ជាតិ
ដោយ​ខ្លាច​ជំងឺផ្តាសាយបក្សី​រាលដាល​មក​កម្ពុជា ក្រសួងកសិកម្ម រឹតបន្តឹង​ការ​នាំចូល​បក្សី​ពី​វៀតណាម​
19, Feb 2020 , 10:39 pm        
រូបភាព
កសិដ្ឋានចិញ្ចឹមមាន់ (រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
កសិដ្ឋានចិញ្ចឹមមាន់ (រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ណែនាំ​ឲ្យ​ម​ន្រី្ត​រឹតបន្តឹង​ការ​នាំចូល​បក្សី (​ដូចជា​មាន់​ជាដើម  ពី​វៀតណាម ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្កា​សាយ​បក្សី ដែល​កំពុង​រាលដាល​នៅ​ខេត្ត​ត្រា​វិញ​ភាគខាងត្បូង ប្រទេស​វៀតណាម​។ នេះ​បើតាម​សារាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។


 
​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា នៅ​ប្រទេស​វៀតណាម មានការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្ស A/H5N1 ហើយ​បាន​កម្ទេច​មាន់​ជាង​៥​ម៉ឺន​ក្បាល​។ ដូច្នេះ ដើម្បី​បង្ការ​និង​ទប់ស្កាត់ ក្រសួង​ដាក់​វិធានការ​ឲ្យ​ម​ន្រី្ត រឹតបន្តឹង​ការ​នាំចូល​បក្សី និង​ផលិតផល​ពី​បក្សី​ខុសច្បាប់ ដែល​ឆ្លង់កាត់​ព្រំដែន ត្រូវមាន​លិខិតអនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ​។ លើសពីនេះ ត្រូវអនុវត្ត​វិធានការ​អនាម័យ លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​។ ជាមួយគ្នា​ដែរ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ម​ន្រី្ត​កសិកម្ម​រាជធានី​-​ខេត្ត​ទាំងអស់ បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​លើ​ផ្នែកអនាម័យ​ទៅដល់​កសិករ ម្ចាស់​កសិដ្ឋាន អ្នក​ពិឃាត​បក្សី និង អាជីវករ ជាដើម​។ 
 
​ទន្ទឹមនឹងនេះ មន្ត្រី​កសិកម្ម ត្រូវ​សហការ​ជាមួយ​មន្ត្រី​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺផ្តាសាយបក្សី ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី ដើម្បី​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី ឱ្យបាន​ទាន់ពេលវេលា​។ ប្រសិនបើ ករណី​ពលរដ្ឋ មានការ​សង្ស័យ អំពី​ជំងឺផ្តាសាយបក្សី អាច​ទំនាក់ទំនង​សួរ​ព័ត៌មាន​ទៅ​ម​ន្រី្ត​ជំនាញ តាម​លេខ​ទូរស័ព្ទ ០១២ ២១៤ ៩៧០៕

Tag:
 ផ្ដាសាយ​បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com