ជាតិ
សង្គមជាតិ
អនុវិទ្យាល័យ​ឈូក​ខ្សាច់ ប្រើ​ដី​ជាង​កន្លះ​ហិកតា សម្រាប់​ឲ្យ​សិស្ស​ដាំ​ដំណាំ​តាមបែប​ធម្មជាតិ
19, Feb 2020 , 9:19 pm        
រូបភាព
សកម្មភាពសិស្សា​នុសិស្ស​នៅ​ក្នុង​អនុវិទ្យាល័យ​ឈូកខ្សាច់ ខេត្ត​កំពងធំ ដែលកំពុង​​ថែ​ទាំ​បន្លែ​
សកម្មភាពសិស្សា​នុសិស្ស​នៅ​ក្នុង​អនុវិទ្យាល័យ​ឈូកខ្សាច់ ខេត្ត​កំពងធំ ដែលកំពុង​​ថែ​ទាំ​បន្លែ​
ដោយ:
​ភ្នំពេញ​៖  លោកគ្រូ អ្នកគ្រូ នៅ​អនុវិទ្យាល័យ​ឈូក​ខ្សាច់ ខេត្តកំពង់ធំ បាន​ដឹកនាំ​សិស្សានុសិស្ស​ដាំ​បន្លែ​ជាច្រើន​ប្រភេទ លើ​ផ្ទៃដី​៦​ពាន់​ម៉ែត្រការ៉េ ដែល​អតីត​សិស្ស សប្បុរសជន និង​អង្គការ ជា​អ្នកទិញ​ឲ្យ​។ បន្លែ​ដែល​ខាង​អនុវិទ្យាល័យ​ឈូក​ខ្សាច់​បាន​ដាំ​នោះ មានដូចជា ត្រកួន ត្រឡាច  ននោង ចេក ស្វាយ ជី និង គល់​ស្លឹកគ្រៃ ដែល​ដាំ​ដោយ​ប្រើ​ជីធម្មជាតិ និង​មានការ​ថែទាំ​យ៉ាង​ដិតដល់​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថា្នក់​ទី​៧​ដល់​ថ្នាក់​ទី​៩ ស្រោច​ទឹក និង​បោចស្មៅ​ជាប្រចាំ​ថ្ងៃ​។

  

 
​លោក ងួន ពិសិដ្ឋ នាយក​អនុវិទ្យាល័យ​ឈូក​ខ្សាច់ ក្នុង​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​បញ្ជាក់ថា លោកគ្រូ​អ្នកគ្រូ ទទួលបន្ទុក​តាម​ថ្នាក់​នីមួយៗ បាន​ដឹកនាំ​សិស្ស​ដាំ​បន្លែ​អស់​រយៈពេល​១​ឆ្នាំកន្លះ​ហើយ ដែលមាន​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ គឺ​សុទ្ធតែ​បាន​កប់​ដី ដាំ​បន្លែ ដាក់​ជី និង ថែទាំ​ដំណាំ​ឲ្យ​ទទួលបាន​ផល​ល្អ​។ 
 
​បើតាម​លោក ងួន ពិសិដ្ឋ ដំណាំ​ដែល​សាលា​កំពុងតែ​ដាំ​ក្នុង​ទំហំ​ផ្ទៃដី​៦​ពាន់​ម៉ែត្រការ៉េ ដែលមាន​ស្រះ​ជម្រៅ​៣​ម៉ែត្រ​សម្រាប់​ចិញ្ចឹម​ត្រី​ផង​នោះ គឺ​ចាប់ផ្តើម​ដាំ​តាំងពី​ឆ្នាំ​២០១៨ ដោយមាន​សប្បុរសជន អង្គការ និង​អតីត​សិស្ស​អនុវិទ្យាល័យ​ឈូក​ខ្សាច់ បានផ្តល់​ជា​ថវិកា​សម្រាប់​ទិញ​ដី​របស់​កសិករ​ឲ្យ​ទៅខាង​សាលា​ដើម្បី​ឲ្យ​សិស្ស​បាន​ដាំ​បន្លែ និង​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ដល់​សិស្ស​ឲ្យ​ស្រឡាញ់​ផ្នែក​ការងារ​កសិកម្ម​។  


សកម្មភាព លោកគ្រូកំពុង​តែ​ពន្យល់​មេរៀន​អំពី ការ​ដាំ​ដំណាំ​ និង​ការ​ថែទាំបន្លែ ទៅដល់​សិស្សានុសិស្ស​ក្នុង​អនុវិទ្យាល័យ​ឈូក​ខ្សាច់ ខេត្ត​កំពង់ធំ រូបភាពពីលោកគ្រូ ​ងួន ពិសិដ្ឋ
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ងួន ពិសិដ្ឋ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពេល​ដាំ​បន្លែ យើង​បាន​បង្រៀន​ពួកគាត់​ដាំ តាម​ការស្រាវជ្រាវ​ពី Youtube ឲ្យ​សិស្ស​ស្តាប់ អំពី​របៀប​ដាំ​យ៉ាងម៉េច ហើយ​គាត់​ស្តាប់ទៅ គាត់​សរសេរ​។ ពេល​គាត់​សរសេរ​ហើយ ឲ្យ​គាត់​ឡើងមក​រាយការណ៍ ដើម្បី​ចង់ដឹងថា​តើ​ពូក​គាត់​អាច​ស្តាប់​បាន​ប៉ុនណា​»​។​
 
​លោក ងួន ពិសិដ្ឋ បាន​លើកឡើងថា សាលា​ឲ្យ​សិស្ស​ដាំ​បន្លែ​នៅក្នុង​សាលា​គឺ​ដើម្បី​ឲ្យ​សិស្ស​ចេះ​កាន់​ចប ចេះ​ដាំ ចេះ​ថែទាំ​បន្លែ និង​ស្គា​ល់ពី​ប្រភេទ​បន្លែ ហើយ​ជា​មូលដ្ឋានគ្រឹះ​ដល់​សិស្ស​ក្នុង​ការយក​ជំនាញ​កសិកម្ម​ទៅ​ដាំ​នៅតាម​សាលារៀន ផ្ទះ ឬ​កសិដ្ឋាន​ណាមួយ នៅ​ថ្ងៃ​អនាគត​ជាពិសេស​ជា​វិធីសាស្ត្រ​សម្រាប់​ទាក់ទាញ​សិស្ស​ឲ្យ​មក​រៀន​ផងដែរ​។  
 
​លោក មានប្រសាសន៍ថា​៖«​យើង​ចង់​ឲ្យ​សិស្ស​ហ្នឹង​មាន​បំ​ណិ​ន​ក្នុង​ការដាំដុះ កុំ​ឲ្យ​សិស្ស​ខ្លះ​មិនដឹងថា​កាន់​ចប​យ៉ាងម៉េច និង​ដាំ​យ៉ាងម៉េច​។ បន្ទាប់ពី​យើង​បាន​ណែនាំ​ឲ្យ​គាត់​ចេះ​ដាំ​មក គឺ​ពួកគាត់​ប្លែក​ច្រើនណាស់ ឲ្យ​តែ​ដល់ពេល​ស្រោច​ទឹក​គឺ​ពួកគាត់​មក​ស្រោច​ទឹក​ខ្លួនឯង ដែលជា​ទម្លាប់​ល្អ​សម្រាប់​ពួកគាត់​។ ហើយ​ពួកគាត់​មានចំណេះដឹង​មួយ​គឺ​ពូក​គាត់​ទំនេរ​ពី​ការសិក្សា គឺ​គាត់​កាត់​បន្លែ​យកទៅលក់​យកលុយ​ទុក​ឲ្យ​សាលា​។ 
 
​លោកនាយក​រូបនេះ បន្ថែមថា​៖«​យើង​បណ្តុះ​គំនិត​ឲ្យ​ពួកគាត់ សម្រាប់​ទៅ​ថ្ងៃក្រោយ​ទៀត​។ មិនមែន​មានន័យថា​ពួកគាត់​ជា​អ្នក​ដាំ​រហូត​ទេ ជួនណា​ពួកគាត់​ចេះ​បច្ចេកទេស ពួកគាត់​ធ្លាប់​ដាំ​អ៊ីចឹងទៅ ហើយ​ពួកគាត់​រៀន​បន្ថែមទៀត ហើយ​ពួកគាត់​មាន​ទន់​ពីក្រោម​ទៅ​ផង ពួកគាត់​នឹង​អាច​ក្លាយជា​ម្ចាស់​សួន ម្ចាស់​ចិញ្ចឹម​ត្រី ម្ចាស់​សួន​បន្លែ​នៅ​ថ្ងៃ​អនាគត​»៕
 


សួន​បន្លែ​​ដែលសិស្ស​អនុវិទ្យាល័យ​ឈូក​ខ្សាច់​បាន​ដាំ និង​ថែ​ទាំ​ដោយ​ស្រោច​ទឹក បោច​ស្មៅជា​ប្រចាំ​ថ្ងៃ រូបភាពពីលោកគ្រូ ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យ​ឈូកខ្សាច់ ខេត្ត​កំពង់ធំ


សកម្មភាពសិស្សា​នុសិស្ស​នៅ​ក្នុង​អនុវិទ្យាល័យ​ឈូកខ្សាច់ ខេត្ត​កំពងធំ ដែលកំពុង​​តែស្រោច​ទឹក និងបោច​ស្មៅ រូបភាពពីលោកគ្រូ ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ខេត្ត​កំពង់ធំ


Tag:
 សិស្ស​
 ​បន្លែ​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com