ជាតិ
វីដេអូ
ក្រុមជំរំតង់ យកថ្ងៃ១៤កុម្ភៈ បង្ហាញការដឹងគុណដល់បុព្វបុរសខ្មែរ
× បន្ទាយមានជ័យ៖ ក្រុមមហាគ្រួសារ Cambodia Amazing Trip Planner បានរៀបចំកម្មវិធីបោះជំរំតង់ ក្រោមប្រធានបទ «រួមគ្នាការពារមរតកដូនតាខ្មែរ» កាលពីថ្ងៃទី១៤ កុម្ភៈ នៅបរិវេណប្រាសាទបន្ទាយឆ្មារ។ នាពេលរាត្រី អ្នករៀបចំការបោះជំរំ បានរៀបចំពិធីបួងសួងឧទ្ទិសដល់បុព្វបុរសខ្មែរ ដោយមានស្លៀកសម្លៀកបំពាក់បុរាណ និងអង្គុយស្មឹងស្មាធិ៍ អមដោយការប្រគំភ្លេងបុរាណខ្មែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសខាងក្រោម៖
នាបរិវេណប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner បានលើកឡើងថា៖ «នៅថ្ងៃ១៤កុម្ភៈនេះ យើងចង់បង្ហាញក្ដីស្រឡាញ់ចំពោះដូនតាខ្មែរ ដែលបានកសាង និងបន្សល់ទុកកេរដំណែល ដែលមិនអាចកាត់ថ្លៃបាន។ យើងបានចំណាយពេល ១៥នាទី សមាធិ និងស្មិងស្មាធិ៍ ដែលគោរពដឹងគុណដល់បុព្វបុរសយើង»។ បើតាមលោក សា ឌីណា ការស្លៀកពាក់បុរាណក្នុងពេលបួងសួងនេះ គឺចង់បង្ហាញក្ដីស្រឡាញ់ ដែលជាយុវជនជំនាន់ក្រោយ ក្នុងការឲ្យតម្លៃលើសម្បត្តិវប្បធម៌ខ្មែរ។
នារាត្រីថ្ងៃទី១៤ កុម្ភៈ អ្នកចូលរួមកម្មវិធីបោះជំរំ ប្រមាណជិត ៣០នាក់ បានអង្គុយស្មឹងស្មាធិ៍ និងសមាធិ ក្នុងពិធីបួងសួង ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ។ កញ្ញា ម៉ូលីកា អ្នកចូលរួមក្នុងកម្មវិធីជំរំតង់នេះ បានបង្ហាញអារម្មណ៍បែបនេះ៖ «នេះជាលើកទី១សម្រាប់ខ្ញុំ ហើយមានអារម្មណ៍ប្លែក និងអស្ចារ្យ ដែលបានធ្វើឲ្យស្ងប់ចិត្ត ពេលសមាធិ។ ខ្ញុំគិតថាកម្មវិធីបែបនេះល្អ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីប្រាសាទខ្មែរ និងស្លៀកពាក់បុរាណ រួមទាំងធ្វើពិធីបួងសួងបែបនេះ»។
លោក វុត្ថា វិញ អ្នកចូលរួមកម្មវិធីជំរំតង់នេះម្នាក់ទៀត ប្រាប់ឲ្យដឹងថា សប្បាយចិត្ត ព្រោះមិនធ្លាប់បានចូលរួមកម្មវិធីបែបនេះ និងមានអារម្មណ៍ស្ងប់ចិត្ត។ សូមបញ្ជាក់ថា Cambodia Amazing Trip Planner បង្កើតឡើងដោយយុវជនមួយក្រុម ដែលរស់នៅក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៦ ក្នុងបំណងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា ឲ្យសាធារណជនបានស្គាល់ និងទៅកម្សាន្ត៕
Tag:
ប្រាសាទបន្ទាយឆ្មារ
បន្ទាយមានជ័យ
បុព្វបុរសខ្មែរ
បួងសួង
© រក្សាសិទ្ធិដោយ thmeythmey.com