ជាតិ
នាយករដ្ឋមន្រ្តី ព្រមានដកអភិបាលរាជធានី-ខេត្ត បើមិនចូលប្រជុំក្រុមប្រឹក្សាបីដង ដោយគ្មានមូលហេតុ
20, Feb 2020 , 5:08 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តាំទៅអភិបាលរាជធានី-ខេត្ត ថា ពួកគេ នឹងត្រូវដកចេញពីតំណែង បើអវត្តមានពីសម័យក្រុមប្រឹក្សា៣ដងជាប់គ្នា ដោយគ្មានមូលហេតុ។



ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ព្រមានដូច្នេះថា៖«ខ្ញុំ សូមប្រាប់អភិបាលរាជធានី-ខេត្តទាំងអស់ សម័យប្រជុំក្រុមប្រឹក្សានិងគណៈអភិបាល អភិបាលរាជធានី-ខេត្ត មិនត្រូវអវត្តមាន បើអវត្តមានតែបីដង ខ្ញុំដកចេញពីតំណែង ដាច់ខាតខ្ញុំដក ព្រោះរឿងអីលោកឯងត្រូវអវត្តមាន អ៊ីចឹងសម្តេចក្រឡាហោម ត្រូវតាមដានអាហ្នឹងឲ្យខ្ញុំ»។

ប្រមុខរដ្ឋាភិបាល បន្តថា៖«ប្រធានក្រុមប្រឹក្សាភិបាល បើអភិបាលខេត្ត ឬអភិបាលរាជធានី មិនព្រមចូលរួមប្រជុំក្រុមប្រឹក្សាបីដងជាប់គ្នា ដោយគ្មានមូលហេតុ គឺរាយការណ៍មកខ្ញុំ ខ្ញុំដកចេញពីតំណែង អត់ទុកទេ ព្រោះនេះចូលទៅក្នុងជំងឺបែងចែក ហើយខុសនឹងបទដ្ឋានផ្លូវច្បាប់ តែម្តង»។

ដូចគ្នានេះដែរ ប្រមុខរដ្ឋាភិបាល ក៏ព្រមានដកអភិបាលក្រុង ស្រុក ខណ្ឌ ដែរ បើអវត្តមានបីដងជាប់គ្នា ពីសម័យប្រជុំនៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com