ជាតិ
សេដ្ឋកិច្ច
សមាគមពាណិជ្ជកម្ម មើលឃើញថា ខ្មែរជាច្រើន នឹងលំបាកខ្លាំង ព្រោះតែការកាត់ EBA ២០ភាគរយ
19, Feb 2020 , 5:53 pm        
រូបភាព
រូបពី AFP
រូបពី AFP
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ចាត់ទុកការបាត់បង់អត្ថប្រយោជន៍ផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ក្នុងស្ថានភាពបច្ចុប្បន្ន ថានឹងធ្វើឲ្យធ្លាក់ចុះនូវគុណតម្លៃនិងភាពសំខាន់នៃគម្រោងកម្មវិធីការងារសាកល និងប្រកបដោយវឌ្ឍនភាព។



លើសពីនេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា មើលឃើញទៀតថា ការបាត់បង់ការងារ នឹងកើតមានឡើយ ហើយនឹងនាំឲ្យមនុស្សជាច្រើន «វិលត្រឡប់ទៅរកភាពលំបាកយ៉ាងខ្លាំង» បន្ទាប់ពីបានខិតខំបង្កើនជីវភាពរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។

តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានសរសេរថា៖«ការសម្រេចចិត្ត [របស់សហភាពអឺរ៉ុប] នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជន ដែលសហភាពអឺរ៉ុប និយាយដោយខ្លួនឯងផ្ទាល់ថា នឹងផ្តល់ការគាំទ្រ»។

អត្ថបទទាក់ទង


សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាថា នឹងធ្វើអ្វីដែលខ្លួនអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការដកផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធនេះ និងប្តេជ្ញថា នឹងជួយជ្រោមជ្រែងកម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ហើយកាន់តែសម្បូរបែប។

យ៉ាងណាក៏ដោយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ជំរុញឲ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនៃការដកផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធនេះ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប សម្រេចដក១ភាគ៥ ឬ២០ភាគរយ ពីប្រព័ន្ធអនុគគ្រោះពន្ធ EBA ដែលតម្រូវឲ្យកម្ពុជា ត្រូវបង់ពន្ធប្រមាណ១០០លានដុល្លារក្នុង១ឆ្នាំ សម្រាប់ការនាំទំនិញទៅទីផ្សារអឺរ៉ុប។ បើគ្មានការប្រួលប្រែទេ កម្ពុជា នឹងបង់ពន្ធ ចាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ទំនិញកម្ពុជា ដែលរងផលប៉ះពាល់ពីការដកផ្នែកខ្លះនៃ EBA មានដូចជា សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ និង ស្ករស ជាដើម៕

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com