អន្តរជាតិ
ចិន​បណ្ដេញ​អ្នកកាសែត WSJ បីនាក់ ក្រោយ​ការផ្សាយ​អត្ថបទ «​ចិន​ជា​អ្នកជំងឺ​អាស៊ី​»
20, Feb 2020 , 11:07 am        
រូបភាព
​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ចិន បាន​បញ្ជា​ឲ្យ​អ្នកសារព័ត៌មាន​បីនាក់​ដែល​ធ្វើការ​ឲ្យ​កាសែត​អាមេរិក Wall Street Journal (WSJ) ចាកចេញពីប្រទេស ក្រោយ​ស្ថាប័ន​មួយ​នេះ​មិន​សុំទោស​ចិន​ពាក់ព័ន្ធ​ការផ្សាយ​អត្ថបទ​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា មានការ​រើសអើង​ប្រឆាំង​ចិន​។ ការចេញ​បញ្ជា​នេះ ក៏​ធ្វើឡើង​ក្រោយ​អាមេរិក​ចាត់ថ្នាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ចំនួន​៥ ជា​ឧបករណ៍​របស់​រដ្ឋ មិនមែនជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៀតឡើយ​។ យ៉ាងណាមិញ វិធានការ​របស់​ចិន ត្រូវ​មើលឃើញថា មាន​លក្ខណៈ​ខ្លាំងពេក​។

 
​ក្រោយ​មិន​ទទួល​បានការ​សុំទោស​ផ្លូវការ​ពី​កាសែត Wall Street Journal លើ​ការផ្សាយ​អត្ថបទ​ទស្សនៈ​មាន​ចំណងជើង​ថា «​ចិន​ជា​អ្នកជំងឺ​អាស៊ី​» ទីក្រុង​ប៉េកាំង បានសម្រេច​ចិត្ត​ដកហូត​បណ្ណ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​របស់​ស្ថាប័ន​នេះ​ចំនួន​បីនាក់​ដែល​កំពុង​បំពេញ​កា​ងា​រលើ​ទឹកដី​ចិន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang អះអាងថា ចិន​មាន​សិទ្ធិ​ធ្វើបែបនេះ ព្រោះ​កាសែត​អាមេរិក​មិនបាន​ឆ្លើយតប​តាម​ការចង់បាន​។​
 
«​ចិន​ជា​អ្នកជំងឺ​អាស៊ី​» ជា​ចំណង​អត្ថបទ​បែប​ទស្សនៈ​របស់លោក Walter Russell Mead ដែល​កាសែត Wall Street Journal ផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​កន្លងទៅ ដោយបាន​រិះគន់​ចិន​លើ​ចំណាត់ការ​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​ផ្លូវដង្ហើម​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ អត្ថន័យ​ក្នុង​អត្ថបទ ទំនង​មិនមែនជា​បញ្ហា​ឡើយ ប៉ុន្តែ​ការដាក់​ចំណង​ខាងលើ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ក្ដៅស្លឹកត្រចៀក​ខ្លាំង ហើយ​ការ​បានដាក់​តវ៉ា និង​ទាមទារ​ការសុំ​ទោស​តែម្ដង​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ លោក Geng និយាយថា កាសែត​អាម​រិ​ក មិនបាន​ផ្ដល់​ការសុំ​ទោស​ឡើយ ចំពោះ​ចំណង​អត្ថបទ​ដែលមាន​លក្ខណៈ​រើសអើង​វាយប្រហារ​លើ​ចិន​។ «​ដូចនេះ ចាប់ពី​ថ្ងៃទី​នេះ​តទៅ កាត​អ្នកសារព័ត៌មាន​របស់​បុគ្គលិក​កាសែត​នេះ ត្រូវ​ដកហូត​វិញ​។​» នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស​ចិន​ដែល​បន្តថា ចិន​នៅតែ​បន្ត​សម្រួល​អ្នកសារព័ត៌មាន​អន្តរជាតិ​ធ្វើការ​នៅ​ចិន​ទៅតាម​បទដ្ឋាន​អន្តរជាតិ​។​
 
​កាសែត Wall Street Journal ផ្សាយ​ថា បុគ្គលិក​ខ្លួន​ដែល​ត្រូវ​ចិន​ដកហូត​កាត​មាន​អនុប្រធាន​ការិយាល័យ​ប្រចាំ​ចិន Josh Chin, អ្នករាយការណ៍​ឈ្មោះ Chao Deng ដែល​សុទ្ធសឹង​ជា​ជនជាតិ​អាមេរិក និង​អ្នករាយការណ៍​ម្នាក់ទៀត​ឈ្មោះ Philip Wen ដែលមាន​សញ្ជាតិ​អូស្ត្រាលី​។ អ្នក​ទាំងបី ត្រូវបាន​អាជ្ញាធរ​ទុកពេល​៥​ថ្ងៃ​ដើម្បី​វេច​សម្ភារ​ចេញពី​ទឹកដី​ចិន​។ អ្នក​ទាំងបី ធ្វើការ​នៅ​ផ្នែក​ព័ត៌មាន ដែល​នៅ​ដាច់ដោយឡែក​ពី​ផ្នែក​ព័ត៌មាន​ទស្សនៈ និង​បទ​អត្ថាធិប្បាយ​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​រិះគន់​ចិន​ចំពោះ​ការបណ្ដេញ​អ្នកសារព័ត៌មាន​ធ្វើការ​ឲ្យ​កាសែត​អាមេរិក​ទាំងបី​នាក់​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន លោក ប៉ុ​ម​ប៉េ​អូ និយាយ​បែប​ឌឺដង​ថា លោក​ស​ង្ឃឹ​ថា ចិន​អនុញ្ញាត​ពលរដ្ឋ​ឲ្យ​ទទួលបាន​ព័ត៌មាន​ពិត​ដូចដែល​ប្រជាជន​អាមេរិក​ទទួលបាន​ដែរ​។ លោក​បន្ថែមថា នៅ​ប្រទេស​ចាស់ទុំ​មានការ​ទទួលខុសត្រូវ គឺ​គេ​យល់ថា សេរីភាព​សារព័ត៌មាន ផ្សព្វផ្សាយ​ពី​ការពិត ហើយ​បញ្ចេញ​ទស្សនៈ​ដែរ​។​
 
​ក្លិប​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​ប្រចាំ​ចិន (FCCC) បាន​ហៅ​កា​រប​ណ្ដេ​ចេញ​នេះ ជា​ទម្រង់​នៃ​ការសង​សឹក​ដែល​មិន​ធ្លាប់មាន​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន FCCC លើកឡើងថា វិធានការ​របស់​ចិន​លើ​អ្នកសារព័ត៌មាន Wall Street Journal គឺជា​ការប៉ុនប៉ង​រប​ស់​សំណាក់​អាជ្ញាធរ​ចិន​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​៕  

Tag:
 ចិន​
  Wall Street Journal
© រក្សាសិទ្ធិដោយ thmeythmey.com