ជាតិ
សង្គមជាតិ
អនុវិទ្យាល័យឈូកខ្សាច់ ប្រើដីជាងកន្លះហិកតា សម្រាប់ឲ្យសិស្សដាំដំណាំតាមបែបធម្មជាតិ សកម្មភាពសិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពងធំ ដែលកំពុងថែទាំបន្លែ
× ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពង់ធំ បានដឹកនាំសិស្សានុសិស្សដាំបន្លែជាច្រើនប្រភេទ លើផ្ទៃដី៦ពាន់ម៉ែត្រការ៉េ ដែលអតីតសិស្ស សប្បុរសជន និងអង្គការ ជាអ្នកទិញឲ្យ។ បន្លែដែលខាងអនុវិទ្យាល័យឈូកខ្សាច់បានដាំនោះ មានដូចជា ត្រកួន ត្រឡាច ននោង ចេក ស្វាយ ជី និង គល់ស្លឹកគ្រៃ ដែលដាំដោយប្រើជីធម្មជាតិ និងមានការថែទាំយ៉ាងដិតដល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សថា្នក់ទី៧ដល់ថ្នាក់ទី៩ ស្រោចទឹក និងបោចស្មៅជាប្រចាំថ្ងៃ។
លោក ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកគ្រូអ្នកគ្រូ ទទួលបន្ទុកតាមថ្នាក់នីមួយៗ បានដឹកនាំសិស្សដាំបន្លែអស់រយៈពេល១ឆ្នាំកន្លះហើយ ដែលមានសិស្សានុសិស្សប្រមាណ៥០០នាក់ គឺសុទ្ធតែបានកប់ដី ដាំបន្លែ ដាក់ជី និង ថែទាំដំណាំឲ្យទទួលបានផលល្អ។
បើតាមលោក ងួន ពិសិដ្ឋ ដំណាំដែលសាលាកំពុងតែដាំក្នុងទំហំផ្ទៃដី៦ពាន់ម៉ែត្រការ៉េ ដែលមានស្រះជម្រៅ៣ម៉ែត្រសម្រាប់ចិញ្ចឹមត្រីផងនោះ គឺចាប់ផ្តើមដាំតាំងពីឆ្នាំ២០១៨ ដោយមានសប្បុរសជន អង្គការ និងអតីតសិស្សអនុវិទ្យាល័យឈូកខ្សាច់ បានផ្តល់ជាថវិកាសម្រាប់ទិញដីរបស់កសិករឲ្យទៅខាងសាលាដើម្បីឲ្យសិស្សបានដាំបន្លែ និងសម្រាប់ជាមូលដ្ឋានគ្រឹះដល់សិស្សឲ្យស្រឡាញ់ផ្នែកការងារកសិកម្ម។
សកម្មភាព លោកគ្រូកំពុងតែពន្យល់មេរៀនអំពី ការដាំដំណាំ និងការថែទាំបន្លែ ទៅដល់សិស្សានុសិស្សក្នុងអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពង់ធំ រូបភាពពីលោកគ្រូ ងួន ពិសិដ្ឋ
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ងួន ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា៖«ពេលដាំបន្លែ យើងបានបង្រៀនពួកគាត់ដាំ តាមការស្រាវជ្រាវពី Youtube ឲ្យសិស្សស្តាប់ អំពីរបៀបដាំយ៉ាងម៉េច ហើយគាត់ស្តាប់ទៅ គាត់សរសេរ។ ពេលគាត់សរសេរហើយ ឲ្យគាត់ឡើងមករាយការណ៍ ដើម្បីចង់ដឹងថាតើពូកគាត់អាចស្តាប់បានប៉ុនណា»។
លោក ងួន ពិសិដ្ឋ បានលើកឡើងថា សាលាឲ្យសិស្សដាំបន្លែនៅក្នុងសាលាគឺដើម្បីឲ្យសិស្សចេះកាន់ចប ចេះដាំ ចេះថែទាំបន្លែ និងស្គាល់ពីប្រភេទបន្លែ ហើយជាមូលដ្ឋានគ្រឹះដល់សិស្សក្នុងការយកជំនាញកសិកម្មទៅដាំនៅតាមសាលារៀន ផ្ទះ ឬកសិដ្ឋានណាមួយ នៅថ្ងៃអនាគតជាពិសេសជាវិធីសាស្ត្រសម្រាប់ទាក់ទាញសិស្សឲ្យមករៀនផងដែរ។
លោក មានប្រសាសន៍ថា៖«យើងចង់ឲ្យសិស្សហ្នឹងមានបំណិនក្នុងការដាំដុះ កុំឲ្យសិស្សខ្លះមិនដឹងថាកាន់ចបយ៉ាងម៉េច និងដាំយ៉ាងម៉េច។ បន្ទាប់ពីយើងបានណែនាំឲ្យគាត់ចេះដាំមក គឺពួកគាត់ប្លែកច្រើនណាស់ ឲ្យតែដល់ពេលស្រោចទឹកគឺពួកគាត់មកស្រោចទឹកខ្លួនឯង ដែលជាទម្លាប់ល្អសម្រាប់ពួកគាត់។ ហើយពួកគាត់មានចំណេះដឹងមួយគឺពូកគាត់ទំនេរពីការសិក្សា គឺគាត់កាត់បន្លែយកទៅលក់យកលុយទុកឲ្យសាលា។
លោកនាយករូបនេះ បន្ថែមថា៖«យើងបណ្តុះគំនិតឲ្យពួកគាត់ សម្រាប់ទៅថ្ងៃក្រោយទៀត។ មិនមែនមានន័យថាពួកគាត់ជាអ្នកដាំរហូតទេ ជួនណាពួកគាត់ចេះបច្ចេកទេស ពួកគាត់ធ្លាប់ដាំអ៊ីចឹងទៅ ហើយពួកគាត់រៀនបន្ថែមទៀត ហើយពួកគាត់មានទន់ពីក្រោមទៅផង ពួកគាត់នឹងអាចក្លាយជាម្ចាស់សួន ម្ចាស់ចិញ្ចឹមត្រី ម្ចាស់សួនបន្លែនៅថ្ងៃអនាគត»៕
សួនបន្លែដែលសិស្សអនុវិទ្យាល័យឈូកខ្សាច់បានដាំ និងថែទាំដោយស្រោចទឹក បោចស្មៅជាប្រចាំថ្ងៃ រូបភាពពីលោកគ្រូ ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពង់ធំ
សកម្មភាពសិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពងធំ ដែលកំពុងតែស្រោចទឹក និងបោចស្មៅ រូបភាពពីលោកគ្រូ ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ខេត្តកំពង់ធំ
Tag:
សិស្ស
បន្លែ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com