ជាតិ
សង្គមជាតិ
សម្តេច ស ខេង​៖ បើ​យើង​ផ្ទេរ​តែ​អំណាច តែ​មិន​ផ្ទេរ​ថវិកា​ឱ្យ​រដ្ឋបាលក្រោម​ជាតិ គឺ​ការ​គ្មាន​ការអភិវឌ្ឍ​ឡើយ​
20, Feb 2020 , 3:59 pm        
រូបភាព
សម្តេច ស ខេង ក្នុងពិធីបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០កុម្ភៈ ។
សម្តេច ស ខេង ក្នុងពិធីបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០កុម្ភៈ ។
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ផ្ទេរ​ធនធាន​ថវិកា​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ទាប់ពី​ផ្ទេរ​មុខងារ និង​សិទ្ធិអំណាច​ឱ្យ​ពួកគាត់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ឃុំ​-​សង្កា​ត់រៀងៗ​ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង  ដែល​បាន​បញ្ជាក់ថា​៖«​បើ​យើង​គ្រាន់តែ​ផ្ទេរអំណាច តែ​មិន​ផ្ទេរ​ធនធាន​ទៅខាង​ក្រោម​ជាតិ​ទេ គឺ​គ្មាន​ប្រសិទ្ធភាព​ដល់​ការកែទម្រង់ ឬ​ការអភិវឌ្ឍ​មូលដ្ឋាន​ឡើយ​»​។

 
​បើតាម​ប្រសាសន៍​សម្តេច ស ខេង ក្នុង​ពិធី​បូកសរុប​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ  ការផ្ទេរ​ត្រឹមតែ​សិទ្ធិអំណាច ហើយ​មិន​ផ្ទេរ​ធនធាន​ថវិកា​ដល់​រដ្ឋបាលក្រោម​ជាតិ​នោះទេ អ្នកកាន់អំណាច​ក្រោម​ជាតិ​ទាំងនោះ មិនអាច​ធ្វើឱ្យ​ក្នុង​ឃុំ​-​សង្កាត់​របស់ខ្លួន​មានការ​ផ្លាស់ប្តូរ​ឡើយ​។ 
 
​សម្តេច​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្តថា ដើម្បីឱ្យ​ឃុំ​-​សង្កាត់​មានការ​អភិវឌ្ឍ​ល្អ  ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ពង្រឹង​ការពិភាក្សាគ្នា​ដើម្បី​ព​ន្លឿ​ន​នៃ​ការផ្ទេរ​ថវិកា​បន្ថែម​ទៅ​ថ្នាក់ក្រោម​ជាតិ ឱ្យបាន​ទាន់ពេលវេលា និង​មាន​តម្លាភាព​។ ហើយ​និតិ​វិធី​នៃ​ផ្ទេរ​ថវិកា​បន្ថែម​ឱ្យ​ថ្នាក់រដ្ឋបាល​ក្រោម​ជាតិ​នោះ ចាំបាច់​ត្រូវតែមាន​ការស្រុះស្រួល​គ្នា ដោយ​ឈរលើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​គោលការណ៍​ជាធរ​មាននៃ​ច្បាប់​រៀបចំឡើង​៕ 

Tag:
 សម្តេច ស ខេង​
  រដ្ឋបាលក្រោម​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com