ជាតិ
សង្គមជាតិ
កម្ពុជា​ថា ការធ្វើ​តេស្ត​របស់​ម៉ាឡេស៊ី រក​វីរុស COVID-19 លើ​ស្ត្រី​អាមេរិក «​គឺមាន​ភាពមិនប្រក្រតី​»
20, Feb 2020 , 12:02 pm        
រូបភាព
នាវា Westerdam ចតនៅកំពង់ផែព្រះសីហនុ (រូបពី AFP)
នាវា Westerdam ចតនៅកំពង់ផែព្រះសីហនុ (រូបពី AFP)
ដោយ: ថ្មីៗ
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​នាយកដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង​» នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ថា ការធ្វើ​តេស្ត​ពី​មន្ទីរពិសោធន៍​ប្រទេស​ម៉ាឡេស៊ី ដោយ​បង្ហាញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស COVID-19 លើ​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ ដែល​ចេញពី​កម្ពុជា «​គឺមាន​ភាពមិនប្រក្រតី​» ហើយ​តម្រូវ​ឲ្យ​ធ្វើតេស្ត​ឡើងវិញ «​តាម​ស្តង់ដា​អន្តរជាតិ​»​។


 
​បន្ថែម​ពីលើ​សំណេ​នេះ លោក លី សូ​វ៉ាន់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា​៖«​យើង នៅតែ​បន្តការងារ​ហ្នឹង ពិតមែនតែ​លទ្ធផល​ឃើញ​យ៉ាងម៉េច​ក៏ដោយ​...»​។ លោក បន្តថា​៖«​យើង សហការ​ជិតដិត​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (US CDC) ដើម្បី​ធ្វើ​ការងារ​ឲ្យ​កាត់​តែ​ខ្ជាប់ខ្ជួន​ល្អ​»​។​

​ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ ពុំបាន​ឆ្លើយ​នោះទេ​ថា កម្ពុជា នឹង​បញ្ជូន​ក្រុមគ្រូពេទ្យ​និង​អ្នកជំនាញ ទៅធ្វើ​ការរួម​គ្នា​ជាមួយ​ភាគី​ម៉ាឡេស៊ី​ផ្ទាល់ ឬ​យ៉ាងណា ក្នុងការ​ធ្វើតេស្ត​លើ​ស្ត្រី​អាមេរិក​រូបនោះ​។ 
 
​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ នា​ពិធី​ប្រគល់​សញ្ញាបត្រ​ជូ​នគ​រិ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​បី​ភាគី រួមមាន អង្គការ​សុខភាព​ពិភពលោក ម្ចាស់​នាវា Westerdam និង ក្រសួងសុខាភិបាល​កម្ពុ​ជា ធ្វើការ​ផ្ទាល់​ជាមួយ​ភាគី​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​ការពិត​ថា ស្ត្រី​អាមេរិក​រូបនោះ ពិត​ជាមាន​វីរុស COVID-19 មែន ឬ​មិនមែន​។ ប្រមុខ​រដ្ឋាភិបាល មានការ​សង្ស័យថា ហេតុអ្វី អ្នកទេសចរ​ផ្សេងទៀត លើ​នាវា Westerdam ដោយ​រួមទាំង​ស្វាមី​របស់​ស្ត្រី​អាមេរិក​រូបនោះ​ផងដែរ មិនបាន​ឆ្លង​វីរុស COVID-19 ពី​គាត់​?  
 
​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល លើក​ជា​យោបល់​រួចហើយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា ក៏បាន​ពិភាក្សា​ជាមួយ​លោក Dzulkefly Ahmad រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ក្នុង​ថ្ងៃនោះ​តែម្តង​។ លោក Dzulkefly Ahmad សរសេរ​លើ Twitter ថា​៖«​យើង បាន​ពិភាក្សាគ្នា​ពី​បញ្ហា​វីរុស COVID-19 ជាពិសេស​ផ្តោតជាសំខាន់​លើ​ស្ត្រី​អាមេរិក ដែល​មា​ឡេ​ស៊ី រកឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស COVID-19 ។ ម៉ាឡេស៊ី​និង​កម្ពុជា នឹង​ចាត់វិធានការ​ចំ​បាច់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​»​។​
 
​ស្ត្រី​អាមេរិក និង ស្វាមី រួមទាំង​អ្នក​ផ្សេងទៀត ដែលជា​អ្នកទេសចរ​តាម​នាវា Westerdam បានធ្វើ​ដំណើរ​ពី​កម្ពុជា ទៅ​ម៉ាឡេស៊ី ដើម្បី​បន្ត​ជើង​ហោះ ទៅ​ប្រទេស​របស់​ពួកគេ​។ អ្នក​ទាំងនោះ បាន​ចាក​ចេញពី​ម៉ាឡេស៊ី ទៅ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន តែ​ក៏មាន​មួយចំនួន ត្រូវបានធ្វើ​តេស្តរ​កវី​រុស COVID-19 ដោយ​ក្នុងនោះ រកឃើញ​លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​។ 
 
​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ម៉ាឡេស៊ី ក៏បាន​ប្រកាស​ព័ត៌មាន​ពី​ការរកឃើញ​វីរុស COVID-19 លើ​ស្ត្រី​អាមេរិក​នោះ​។ ដោយ​មិន​អស់ចិត្ត កម្ពុជា បានស្នើ​ឲ្យ​ម៉ាឡេស៊ី  ធ្វើតេស្ត​ស្ត្រី​អាមេរិក​នោះ​សាជាថ្មី​។ តែ​លទ្ធផល​លើក​ពីរ នៅតែ​ដូច​មុន​ដដែល​គឺ បង្ហាញថា ស្ត្រី​អាមេរិក​នោះ ពិត​ជាមាន​វីរុស COVID-19 មែន​។ ទោះជា​ម៉ាឡេស៊ី ធ្វើតេស្ត​លើ​ស្ត្រី​អាមេរិក​ពីរដង​រួចហើយ​ក្តី តែ​កម្ពុជា នៅតែ​ចង់​ឲ្យ​ធ្វើ​ម្តងទៀត​។​
 
​ចំពោះ​អ្នកទេសចរ​ផ្សេងទៀត តាម​នាវា Westerdam បាន​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​អស់ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២០ ខែកុម្ភៈ​។ ក្រសួងសុខាភិបាល អះអាងថា មុននឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​កម្ពុជា ពួកគេ​ទាំងអស់ សុទ្ធ​ឆ្លើង​កាត់​ការពិនិត្យ​សុខភាព ហើយ​លទ្ធផល គឺ​គ្មាន​អ្នកណាម្នាក់ មាន​វីរុស COVID-19 ឡើយ​៕ 

Tag:
 កម្ពុជា​-​ម៉ាឡេស៊ី​
  ស្ត្រី​អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com