កីឡាជាតិ
ជាតិ
ជំនួប​រវាង​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​បឹងកេត​ទាក់ទាញ​អ្នកទស្សនា​ច្រើនជាងគេ​
20, Feb 2020 , 8:59 am        
រូបភាព
អ្នកគាំទ្រ និងសកម្មភាពប្រកួតរវាងអង្គរថាយហ្គឺរជាមួយបឹងកេត, រូបភាពពី CNCC
អ្នកគាំទ្រ និងសកម្មភាពប្រកួតរវាងអង្គរថាយហ្គឺរជាមួយបឹងកេត, រូបភាពពី CNCC
ដោយ:
​ជំនួប​បើកឆាក​រវាង​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​បឹងកេត​នៅ​កីឡដ្ឋាន S.R.U ក្នុង​សប្តាហ៍​ទី​១​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ បាន​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​មក​ទស្សនា​ផ្ទាល់​ច្រើនជាងគេ​ក្នុងចំណោម​ការប្រកួត​ទាំង​៦​គូ​។ នេះ​បើតាម​តារាង​ចំនួន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ក្នុង​សប្តាហ៍​ទី​១ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​។ 

 
​ជំនួប​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ភ្ញៀវ​បឹងកេត បាន​ទាក់ទាញ​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន S.R.U ចំនួន​២,៦៥៩​នាក់​។ ចំនួន​នេះ ជួយ​ឲ្យ​ជំនួប​រវាង​ក្រុម​ទាំងពីរ ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​អ្នកទស្សនា​ផ្ទាល់​ច្រើនជាងគេ​ប្រចាំ​សប្តាហ៍​ទី​១​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែលមាន​ការប្រកួត​ចំនួន​៦​គូ​។​
 
​ចំណែក​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​វិសាខា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្រោយ​មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​វិសាខា​ចំនួន​២,៥៧៣​នាក់​។ សម្រាប់​ការប្រកួត​នេះដែរ វិសាខា​បាន​យកឈ្នះ​ប៉ូលិស​ក្នុង​លទ្ធផល ២-១​។ រីឯ​ជំនួប​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៥-១ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ទាក់ទាញ​អ្នកគាំទ្រ​បាន​ចំនួន​១,២៥៣​នាក់​។​
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន Smart R.S.N ដែល​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ មាន​អ្នកទស្សនា​ផ្ទាល់​ចំនួន​១,០៧៦​នាក់ ខណៈ​ជំនួប​អាស៊ី​អឺរ៉ុប​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ មាន​អ្នកគាំទ្រ​ចំនួន​៥២៥​នាក់ និង​ជំនួប​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​រវាង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​ក្រសួងការពារជាតិ​មាន​អ្នកគាំទ្រ​ចំនួន​១៥០​នាក់​៕  

Tag:
 អង្គ​រថា​យ​ហ្គឺ​រ​
  បឹងកេត​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com