អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​ឡើងដល់​៨៧​ករណី​ហើយ ក្រោយ​រកឃើញ​៣៦​នាក់​ទៀត​នៅ Daegu
20, Feb 2020 , 2:20 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​កូរ៉េខាងត្បូង បន្ត​រកឃើញ COVID-19 ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស ចំនួន ៣៦​ករណី​បន្ថែមទៀត នៅក្នុង​ក្រុង​Daegu​។ ការណ៍​នេះ ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​មាន​ចំនួន COVID-19 សរុប ៨៧​ករណី​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​សុខាភិបាល មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។

 
​គិត​ត្រឹម​តែមួយ​សប្តាហ៍​នេះ​ប៉ុណ្ណោះ កូរ៉េខាងត្បូង បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​រហូតដល់​ជាង ៥០​ករណី​ឯណោះ​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ជុំវិញ​ករណី​ឆ្លង​នៅក្នុង​ប្រទេស និង​នៅតាម​ព្រះវិហារ​សាសនា ដែលជា​កន្លែង​ជួបជុំ​មនុស្ស​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ អ្នកជំងឺ​ផ្ទុក COVID-19 ចំនួន ៣៦​ករណី​បន្ថែមទៀត បន្ទាប់ពី​គេ​ទើបតែ​រកឃើញ ១៥​ករណី​នា​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ក្នុងចំណោម ៣១​ករណីនេះ អ្នកជំងឺ​ចំនួន ៣០​ករណី ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល និង​ខេត្ត North Gyeongsang ចំណែក ១​ករណី​ទៀត ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ 
 
​ក្នុងចំណោម ៣០​ករណី ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ក្រុង Daegu មាន ២៣​ករណី មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ COVID-19 វ័យ​៦១​ឆ្នាំ ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ នា​ថ្ងៃទី​១៨ ខែកុម្ភៈ​។  អ្នកជំងឺ​វ័យ ៦១​ឆ្នាំ​រូបនេះ គឺជា​ស្ត្រី​ករណី​ទី​៣១​នៅ​កូរ៉េខាងត្បូង ដែល​ត្រូវបាន​គេ​រាយការណ៍​ថា អាច​ចម្លង​មនុស្ស​ប្រមាណ​៤០​នាក់​ឯណោះ ក្នុង​រយៈពេល​កន្លងមក ខណៈ​ស្ត្រី​រូបនេះ បាន​ទៅ​ព្រះវិហារ​សាសនា​មួយកន្លែង​ក្នុង​ទីក្រុង Daegu ។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង មិនទាន់​ច្បាស់​នៅឡើយ​ទេ ខណៈពេល​ស្ត្រី​រូបនេះ មិន​ធ្លាប់​ធ្វើដំណើរ​ទៅ​បរទេស ឬ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ COVID-19 កន្លងមក​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com