្ឌា​ច្រើនជាងគេ ឯ​ចិន​នៅ​លំដាប់​ទី​ពីរ​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com