ជាតិ
សង្គមជាតិ
អ្នកលក់អនឡាញ ថៃ ស្រីនាង អាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពីបទបង្ហោះរូបភាពអាសអាភាស ស្ត្រីលក់ឡេ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាដើម្បីដោះស្រាយតាមច្បាប់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ស្ត្រីឈ្មោះ វ៉ាន់ រចនា ដែលគេស្គាល់តាមហ្វេសប៊ុកថា ថៃ ស្រីនាង តាមរយៈការលក់សម្លៀកបំពាក់តាមអនឡាញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ពីបទបង្ហោះរូបភាពដែលបង្ហាញដើមទ្រូងដែលប៉ះពាល់ដល់តម្លៃសង្គម ដោយយោងតាមមាត្រា៣៨-៣៩ ស្តីពីច្បាប់ប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន ដែលអាចជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ។ នេះបើតាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកុម្ភៈ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីអ្នកលក់នេះ ដោយសារតែស្ត្រីរូបនេះ តែងតែងបង្ហោះរូបភាព និងវីដេអូបែបស៊ីចស៊ី លេចលើ លេចក្រោម ដែលនាំឲ្យខូចតម្លៃខ្លួនជាស្ត្រីខ្មែរ។ ក្រោយពីស្ត្រីរូបនេះ ត្រូវបានអាជ្ញាធរកោះហៅ ពន្យល់ណែនាំ និងបានធ្វើកិច្ចសន្យាដោយបញ្ឈប់ឲ្យមានសកម្មភាពនេះ និងទុកឱកាសឲ្យកែខ្លួនម្តងរួចមកហើយ ប៉ុន្តែស្ត្រីរូបនោះនៅតែមិនរាងចាល ទើបអាជ្ញាធរឈានដល់ការឃាត់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសរសេរនៅទំព័រហ្វេសប៊ុកដូច្នេះថា៖«បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១កន្លះព្រឹក អាជ្ញាធរក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង២កន្លះនៅថ្ងៃដដែល នាងនៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ»។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទង្វើរបស់ស្ត្រីរូបនោះពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រីខ្មែរ និងប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នាងត្រូវបានចាប់ខ្លួនពីបទផុសរូបភាព និងសម្ភារអាសអាភាស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យបិទគណនី និង ទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមណា ដែលផ្សាយលក់ផលិតផល ដោយការបញ្ចេញកេរខ្មាស និងប្រើពាក្យអសុរោះ៕
Tag:
សមត្ថកិច្ច
ថៃ ស្រីនាង
© រក្សាសិទ្ធិដោយ thmeythmey.com