អាងហែលទឹកពហុកីឡដ្ឋានជាតិ នឹងបញ្ចប់ការជួសជុល និងស្តារឡើងវិញនៅចុងខែកុម្ភៈ ឆ្នាំ២០២០ នេះ។ នេះបើតាមការបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដែលអះអាងថា សមិទ្ធផលធំៗនៃអាងហែលទឹកនេះបានជួសជុលរួចរាល់ហើយ នៅឡើយតែបំពាក់គ្រឿងបរិក្ខាបច្ចេកទេស និងសម្ភារមួយចំនួនប៉ុណ្ណោះ។
ក្រោយបើកការដ្ឋានជួសជុល និងស្តារឡើងវិញតាំងពីខែតុលា ឆ្នាំ២០១៨ អាងហែលទឹកពហុកីឡដ្ឋានជាតិ បានបញ្ចប់ការជួសជុលអាងហែល និងអាងលោតទឹក១០០ភាគរយហើយ ខណៈបច្ចុប្បន្នក្រុមវិស្វករកំពុងបំពាក់បរិក្ខាបច្ចេកទេស និងសម្ភារបម្រើឲ្យការប្រកួតមួយចំនួន។ អាងហែលទឹកនេះ គ្រោងបញ្ចប់ការជួសជុលជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២០នេះ។
«អាងហែលទឹកពហុកីឡដ្ឋានជាតិមកទល់ពេលនេះបានបញ្ចប់ការជួសជុលជាស្ថាពរហើយ យើងនៅតែបំពាក់គ្រឿងបរិក្ខា ដែលជាសម្ភារបច្ចេកទេសមានដូចជាកន្លែងលោតដេប៉ា ក្តាររលាស់សម្រាប់ប្រកួតលោតទឹក និងសម្ភារបច្ចេកទេសមួយចំនួន។ យើងនៅរង់ចាំតែការពិនិត្យគុណភាព និងសាកល្បងនូវសម្ភារបច្ចេកទេសទាំងអស់នឹងទេ»។ នេះជាការលើកឡើងរបស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។
តាមគម្រោងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឺកបានបញ្ជាក់ថា ការជួសជុល និងស្តារអាងហែលទឹកនេះ គ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែមកទល់ពេលនេះការជួសជុលបានអូសបន្លាយពេលជាង១ឆ្នាំហើយ។
បើតាមលោក ហែម គីរី បញ្ហាយឺតយ៉ាវនេះ គឺបណ្តាលមកពីសហព័ន្ធបានកែប្រែសម្ភារបច្ចេកទេសមួយចំនួន ដើម្បីធ្វើឲ្យអាងហែលទឹកនេះមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យការជួសជុលកន្លែងខ្លះត្រូវចំណាយពេលច្រើន។
ក្រោយការជួសជុលរួចរាល់ជាស្ថាពរ អាងហែលទឹកនេះ នឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់ និងធ្វើការសម្រាប់កីឡាករកីឡាការិនី គ្រូបង្វឹក និងមន្ត្រីនៃសហព័ន្ធខ្មែរកីឡាហែលទឹក។ ព្រោះក្រៅពីអាងហែលទឹកនិងលោតទឹង ក៏មានកន្លែងហាត់សាច់ដុំ អគារស្នាក់នៅរបស់កីឡាករកីឡាការិនី គ្រូបង្វឹក អាហារដ្ឋាន និងការិយាល័យធ្វើការផងដែរ។
មកទល់ពេលនេះ យើងមិនទាន់ដឹងតួលេខជាក់លាក់ នៃការចំណាយលើការជួសជុលអាងហែលទឹកពហុកីឡដ្ឋានជាតិនៅឡើយទេ។ ប៉ុន្តែបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងថ្ងៃបើកការដ្ឋានជួសជុលនិងស្តារឡើងវិញ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៨ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក។
អាងហែលទឹកពហុកីឡដ្ឋានជាតិសាងសង់ឡើងចន្លោះពីឆ្នាំ១៩៦១-១៩៦៥ ជាស្នាដៃរបស់បិតាស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជតំរិះផ្តួចផ្តើមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ អាងហែលទឹកនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងឆ្នាំ១៩៦៧៕