អន្តរជាតិ
ការសិក្សា​របស់​ចិន​រកឃើញថា មនុស្ស​ចាស់​និង​អ្នក​ឈឺ​ស្រាប់ ប្រឈម​ហានិភ័យ​ខ្ពស់​នឹង COVID-19
19, Feb 2020 , 8:39 pm        
រូបភាព
ប្រភពរូប៖ AP
ប្រភពរូប៖ AP
ដោយ:
​មនុស្ស​ភាគច្រើន​ដែល​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្នុងប្រទេស​ចិន មាន​រោគសញ្ញា​មិន​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការសិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​ពី​សំណាក់​អ្នកស្រាវជ្រាវ​ចិន​។ ក៏ប៉ុន្តែ ការសិក្សា​នេះ បាន​រកឃើញថា មនុស្ស​វ័យ​កាន់តែ​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​ដទៃ​ស្រាប់ ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​ពី​ជំងឺ​នេះ​។

 
​កិច្ចការ​ស្រាវជ្រាវ​មួយ​ចេញផ្សាយ​លើ​វេ​ប​សាយ Chinese Journal of Epidemiology ពិនិត្យមើល​លើ​ករណី COVID-19 ចំនួន ៧២៣១៤ ករណី រួមមាន អ្នក​ដែល​គេ​បញ្ជាក់ថា​ឆ្លង​, អ្នក​ដែល​ត្រូវគេ​សង្ស័យ និង​ករណី​ឆ្លង​តែ​មិនទាន់​ចេញ​រោគសញ្ញា  (asymptomatic) នៅ​ជុំវិញ​ប្រទេស​ចិន គិត​ត្រឹម​ថ្ងៃទី​១១ ខែកុម្ភៈ​។ 
 
​នេះ​គឺជា​ការសិក្សា​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​លើ​អ្នកជំងឺ COVID-19 ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ចិន​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ (CCDC) គិត​ចាប់ពី​ការផ្ទុះ​រាលដាល​បាន​ផ្តើមឡើង​ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​មក​ក្នុង​ក្រុង វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្ដាល​ប្រទេស​ចិន​។ គិត​មក​ត្រឹម​ថ្ងៃ​ពុធ ទី​១៩ ខែកុម្ភៈ ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​នេះ បានសម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់​ហើយ និង​មាន​អ្នក​ឆ្លង​ជាង​៧​ម៉ឺន​នាក់​។ 
 
​ក្នុងការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​ចិន បាន​រកឃើញថា អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ប្រមាណ ៨០,៩ ភាគរយ​ត្រូវបាន​ចាត់ថ្នាក់​ថា មាន​កម្រិត​ស្រាល​, ១៣,៨ ភាគរយ មាន​កម្រិត​ធ្ងន់ធ្ងរ និង​ត្រឹមតែ ៤,៧ ភាគរយ​ប៉ុណ្ណោះ មាន​កម្រិត​គ្រោះ​ថា្នក់​ដល់​ជីវិត​។ 
 
​ការរកឃើញ​ថ្មី​របស់​ចិន​នេះ គឺ​ដូចគ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដែល​អះអាងថា កូ​រ៉ូ​ណាវី​រុស (COVID-19) បង្ក​ជំងឺ​ស្រាល​ប៉ុណ្ណោះ​សម្រាប់​អ្នកជំងឺ​ភាគច្រើន​។ 
 
​អត្រា​ស្លាប់​ខ្ពស់បំផុត​បង្កឡើង​ដោយ​ជំងឺ​ផ្លូវដង្ហើម COVID-19 គឺ​កើតឡើង​ចំពោះ​មនុស្ស​ដែល​អាយុ ៨០ ឡើងទៅ ដែល​ស្មើនឹង ១៤,៨ ភាគរយ ។ ទន្ទឹមនេះ ការសិក្សា​ដដែល​នេះ រកឃើញថា អ្នកជំងឺ​ដែល​កើត​ជំងឺ​បេះដូង​និង​សរសៃឈាម ក៏​ប្រឈម​ហានិភ័យ​ស្លាប់​ខ្ពស់​ពី​កូ​រ៉ូ​ណាវី​រុស​ផងដែរ ដែល​តាម​ពីក្រោយ​ដោយ ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺលើសឈាម ឬ​សម្ពាធ​ឡើង​ខ្ពស់​ខុសធម្មតា​។ 
 
​យ៉ាងណាមិញ ការសិក្សា​ចិន​នេះ រកឃើញថា គ្មាន​ករណី​ស្លាប់​ក្នុងចំណោម​កុមារ​អាយុ​ចាប់ពី ៩ ឆ្នាំ​ឡើងទៅ​នោះទេ ទោះបី​ជាមាន​ករណី​ឆ្លង​យ៉ាងតិច ២ ដែល​កើត​លើ​ទារក​ទើប​កើត ដែល​ឆ្លង​ពី​ម្តាយ​ពួកគេ​។ 
 
​សម្រាប់​អ្នកជំងឺ​ដែលមាន​អាយុ ៣៩ ឆ្នាំ ចុះក្រោម អត្រា​ស្លាប់ មាន​កម្រិត​ទាប​ត្រឹម​០,២​ភាគរយ​ប៉ុណ្ណោះ​។ អត្រា​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​ឡើងជា​លំដាប់​ទៅតាម​អាយុ​អ្នកជំងឺ​។ សម្រាប់​មនុស្ស​ដែល​ស្ថិ​ន​ក្នុង​វ័យ​៤០​ឆ្នាំ គឺ​ស្មើនឹង ០,៤​ភាគរយ​, ក្នុង​វ័យ ៥០​ឆ្នាំ គឺ​ស្មើនឹង ១,៣​ភាគរយ​, ក្នុង​វ័យ ៦០​ឆ្នាំ គឺ​ស្មើនឹង ៣,៦​ភាគរយ និង​ក្នុង​វ័យ​៧០​ឆ្នាំ គឺ ៨ ភាគរយ​។​
 
​បើ​និយាយ​រឿង​ភេទ​វិញ បុរស គឺមាន​អត្រា​ស្លាប់​លើស​ស្ត្រី​។ អត្រា​ស្លាប់​បុរស​ដោយសារ​ជំងឺ​នេះ គឺ​ស្មើនឹង ២,៨ ភាគរយ ចំណែក​ស្ត្រី គឺ ១,៧​ភាគរយ​។ ការសិក្សា​នេះ បាន​រកឃើញថា អត្រា​ស្លាប់​ជារួម​ពី​វីរុស​នេះ គឺ ២,៣ ភាគរយ​។ បើ​ធៀប​នឹង​ជំងឺ​ផ្លូវដង្ហើម SARS អំឡុង​ឆ្នាំ​២០០២-២០០៣​វិញ​នោះ ទោះបី​វា​ឆ្លង​មនុស្ស​តិចជាង COVID-19 មែន តែ​អត្រា​ស្លាប់​ជារួម គឺ​ជិត ១០ ភាគរយ​ឯណោះ​៕ 

Tag:
 ចិន​
  ការសិក្សា​
  ស្រាវជ្រាវ​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com