អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី ថា ការបន់ស្រន់ ទើបប្រទេសខ្លួនគ្មាន COVID-19 លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី Terawan Agus Putranto (ប្រភពរូប៖ សារព័ត៌មាន The Jakarta Post)
× ជិតពីរខែក្រោយការរីករាលដាលជំងឺផ្លូវដង្ហើមបង្កដោកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ប្រទេសឥណ្ឌូណេស៊ី នៅតែគ្មានករណីឆ្លង ទោះបីជាបណ្ដាប្រទេសក្បែរខាងខ្លួន បានរកឃើញជាច្រើនករណីក៏ដោយក្តី។
អាជ្ញាធរសុខាភិបាលនៃប្រទេសនេះ កំពុងរងសម្ពាធកាន់តែខ្លាំង ខណៈពលរដ្ឋឥណ្ឌូណេស៊ីចង់ឲ្យពួកគេពន្យល់ពីមូលហេតុពាក់ព័ន្ធនឹងការគ្មានករណីឆ្លង COVID-19 បែបនេះ។ ការចោទលើកជាសំណួរបែបនេះ ធ្វើឡើងក្រោយពីការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យអាមេរិកដ៏ល្បីល្បាញ Harvard បានទាញសេចក្តីសន្និដ្ឋានថា ឥណ្ឌូណេស៊ី មានឆ្លង COVID-19 យ៉ាងតិច ៥ ករណី។
សម្រាប់ការសិក្សាដែលចុះផ្សាយកាលពីថ្ងៃ១១ ខែកុម្ភៈ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគដោយផ្អែកលើតួលេខការធ្វើដំណើរតាមជើងអាកាសពីក្រុងវូហាន ទៅប្រទេសឥណ្ឌូណេស៊ី។ទាក់ទិននឹងការសិក្សារបស់សាកលវិទ្យាល័យ Harvard រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីចាត់ទុកវាថា «ជាការមើលងាយ» និងប្រាប់ឲ្យអ្នកស្រាវជ្រាវមកឥណ្ឌូណេស៊ីមើលដោយផ្ទាល់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី Terawan Agus Putranto អះអាងថា ការបន់ស្រន់ គឺជាមូលហេតុមួយដែលធ្វើឲ្យប្រទេសឥណ្ឌូណេស៊ីគ្មានករណីឆ្លង COVID-19 បែបនេះ ខណៈមានការរីករាលដាលជាសាកល។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post លោករដ្ឋមន្ត្រី អះអាងថា៖«យើងជំពាក់គុណនេះទៅព្រះ»។
«ដោយអនុលោមតាមមនោគមន៍វិជ្ជារដ្ឋ Pancasila ប្រទេសយើងជឿលើព្រះ។ ដោយមិនខ្វល់ថា សាសនាណាមួយនោះឡើយ ដរាបណាយើងប្រកាន់ខ្ជាប់ Pancasila ការបន់ស្រន់ គឺជារឿងដ៏សំខាន់បំផុត»។ លោក Terawan បញ្ជាក់បែបនេះ ដោយបន្ថែមថា លោក មិនខ្វាយខ្វល់ឡើយប្រសិនបើបណ្ដាប្រទេសដទៃណាផ្សេង មិនពេញចិត្តនឹងការអនុវត្តរបស់ប្រទេសឥណ្ឌូណស៊ី។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា៖«ហេតុអ្វីយើងគួរខ្មាស់អៀននឹងការពឹងផ្អែកលើព្រះ? យើងពុំគួរខ្មាស់អៀននឹងការពឹងផ្អែកលើការបន់ស្រន់ឡើយ»។
ទោះមិនទាន់រកឃើញករណីជំងឺផ្លូវដង្ហើម COVID-19 ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ធ្លាប់បានរាយការណ៍ពីករណីសង្ស័យចំនួន ៦២ នាក់។ ក៏ប៉ុន្តែបន្ទាប់ពីធ្វើតេស្តរួច លទ្ធផល បានបង្ហាញថា ពួកគេពុំមានឆ្លងកូរ៉ូណាវីរុសឡើយ។ ចំណែកប្រជាជនឥណ្ឌូណេស៊ី ២៣៨ នាក់ ដែលបានជម្លៀសចេញពីក្រុង វូហាន ត្រូវបានដាក់ឲ្យដាច់ដោយឡែក ២ សប្តាហ៍។ ក្រោយមកអ្នកទាំង២៣៨នាក់នេះ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះរៀងខ្លួនវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីធ្វើតេស្តសុខភាពរួចរាល់៕
Tag:
ឥណ្ឌូណេស៊ី
កូរ៉ូណាវីរុស
COVID-19
សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com