ជាតិ
អាជ្ញាធរ ផ្អាក​គ្លីនិក​ចិន​មួយ​នៅ​ព្រះសីហនុ ក្រោយ​ដំណើរការ​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ
19, Feb 2020 , 3:27 pm        
រូបភាព
ដោយ:
​រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក​ដំណើរ​គ្លីនិក​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ចិន​មួយ​ឈ្មោះ ថៃ ខាង ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញថា គ្លីនិក​នេះ បាន​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។

 
​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រហូត​ឈានដល់​ផ្អាក​ដំណើរការ​នេះ ធ្វើឡើង​ក្រោយ​គ្លីនិក ថៃ ខាង បាន​ពិនិត្យ​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Su Yong Yun ដោយ​អះអាងថា អ្នកជំងឺ​រូបនេះ​មាន​បញ្ហា​របួស​សួត​ធ្ងន់ធ្ងរ​ផ្នែក​ម្ខាង ដែល​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា បុរស​នោះ​មាន​ផ្ទុកមេរោគ COVID-19 ហើយ​ត្រូវបាន​កាសែត​ចិន​មួយ​យកទៅ​ចុះផ្សាយ​។  
 
​ប៉ុន្តែ​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​រកឃើញថា លោក Su Yong Yun មាន​អង់ទីគ័រ (​ប្រព័ន្ធ​ការពារ​) វីរុស ដោយ​ពុំបាន​ផ្ទុកមេរោគ COVID-19 ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​របាយការណ៍​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ​
 
​បើតាម​របាយការណ៍​ខាងលើ​ដដែល មាន​ឯកសារ​មួយ​របស់​មជ្ឈមណ្ឌល​ការពារ​ជំងឺ Chong Qing នៅ​ខេត្ត​ហ៊ូ​ណាន​ប្រទេស​ចិន ដែលជា​សាខា​ធំ​របស់​គ្លីនិក ថៃ ខាង បានសរសេរថា លោក Su Yong Yun មាន​ផ្ទុកមេរោគ​ប្រភេទ​ថ្មី COVID-19 ហើយ​ត្រូវបាន​កាសែត​ចិន​ស្រង់​យកទៅ​ចុះផ្សាយ​។ ភ្លាមៗ​នោះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ទាក់ទង​ទៅ​នាយក​គ្រប់គ្រង​គ្លីនិក ថៃ ខាង លោក Bai Lingqi ហើយ​លោក​បញ្ជាក់ថា វា​ជាការ​ភាន់ច្រឡំ​។ 
 
​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​លោក Bai Lingqi ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ការពារ​ជំងឺ Chong Qing ដើម្បី​បញ្ជាក់​ឯកសារ​ឡើងវិញ និង​ចុះផ្សាយ​កែប្រែ​នូវ​អ្វីដែល​ខ្លួន​អះអាងថា មានការ​ភាន់ច្រឡំ​។ ទោះបី​គ្លីនិក​នេះ​ត្រូវ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន តែ​រដ្ឋបាលខេត្ត​ព្រះសីហនុ​អនុញ្ញាត​ឲ្យ​គ្លីនិក​នេះ បន្ត​ព្យាបាល​អ្នកជំងឺ​៩​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ រដ្ឋបាលខេត្ត​ព្រះសីហនុ​ជំរុញ​ឲ្យ​គ្លីនិក ថៃ ខាង រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ និង​សុំច្បាប់​អនុញ្ញាត​ទៅ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បន្តដំណើរ​ការឡើង​វិញ​៕ 

Tag:
 គ្លីនិក ថៃ ខាង​
  ខេត្ត​ព្រះសីហនុ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com