អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​មានអ្នកស្លាប់​ដំបូង ខណៈអ្នកជំងឺ​ឡើង​ដល់​១០៤នាក់
20, Feb 2020 , 3:38 pm        
រូបភាព
លោកស្រី Chung Eun-kyung ប្រធានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងកូរ៉េខាងត្បូង។ រូបថត Yonhap
លោកស្រី Chung Eun-kyung ប្រធានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងកូរ៉េខាងត្បូង។ រូបថត Yonhap
កូរ៉េខាងត្បូង នារសៀលថ្ងៃព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ នេះ បាន​ប្រកាសពីករណី​ស្លាប់​ដំបូង​ដោយសារ COVID-19 ខណៈដែលអ្នកជំងឺ​ឡើង​ដល់​១០៤នាក់។ នេះ​បើតាម​ការអះអាង​របស់អ្នក​ស្រី Chung Eun-kyung ប្រធានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងកូរ៉េខាងត្បូង។


 
​បើតាម​ការអះអាង​រប​ស់​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា អ្នកជំងឺ​ម្នាក់ ដែល​ត្រូវ​ទទួល​ការ​ព្យ​បាល COVID-19 នៅ​មន្ទី​ពេទ្យ​មួយកន្លែង ក្នុង​តំបន់ Cheongdo ក្នុង​ខេត្ត  North Gyeongsang បានទទួល​មរណភាព នា​ថ្ងៃទី​១៨ ខែកុម្ភៈ​។ បុរស​វ័យ ៦៣​ឆ្នាំ​រូបនេះ គឺជា​អ្នកជំងឺ ដែល​បាន​ដេក​នៅលើ​គ្រែ ក្នុង​មន្ទី​ពេទ្យ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​រួចមកហើយ និង​បានទទួល​មរណភាព​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​។ អ្នកជំងឺ​រូបនេះ អាច​ឆ្លង COVID-19 ពី​អ្នកជំងឺ​ផ្សេងទៀត ដែល​ស្នាក់​នៅក្នុង​មន្ទី​ពេទ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​បន្ថែម​ពីលើ​នេះ នៅក្នុង​ថ្ងៃទី​២០ ខែកុម្ភៈ កូរ៉េខាងត្បូង បាន​រកឃើញ អ្នកជំងឺ COVID-19 រហូតដល់​ទៅ ៥៣​ករណី​ឯណោះ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​កូ​រ៉ូ​ណាវី​រុស បាន​កើន​ដល់ ១០៤​ករណី​។ ដោយសារ COVID-19 ត្រូវបាន​គេ​រកឃើញ​បន្តបន្ទាប់ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​ព្រមាន​ថា COVID-19 បានចាប់ផ្តើម​រាតត្បាត​នៅក្នុង​ស្រុក​។ 
 
​ជាការ​ពិត មួយរយៈ​ចុងក្រោយ​នេះ អ្នកជំងឺ COVID-19​ភាគច្រើន កើតឡើង​នៅក្នុង​ក្រុង Daegu​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​សុខាភិបាល បាន​បញ្ចូល​វេជ្ជបណ្ឌិត​ចំនួន ២៤​នាក់ ទៅ​ក្រុង Daegu និង​ពង្រីក​ចំនួន​មជ្ឈមណ្ឌល​ពិនិត្យ​វីរុស​រហូតដល់ ២២​មណ្ឌល នៅក្នុង​ក្រុង​Daegu៕
 


© រក្សាសិទ្ធិដោយ thmeythmey.com