ជាតិ
វីដេអូ
ក្រុម​ជំរំ​តង់ យក​ថ្ងៃ​១៤​កុម្ភៈ បង្ហាញ​ការដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​
19, Feb 2020 , 4:42 pm        
រូបភាព
​បន្ទាយមានជ័យ​៖ ក្រុម​មហា​គ្រួសារ Cambodia Amazing Trip Planner បានរៀបចំ​កម្មវិធី​បោះជំរំ​តង់ ក្រោម​ប្រធានបទ «​រួមគ្នា​ការពារ​មរតក​ដូនតា​ខ្មែរ​» កាលពី​ថ្ងៃទី​១៤ កុម្ភៈ នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។ នាពេល​រាត្រី អ្នករៀបចំ​ការបោះ​ជំរំ បានរៀបចំ​ពិធីបួងសួង​ឧទ្ទិស​ដល់​បុព្វបុរស​ខ្មែរ ដោយមាន​ស្លៀក​សម្លៀកបំពាក់​បុរាណ និង​អង្គុយ​ស្មឹង​ស្មាធិ៍ អមដោយ​ការប្រគំ​ភ្លេងបុរាណ​ខ្មែរ​។ 



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខាងក្រោម​៖ 
 
 
​នា​បរិវេណ​ប្រាសាទបន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner បាន​លើកឡើងថា​៖ «​នៅ​ថ្ងៃ​១៤​កុម្ភៈ​នេះ យើង​ចង់បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ដូនតា​ខ្មែរ ដែល​បាន​កសាង និង​បន្សល់ទុក​កេរដំណែល ដែល​មិនអាច​កាត់ថ្លៃ​បាន​។ យើង​បាន​ចំណាយពេល ១៥​នាទី សមាធិ និង​ស្មិងស្មាធិ៍ ដែល​គោរព​ដឹងគុណ​ដល់​បុព្វបុរស​យើង​»​។ បើតាម​លោក សា ឌី​ណា ការ​ស្លៀកពាក់​បុរាណ​ក្នុងពេល​បួងសួង​នេះ គឺ​ចង់បង្ហាញ​ក្ដី​ស្រឡាញ់ ដែលជា​យុវជន​ជំនាន់​ក្រោយ ក្នុងការ​ឲ្យ​តម្លៃ​លើ​សម្បត្តិ​វប្បធម៌​ខ្មែរ​។ 
 
​នា​រាត្រី​ថ្ងៃទី​១៤ កុម្ភៈ អ្នកចូលរួម​កម្មវិធី​បោះជំរំ ប្រមាណ​ជិត ៣០​នាក់ បាន​អង្គុយ​ស្មឹង​ស្មាធិ៍ និង​សមាធិ ក្នុង​ពិធីបួងសួង ក្នុង​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។ កញ្ញា ម៉ូ​លីកា អ្នកចូលរួម​ក្នុង​កម្មវិធី​ជំរំ​តង់​នេះ បានបង្ហាញ​អារម្មណ៍​បែបនេះ​៖ «​នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ ហើយ​មាន​អារម្មណ៍​ប្លែក និង​អស្ចារ្យ ដែល​បានធ្វើ​ឲ្យ​ស្ងប់ចិត្ត ពេល​សមាធិ​។ ខ្ញុំ​គិតថា​កម្មវិធី​បែបនេះ​ល្អ ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គា​ល់ពី​ប្រាសាទខ្មែរ និង​ស្លៀកពាក់​បុរាណ រួមទាំង​ធ្វើ​ពិធីបួងសួង​បែបនេះ​»​។​
 
​លោក វុត្ថា វិញ អ្នកចូលរួម​កម្មវិធី​ជំរំ​តង់​នេះ​ម្នាក់ទៀត ប្រាប់​ឲ្យ​ដឹងថា សប្បាយចិត្ត ព្រោះ​មិន​ធ្លាប់បាន​ចូលរួម​កម្មវិធី​បែបនេះ និង​មាន​អារម្មណ៍​ស្ងប់ចិត្ត​។ សូមបញ្ជាក់ថា Cambodia Amazing Trip Planner បង្កើតឡើង​ដោយ​យុវជន​មួយក្រុម ដែល​រស់នៅក្នុង​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១៦ ក្នុង​បំណង​ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ឲ្យ​សាធារណជន​បាន​ស្គាល់ និង​ទៅ​កម្សាន្ត​៕  











Tag:
 ប្រាសាទបន្ទាយឆ្មារ​
  បន្ទាយមានជ័យ​
  បុព្វបុរស​ខ្មែរ​
  បួងសួង​
© រក្សាសិទ្ធិដោយ thmeythmey.com