អន្តរជាតិ
COVID-19៖ អ្នកស្លាប់ទាំង២នាក់នៅ Diamond Princess ជាជនជាតិជប៉ុនវ័យ៨៤ឆ្នាំ និង៨៧ឆ្នាំ
20, Feb 2020 , 11:29 am        
រូបភាព
ដោយ:
​អ្នកដំណើរ​ពីរ​នាក់​លើ​នាវា Diamond Princess ដែល​ចត​នៅ​ផែ Yokohama បាន​ស្លាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ NHK នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ​។ អ្នកស្លាប់​ទាំងពីរ​នាក់​នោះ ជា​បុរស និង​ស្ត្រី​ដែលមាន​វ័យ​ជាង​៨០​ឆ្នាំ​ ដែលសុទ្ធតែជាជនជាតិជប៉ុន។ កន្លងមក ជនជាតិជប៉ុនម្នាក់ត្រូវបាន​វាយការណ៍ផងដែរថា ស្ថិតក្នុងចំណោម​បរទេស​ពីរនាក់ដែលស្លាប់នៅវូហាន ដោយម្នាក់​ទៀតជាជន​ជាតិអាមេរិក។


យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន NHK ដោយ​ដកស្រង់​ប្រភពព័ត៌មាន​រដ្ឋាភិបាល អ្នកដំណើរ​ពីរ​នាក់​ដែល​ស្លាប់​ព្រោះ​ជំងឺ COVID-19 គឺ​​បុរស ដែល​ស្ថិតក្នុង​វ័យ ៨៧​ឆ្នាំ​ និងស្ត្រីវ័យ​៨៤ឆ្នាំ។  ករណី​ស្លាប់​នេះ កើតឡើង​ខណៈ​អ្នកដំណើរ​ក្រុមទី​២ បានចាប់ផ្ដើម​ចាកចេញ​ពី​នាវា​ទេសចរណ៍ Diamond Princess ក្រោយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ២ សប្តាហ៍​លើ​នាវា​។​

តាម​ប្រភពព័ត៌មាន​ដដែល អ្នកស្លាប់​ទាំងពីរ ដែល​ពុំទាន់​ត្រូវ​បានបង្ហាញ​អត្តសញ្ញាណ បាន​មាន​រោគសញ្ញា​ជំងឺ ហើយ​បាន​បញ្ជូន​ចេញពី​នាវា​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សម្រាក​ព្យាបាល កាលពី​ថ្ងៃ​១១ ខែកុម្ភៈ និង​ម្នាក់ទៀត​នៅ​ថ្ងៃ​១២ ខែកុម្ភៈ ។​

នាវា Diamond Princess ត្រូវបាន​ជប៉ុន​ឃាត់ទុក​តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ មកម្ល៉េះ នា​កំពង់ផែ Yokohama បន្ទាប់ពី​ជប៉ុន​រកឃើញ​បុរស​ហុងកុង​ម្នាក់​មាន​ផ្ទុក​COVID-19​។ ចាប់តាំងពី​ឃុំឃាំង នាវា​ទេសចរណ៍​ដែលមាន​មនុស្ស​ប្រមាណ ៣៧០០​នាក់​រួចមក ជប៉ុន​បាន​រក​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ជា​បន្តបន្ទាប់ និង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ គិត​ត្រឹម​ថ្ងៃទី​១៩ ខែកុម្ភៈ គេ​រកឃើញ COVID-19 នៅក្នុង​នាវា​ទេសចរណ៍​មួយគ្រឿង​នេះ កើន​ដល់​ចំនួន ៦២០​ករណី​។​
 
​សូមបញ្ជាក់ថា នាវា Diamond Princess បាន​ចាក​ចេញពី​កំពង់ផែ Yokohama នា​ថ្ងៃទី​២០ ខែមករា និង​បានធ្វើ​ដំណើរ​ទៅ​ហុងកុង វៀតណាម និង​តៃវ៉ាន់ មុនពេល​ត្រលប់មក​កំពង់ផែ Yokohama វិញ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​៕​

អត្ថបទទាក់ទង

Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com