អន្តរជាតិ
អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​នៅ​ហ៊ូ​ប៉ី និង​សមាជិកគ្រួសារ​បីនាក់​ស្លាប់​ដោយសារ COVID-19
19, Feb 2020 , 5:59 pm        
រូបភាព
​ជា​រឿង​គួរ​សោកសៅ អ្នកដឹកនាំ​ភាពយន្ត​ល្បីឈ្មោះ​ម្នា​ក់នៅ​ខេត្ត​ហ៊ូ​ប៉ី រួមទាំង​ឪពុកម្ដាយ និង​ប្អូនស្រី​របស់គាត់ បាន​ស្លាប់​ទាំងអស់គ្នា​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ចិន Caixin ។ នេះ​ជា​ករណី​ស្លាប់​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ក្នុងករណី​ស្លាប់​ជាច្រើន​នៅក្នុង​ទឹកដី​ចិន​ដែល​កំពុង​រួមរឹត​ដោយ​កូ​រ៉ូ​ណាវី​រុស​។

 
​បើតាម​ទស្សនាវដ្ដី Caixin អ្នកដឹកនាំ​ភាពយន្ត​ឈ្មោះ Chang Kai វ័យ​៥៥​ឆ្នាំ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​១៤ កុម្ភៈ​កន្លងទៅ បន្ទាប់ពី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ពី​ឪពុក​របស់លោក​។ ឪពុកម្ដាយ​របស់លោក បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ​មុន​លោក​ពីរ​សប្ដាហ៍​។ ចំណែក​ប្អូនស្រី​របស់លោក បាន​ស្លាប់​ក្រោយ​លោក​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​ប្រពន្ធ​របស់លោក Chang វិញ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ 
 
​ទស្សនាវដ្ដី​ខាងលើ​បន្តថា លោក Chang មើលថែ​ឪពុក​របស់លោក​ដែល​ធ្លាក់ខ្លួន​ឈឺ​នៅ​ចុងខែ​មករា ហើយ​ក៏បាន​នាំយក​គាត់​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ប៉ុន្តែ​មិនអាច​រក​គ្រែ​សម្រាក​បាន​។ ឪពុក​លោក Chang ក៏​ស្លាប់​នៅ​ថ្ងៃទី​២៨ ខែមករា​ដោយសារ​វីរុស​នេះ ហើយ​គេ​ជឿថា វា​ក៏បាន​ឆ្លង​ទៅកាន់​សមាជិកគ្រួសារ​ដទៃទៀត​ដែរ​។ ក្រោយមក ម្ដាយ​លោក Chang ក៏​ស្លាប់ ឯ​រូបលោក​ក៏​ជា​មនុស្ស​បន្ទាប់​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​។​
 
​មុន​ស្លាប់ លោក Chang បាន​សរសេរ​សំបុត្រ​ទៅកាន់​មនុស្ស​ជិតស្និទ្ធ និង​កូនប្រុស​ដែល​កំពុង​រស់នៅ​ទឹកដី​អង់គ្លេស​ផងដែរ​។ 
 
​ករណី​ឆ្លង​មួយ​គ្រួសារ​បែបនេះ ធ្វើ​ឲ្យ​មានការ​សង្ស័យថា បណ្ដាលមកពី​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី ពិសេស​ទីក្រុង​វូ​ហាន​ដែល​ហាម​ប្រជាជន​ចេញពីផ្ទះ ឬក៏​ការដាក់​ឲ្យ​អ្នក​សង្ស័យ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅ​ជាមួយគ្នា​ជា​ក្រុមៗ​។ វិធានការ​នេះ អាច​ទប់ស្កាត់​ការឆ្លង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​វា​ក៏មាន​ហានិភ័យ​ខ្ពស់​ដែល​វីរុស​អាច​ឆ្លង​ពី​អ្នកជំងឺ​ទៅ​មនុស្ស​ក្បែរ​ខាង​ពួកគេ​។​
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២០១០​នាក់​ហើយ បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែកុម្ភៈ នេះ ដោយ​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នកស្លាប់​១៣២​នាក់​បន្ថែមទៀត​។ តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៧៥ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​តែម្ដង​៕   

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com