ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលស្រុក​បន្ទាយស្រី សប្បាយចិត្ត​ពេល​ឃើញ​ពលរដ្ឋ ចេះ​ជួយ​កសិករ ក្នុង​គ្រា​មាន​អាសន្ន​
19, Feb 2020 , 9:59 pm        
រូបភាព
សៀមរាប​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ តាសក់​ផ្អែម​សហគមន៍​ស្រុក​បន្ទាយស្រី​ប្រមាណ​៣០​តោន លក់​ចេញ​អស់​គ្មាន​សល់ បន្ទាប់ពី​អភិបាលស្រុក​បន្ទាយស្រី កៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ​គ្នា​។ ផល​តាសក់​ផ្អែម​អ្នក​បន្ទាយស្រី​នៅ​រដូវ​នេះ គ្មាន​ការបញ្ជាទិញ​ដូច​មុនៗ​ទេ ដោយ​អតិថិជន​ធំៗ​ផ្អាក​ការទិញ ព្រោះ​លក់​មិន​ដាច់​។ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ខេត្តសៀមរាប ជា​មូលហេតុ​ធំ​ដែល​ធ្វើឱ្យ​អ្នក​ដាំ​ខ្នាត​ធំៗ​នៃ​ដំណាំ​តាសក់​ផ្អែម គ្មាន​ទីផ្សារ​។ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ ដែល​អន្ដរាគមន៍​ដោះស្រាយ​បញ្ហា​បណ្ដោះអាសន្ន​នេះ បានបង្ហាញ​អារម្មណ៍​រីករាយ មិន​នឹកស្មានថា​លោក​អាចជួយ​កសិករ​យ៉ាង​លឿន​បែបនេះ​។ ជាងនេះទៅទៀត លោក ហ្វី​ណង់ សប្បាយចិត្ត​ជាខ្លាំង​ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​ចេះ​ឈឺឆ្អាល​ជួយ​កសិករ ក្នុង​គ្រា​ដែល​កំពុងមាន​អាសន្ន​កើតឡើង​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោក ឃឹម ហ្វី​ណង់ នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក ជាទី​ដែល​អភិបាលស្រុក​រូបនេះ​រៀបចំ​សម្រាប់​ដាក់លក់​តាសក់​ផ្អែម ជួយ​កសិករ​ស្រុក​បន្ទាយស្រី​៖


 
​ការបញ្ជាទិញ​ដំណាំ​តាសក់​ផ្អែម​របស់​សហគមន៍​បន្ទា​យ​ស្រី ពី​២​តោន មក​នៅត្រឹម​២០០​គីឡូ​ក្នុង​មួយថ្ងៃ នៅពេល​គ្មាន​តម្រូវការ​ទីផ្សារ​។ ភាពស្ងប់ស្ងាត់​នៃ​ចំនួន​ទេសចរ​ក្នុង​ខេត្ត មិនមែន​ប៉ះពាល់​ត្រឹម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​នោះទេ ក្នុងនោះ​កសិករ​អ្នក​ដាំ​តាសក់​ផ្អែម​សម្រាប់​ផ្គត់ផ្គង់​ផ្សារ​ទំនើប និង​អាជីវកម្ម​ធំៗ ក៏​រង​ផលប៉ះពាល់​មិនតិច​ដែរ​។ 
 
​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ ប្រាប់​ពី​មូលហេតុ​ដែល​លោក​ជួយ​រក​ទីផ្សារ ក៏ដូចជា​ជ្រោមជ្រែង​ការលក់​តាសក់​ផ្អែម​កសិករ ព្រោះថា​ការ​ប្រ​មូ​ផល​តាសក់​របស់​កសិក​រ​មានការ​ស្ទះ​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​គ្មាន​ការបញ្ជាទិញ​។ លោក ហ្វី​ណង់ បាន​បញ្ចេញ​ដំណោះស្រាយ​បណ្ដោះអាសន្ន ទប់​ទល់នឹង​បញ្ហា​បណ្ដោះអាសន្ន ព្រោះ​បារម្ភ​ថា កសិករ​អាច​បាក់​ទឹកចិត្ត​លែង​ដាំ និង​អាច​ជំពាក់​បំណុល​ធនាគារ​ផង​៕





































Tag:
 កសិកម្ម​
  តាសក់​ផ្អែម​
  បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com