Westerdam នឹង​ចេញពី​ផែ​ព្រះសីហនុ​ដើម្បី​លាង​សម្អាត មុន​វិល​មកចាក់​ប្រេង​ពិសេស​វិញ​
ជាតិ
Westerdam នឹង​ចេញពី​ផែ​ព្រះសីហនុ​ដើម្បី​លាង​សម្អាត មុន​វិល​មកចាក់​ប្រេង​ពិសេស​វិញ​
21, Feb 2020 , 9:46 am        
រូបភាព
នាវា​ទេសចរណ៍​របស់​អាមេរិក MS Westerdam នឹង​ចាក​ចេញពី​កំពង់ផែ​ព្រះសីហនុ នៅ​ថ្ងៃទី​២២​កុម្ភៈ ស្អែក​នេះ ដើម្បី​លាង​សម្អាត​នាវា​នោះ រយៈ​ពេលមួយថ្ងៃ​ពេញ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មិនបាន​បញ្ជាក់ថា លាង​នៅទីណា​នោះឡើយ ប៉ុន្តែ Westerdam នឹង​វិល​មក​កំពង់ផែ​ព្រះសីហនុ​វិញ នៅ​ថ្ងៃអាទិត្យ ដើម្បី​ចាក់​ប្រេង​ពិសេស​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​ន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា នាវា Westerdam ក្រោយ​វិល​ចូល​កំពង់ផែ​ព្រះសីហនុ​នៅ​ថ្ងៃទី​២៣​កុម្ភៈ​វិញ   នឹងត្រូវ​បន្ត​នៅ​កម្ពុជា ពីរ​ឬ​បី​ថ្ងៃ​ទៀត ដោយ​រង់ចាំ​ចាក់​ប្រេង​ពិសេស ដើម្បី​បន្ត​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​របស់ខ្លួន​វិញ​។​

​នាវា​ទេសចរណ៍​របស់​អាមេរិក MS Westerdam បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការ​បដិសេធ​មិនឱ្យ​ចត ពី​ប្រទេស​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​រលាក​សួត COVID-19​។ នាវា​នេះ ផ្ទុក​មនុស្ស​សរុប ២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ ចំនួន​១,៤៥៥​នាក់ និង​នាវិក​បុគ្គលិក​នាវា ៨០២​នាក់​។​

​អ្នកដំណើរ​ត្រូវបាន​រៀបចំ​ឲ្យ​ចេញដំណើរ​ជា​បន្តបន្ទាប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន ក្រោយ​ពិនិត្យឃើញ​អវិជ្ជមាន​នៃ​មេរោគ COVID-19​។ បច្ចុប្បន្ន បុគ្គលិក​ប្រមាណ ៧០០​នាក់ ស្ថិតនៅក្នុង​នាវា ដោយ​មិនទាន់​មានការ​បញ្ជាក់ថា ពួកគេ​ទាំងអស់​ត្រូវ​វិលត្រឡប់​ទៅតាម​នាវា​វិញ ឬមួយ​ចំនួន​ត្រូវ​ចេញដំណើរ​តាម​យន្តហោះ​នោះឡើយ​៕
 


Tag:
 Westerdam
  COVID-19
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com