ជាតិ
សង្គមជាតិ
អាយុ​គ្រាន់តែ​ជា​តួលេខ​! វ័យ​៨៥​ឆ្នាំ លោកតា ហុង​សៀ ឡើងដល់​កំពូលភ្នំ​ឱ​រ៉ា​ល់តា​មការ​ប៉ងប្រាថ្នា​
20, Feb 2020 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វ័យ​៨៥​ឆ្នាំ​ទៅហើយ ប៉ុន្តែ​លោកតា លីម ហុង​សៀ មិនដែល​បោះបង់​ក្តី​សុបិន​របស់ខ្លួន​នោះឡើយ​។ ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ កន្លងមក បុរស​ចំណាស់​ពី​ខេត្តកំពង់ធំ​រូបនេះ បានរួម​ដំណើរ​ជាមួយ​ក្រុមយុវជន​ជាច្រើន​នាក់ ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដែលមាន​កំពស់​១៨១៣​ម៉ែត្រ ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកតា លីម ហុង​សៀ ដែល​បាន​ឡើងទៅ​ដល់​ភ្នំ​ឱ​រ៉ា​ល់​ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ដូចតទៅ​៖ 

 
​បើទោះបីជា​នឿយហត់​បន្តិច​ក្តី និង​ប្រឈម​គ្រោះថ្នាក់​ក្តី ក៏​លោកតា​នៅតែមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការឡើង​មើល​ទិដ្ឋភាព​នៅលើ​កំពូលភ្នំ ដោយ​មិន​ខ្លាច​ពិបាក​ការហូបចុក ជួប​សត្វ​សាហាវ និង​អាកាសធាតុ​ត្រជាក់​នៅ​ទី​នោះឡើយ​។ 
 
​លោកតា លីម ហុង​សៀ មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំ​ត្រូវតែ​តាំងចិត្ត កណ្តាប់ដៃ​ត្រូវតែទៅ​ឲ្យ​តែ​ដល់ ទោះបីជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ​។ គ្រាន់តែ​នឿយហត់ ដកដង្ហើម សម្រួល​ឲ្យ​វា​ធូរ ហូប​ទឹក​បន្តិចបន្តួច ហើយ​ទឹក​យើង​កុំ​ហូប​ឲ្យ​ឆ្អែត​ពេក ពេលដែល​យើង​ហត់ ពេលដែល​យើង​ស្រេកទឹក យើង​គ្រាន់តែ​ក្រេបទឹក​បន្តិច​ហើយ បើ​យើង​ហូប​ច្រើន​ក៏​អត់​ល្អ​ដែរ​»​។ 
 
​មុននឹង​លោកតា ហុង​សៀ សម្រេចចិត្ត​ឡើងលើ​ភ្នំ​ឱ​រ៉ា​ល់​នេះ លោកតា​ក៏​ធ្លាប់បាន​ឡើងលើ​ភ្នំ​ដទៃទៀត​ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា​ដែរ​។ ក្នុងចំណោម​ភ្នំ​ដែល​លោកតា​បាន​ឡើង​នោះ គឺ​ភ្នំ​ឱ​រ៉ា​ល់​នេះហើយ ដែល​ធ្វើ​ឲ្យ​លោកតា​មាន​អារម្មណ៍​ស្រស់ស្រាយ ដោយ​គ្មាន​ការរំខាន និង​ជួប​ឧបសគ្គ​ណាមួយ​ធំដុំ​ដែល​រារាំង​ដល់​ការធ្វើដំណើរ​របស់លោក​តា​ឡើយ​។ 
 
​លោកតា​និយាយ​បែបនេះ​ថា​៖«​ខ្ញុំ​ឆ្ងល់​ដែរ ពេល​ឡើង​ទៅដល់​ភ្នំ ម៉េច​ក៏​មិន​ជួប​សត្វ​ជើង​បួន បើ​ឡើងទៅ​ភ្នំ​ផ្សេង គឺ​ខា្ល​ច​ជួប​សត្វ​ដំរី ជួប​ខ្លា​។ តាំងពី​ឡើងទៅ​គ្មាន​បាន​ជួប សម្រេក​អី​អត់​មាន​ម៉​ង គឺ​ស្ងាត់​ជ្រាប​។ ឡើងទៅ​ដល់​លើ​នោះ​អត់​មាន​ក្តីបារម្ភ​អ្វី​ទៀត​ទេ គឺ​សប្បាយ​តែម្តង នឿយហត់​ទាំង​ប៉ុន្មាន ឈឺ​ជើង ឈើ​ដៃ ចុក​ភ្លៅ​អី​គ្មាន​ទៀត​ទេ​»​។​
 
​លោកតា លីម ហុង​សៀ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ បាន​ជំរុញ​ឲ្យ​កូនចៅ​ដែលជា​យុវជន ដែលមាន​កម្លាំង​មាំមួន ឡើង​ទៅលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា  ដើម្បី​ទស្សនា​ធនធានធម្មជាតិ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​៕    

Tag:
 លោកតា លីម ហុង​សៀ​
© រក្សាសិទ្ធិដោយ thmeythmey.com