វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
លោក Larry Tesler អ្នកបង្កើត Cut, Copy &Paste លើ​កុំព្យូទ័រ​ស្លាប់​នៅ​អាយុ ៧៤​ឆ្នាំ​
20, Feb 2020 , 3:01 pm        
រូបភាព
ដោយ:
​លោក Larry Tesler អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែល​បង្កើត «Cut, Copy & Paste» បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ​នៅ​វ័យ​៧៤​ឆ្នាំ ។ បើតាម​ការចុះផ្សាយ​សារព័ត៌មាន BBC នៅ​ថ្ងៃ​២០ ខែកុម្ភៈ មូលហេតុ​នៃ​ការស្លាប់​របស់លោក ពុំ​ត្រូវបាន​បញ្ជាក់​ឡើយ​។

 
​លោក Larry Tesler បាន​ផ្ដើម​ធ្វើការ​ក្នុង​តំបន់ Silicon Valley នៅ​អំឡុង​ដើមឆ្នាំ​១៩៦០​។ លោក គឺជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​មួយ​ដែល​ធ្លាប់​ប្រឡូក​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​នៅ​អាមេរិក​ដូចជា Xerox PARC, Apple, Amazon, និង​Yahoo! ជាដើម​។  លោក ជា​អ្នកក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដែល​កើត​នៅ​ឆ្នាំ​១៩៤៥ ហើយ​បាន​សិក្សា​មុខជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Standford ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ 
 
​ក្រុមហ៊ុន Xerox PARC ដែល​ជាទី​លោក Larry ចំណាយពេល​មួយផ្នែក​នៃ​ជីវិត​ការងារ​លោក បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​រូបលោក​។ តាមរយៈ​បណ្ដាញ​សង្គម Twitter ក្រុមហ៊ុន សរសេរ​បែបនេះ​ថា​៖«​អ្នកបង្កើត​ក្ដារ​បញ្ជា cut/copy &paste, find & replace និង​ច្រើន​ទៀត គឺជា​អតីត​អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Xerox គឺ​លោក Larry Tesler»​។ ក្រុមហ៊ុន​នេះ អះអាង​ទៀតថា​៖«​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក គឺជា​មាន​ភាពងាយស្រួល អរគុណ​ដល់​គំនិត​ច្នៃប្រឌិត​របស់លោក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com