កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឲ្យ​គូ​ដណ្តឹង Rodriguez មួយខែ​១០​ម៉ឺន​ដុល្លារ ដើម្បី​មើលថែ​កូន និង​រស់ក្នុង​ជីវិត​ឡូយឆាយ​
20, Feb 2020 , 9:39 pm        
រូបភាព
​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ត្រូវបាន​រាយការណ៍​ថា​បានផ្តល់​ឲ្យ​គូ​ដណ្តឹង​របស់ខ្លួន​នាង Georgina Rodriguez ជា​ប្រាក់ឧបត្ថម្ភ ៨​ម៉ឺន​ផោន (​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​)​ក្នុង​មួយខែ ដើម្បី​ជួយ​ឲ្យ​នាង​មើលថែ​កូនៗ និង​អាច​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​ជីវ​ភា​លំដាប់​ខ្ពស់​មួយ​។​


 
​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ រួមជាមួយ Rodriguez និង​កូនៗ ត្រូវបាន​គេ​មើលឃើញថា​រស់នៅ​បែប​ខ្ចះ​ខ្ជាយ​ក្នុង​ក្រុង Turin ប្រទេស​អ៊ីតាលី ដោយ​ទទួលបាន​ប្រាក់​ពលកម្ម ២៨ លាន​ផោន (៣៦ លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ​ពី​ក្លិប Juventus​។​
 
​នាង Rodriguez សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៦​ឆ្នាំ ដែល​ស្រឡាញ់គ្នា​ជាមួយ Ronaldo រហូត​ទទួលបាន​កូនស្រី​ម្នាក់​ឈ្មោះ Alana Martina អាយុ​២​ឆ្នាំ ក៏​ត្រូវមាន​ភារកិច្ច​ចិញ្ចឹម​កូន​របស់​គូ​ដណ្តឹង​ខ្លួន​ចំនួន​បីនាក់​ទៀតផង​ដែរ​។​
 
​តាមរយៈ​ការបោះពុម្ពផ្សាយ​របស់​កា​សែត​អ៊ីតាលី Corriere dello Sport អតីត​សមាជិក Manchester United និង Real Madrid រូបនេះ រីករាយ​ក្នុង​ការផ្តល់​ឲ្យ​គូ​ដណ្តឹង​របស់ខ្លួន​ជា​ប្រាក់​ប្រចាំខែ​ដ៏​ច្រើន ស្របពេល​នាង​ក៏ត្រូវ​មើលថែទាំ​កូនភ្លោះ Eva និង Mateo ព្រមទាំង​កូនប្រុស​ច្បង Cristiano Jr. ផង​។​
 
​គ្រួសារ​របស់ Ronaldo មាន​របៀប​រស់នៅ​បែប​ស៊ី​វិ​ល័យ ក្នុងនោះ​រាល់ថ្ងៃ​ឈប់សម្រាក ពួកគេ​តែ​ទៅ​កម្សាន្ត​នៅលើ​ទូក​ជា​ទៀងទាត់ ហើយ​បើ​ថ្ងៃកំណើត​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​គឺ​តែងមាន​កាដូ​ដែលមាន​តម្លៃ​ថ្លៃៗ​។​
 
​តួយ៉ាង កាល​ខួប​គម្រប់​អាយុ ៣៥​ឆ្នាំ​របស់ Ronaldo នាង Rodriguez បាន​ចំណាយ​ប្រាក់ ១២​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត Mercedes G-Wagon ធ្វើជា​កាដូ​ជូន​គូ​ដណ្តឹង​ខ្លួន​។ ក្រៅពីនេះ អ្នក​ទាំងពីរ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​ប្រើប្រាស់​របស់របរ​ប្រចាំថ្ងៃ ដូចជា​សម្លៀកបំពាក់ នាឡិកា​ដែលមាន​តម្លៃ​ថ្លៃៗ​កប់​ពពក​។​
 
​ក្រៅពី​ប្រាក់​ដែល​ឩ​ប​ត្ថ​ម្ភ​ពី Ronaldo នាង Rodriguez ក៏​រកប្រាក់​បាន​មួយចំនួន​ដោយ​ខ្លួនឯង​ដែរ​។ រាល់​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram នាង Rodriguez ទទួលបាន​ប្រាក់​ចំនួន ៦៦០០ ផោន (៨៥០០​ដុល្លារ​) សម្រាប់​រូប​មួយ​សន្លឹក ខណៈ​នាង​មាន​អ្នក followers ដល់​ទៅ ១៦,៥ លាន​នាក់​ឯណោះ​។​
 
Ronaldo បើទោះជា​មាន​វ័យ​ជ្រែ​បន្តិច​ក្តី ប៉ុន្តែ​នៅតែ​រក្សា​គុណភាព​រក​គ្រាប់​បាល់​បាន​ដូច​មុន​ដដែល​។ រដូវ​កាល​ដំបូង​ជាមួយ Juventus ក្នុង​ក្របខណ្ឌ Serie A រូបគេ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​៕

Tag:
 Cristiano Ronaldo
  Georgina Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com