ជាតិ
អ្នកទេសចរ Westerdam ចាកចេញពីកម្ពុជាអស់ នៅថ្ងៃ១៩កុម្ភៈនេះ
19, Feb 2020 , 6:30 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
ភ្នំពេញ៖  អ្នកដំណើរដែលនៅសេសសល់២៣៣នាក់ចុងក្រោយ ក្នុងនាវាទេសចរ Westerdam  បានចាកចេញពីកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈនេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។



នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី សរសេរថា អ្នកដំណើរទាំងនោះ បានធ្វើដំណើរតាមរថយន្តក្រុង១០គ្រឿង ចេញពីក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយនឹងបន្តដំណើរទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ តាមជើងហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ប្រភពដែល បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដំណើរជាង២០០នាក់ចុងក្រោយនេះ គឺមាននាវឹក២០នាក់។ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា អ្នកដំណើរទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កម្តៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថា ពិតជាគ្មានមេរោគ COVID-19។ លើសពីនេះបុគ្គលិករបស់នាវាទាំងអស់ ក៏បានពិនិត្យសុខភាពឡើងវិញដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមរម្លឹកថា នាវាទេសចរណ៍របស់អាមេរិក Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយមានការបដិសេធមិនឱ្យចត ពីប្រទេសជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និង ថៃ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺរលាកសួត COVID-19។ នាវានេះ ផ្ទុកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ មាន១,៤៥៥នាក់ និងនាវិកបុគ្គលិកនាវា មាន៨០២នាក់៕

Tag:
 Westerdam
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com