កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ជនបរទេស​ចូលរួម​រត់​ថ្ងៃ​៨​មីនា​តិច មិនមែន​មកពី​បញ្ហា COVID-19 ទេ​
20, Feb 2020 , 9:19 pm        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​។ ក្រៅពី​អបអរ​ទិវា​បុណ្យ​សិទ្ធិនារី​៨​មីនា ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ជំរុញ​កំនើន​ស្ត្រី​ក្នុង​វិស័យ​កីឡា​។ ជាមួយគ្នានេះ គណៈកម្មការ​ស្ត្រី​និង​កីឡា ស្នើ​ឲ្យ​ស្ត្រី​ចូលរួម​រត់​​ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​។​

 
​នៅសល់តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ នឹង​ឈានចូល​មកដល់​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរ​ជាតិប្រមាណ​១,៥០០​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​ក្នុងចំណោម​ចំណោម​អ្នក​ចុះឈ្មោះ​ទាំងនេះ ភាគច្រើន​ជា​អត្ត​លិ​ក​កម្ពុជា ខណៈ​អត្ត​ព​លិ​ក​បរទេស​មាន​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​បញ្ហា​ជនបរទេស​ចូលរួម​តិចតួច​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន អះអាងថា មិនមែន​បណ្តាលមកពី​បញ្ហា​ជំ​ងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នោះទេ​។ លោក​ពន្យល់ថា​៖«​វា​ជា​ព្រឹត្តិការណ៍​លើក​ទី​១​ដូច្នេះ​វា​មិនទាន់​ជ្រួតជ្រាប​ប៉ុន្មាន​នោះទេ​។ យើង​បើកចំហ​ដែរ តែ​បរទេស​គេ​មិនសូវ​ចាប់អារម្មណ៍​»​។ 
 
​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ ក៏​ជា​មូលហេតុ​មួយ ដែល​រួមចំណែក​ធ្វើ​ឲ្យ​អត្ត​ព​លិ​កប​រទេស​មិនសូវ​ចាប់អារម្មណ៍​ផងដែរ​។ បើតាម​លោក វ៉ា​ត់ ចំរើន គោលបំណង​ធំ​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​អបអរ​ទិវា​បុណ្យ​សិទ្ធិនារី​(៨​មីនា​) លើកកម្ពស់​សមភាព​យេនឌ័រ និង​ជំរុញ​កំនើន​ស្ត្រី​ក្នុង​វិស័យ​កីឡា​។ ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ​កម្ពុជា​ស្អាត​(Cambodia Clean Up)​ដើម្បី​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។    
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​រំពឹងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ប្រមាណ​៥​ពាន់​នាក់​ឲ្យ​ចូលរួម ខណៈ​ការចុះឈ្មោះ​នឹង​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​។ ការរត់​ប្រណាំង​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ ដោយ​ចេញដំណើរ​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​។ តែ​ទីតាំង​នេះ​អាចមាន​ការប្រែប្រួល​។ 
 
​លោកស្រី កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សង្ឃឹម​ឃើញ​ចំនួន​ស្ត្រី​ច្រើនជាង​បុរស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ជាមួយគ្នានេះ លោក ស្នើ​ឲ្យ​ស្ត្រី​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ បង្កើន​ចំណង​សាមគ្គីភាព មិត្តភាព និង​សុខភាព​។  
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បន្ថែមថា ការលេង​កីឡា​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល និង​ពង្រឹងស្មារតី​នោះទេ តែ​ជួយ​ឲ្យ​មនុ​ស្សមាន​សុខភាព​ល្អ និង​អាច​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ លោកស្រី​យល់ថា ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ ជា​ប្រភព​ចំណូល​និង​ហិរញ្ញវត្ថុ និង​ជា​ប្រភព​នៃ​សេចក្តីសុខ​ក្នុង​គ្រួសារ​និង​សង្គម​។ ផ្ទុយទៅវិញ​បើ​ស្ត្រី​មាន​បញ្ហា​សុខភាព​នឹង​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ សង្គម និង​ប្រទេសជាតិ​។ 
 
​ព្រឹត្តិការណ៍​នេះ​មាន​ពីរ​ប្រភេទ​វិញ្ញាសា គឺ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​៤​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ គឺ​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ជនបរទេស​២០​ដុល្លារ ឯ​កម្ពុជា​១២​ដុល្លារ និង​៤​គីឡូម៉ែត្រ​ជនបរទេស​១៥​ដុល្លារ កម្ពុជា​៧​ដុល្លារ​៕

Tag:
 រត់ប្រណាំង​
  វ៉ា​ត់ ចំរើន​
  ទិវា​សិទ្ធិនារី​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com