ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ជើងចាស់​ថៃ Dejdamrong ប៉ះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Rahardian នៅ​សង្វៀន ONE
22, Feb 2020 , 7:59 am        
រូបភាព
ដោយ៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ថៃ DEJDAMRONG SOR AMNUAYSIRICHOKE ត្រលប់​ទៅ​សង្វៀន ONE Championship សាជាថ្មី​។ កីឡាករ​វ័យ​៤១​ឆ្នាំ​រូបនេះ ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Stefer Rahardian ឬ The Lion ក្នុង​កម្មវិធី  ONE: KING OF JUNGLE ដែល​រៀបចំឡើង​នៅ​សិង្ហ​បុរី​នា​ល្ងាច​ថ្ងៃទី​២៨ កុម្ភៈ​។ មិនមែនជា​ការរង់ចាំ​យូរពេក​ទេ​សម្រាប់ DEJDAMRONG បន្ទាប់ពី​រូបគេ​ទទួល​ជ័យជម្នះ​លើ​កីឡាករ​ប៉ា​គី​ស្ថាន Muhammad Imran កាល​ខែ វិច្ឆិកា ឆ្នាំ ២០១៩​។


 
DEJDAMRONG ដែល​អ្នកលេង​គុន​ចម្រុះ​ជំនាញ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ដោយ​ការប្រើ​កណ្ដាប់ដៃ​នោះ គឺ ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion និង ម្ចាស់​ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champion ជាច្រើន​សម័យកាល​។  កីឡាករ​ថៃ​រូបនេះ​គ្រង​ខ្សែក្រវាត់ ONE Strawweight World Champion បន្ទាប់ពី​ផ្ដួល Roy Doliguez ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​៥ និង ជា​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​នៅ​សង្វៀន ONE នាពេលនោះ​។ DEJDAMRONG គឺ​អ្នកលេង​គុន​ចម្រុះ​របស់​ថៃ​ដ៏​ល្អ​ម្នាក់ និង ឈ្នះ ៦ លើក​ជាប់​គ្នា​ដែលជា​កំណត់ត្រា​ល្អ​បំផុត​ផងដែរ​ក្នុង​អាជីព មុន​របូត​ខ្សែក្រវាត់ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ក្រោយ​ចាញ់​កីឡាករ​ជប៉ុន Yoshitaka Naito​។ បើ​ថ្លែង​អំពី​ប្រវត្តិ​វិញ Dejdamrong កើត​នៅ​ខេត្ត Trang ភាគខាងត្បូង​ប្រទេស​ថៃ​។ ម្ដាយ​របស់ Dejdamrong បាន​ប្រឆាំង​ទៅនឹង​ការចាប់​អាជីព​ហាត់​ក្បាច់គុន​មួយ​ថៃ ប៉ុន្តែ​រូបគេ​ចូល​ហ្វឹកហាត់​មិន​ឲ្យ​ម្ដាយ​ដឹង​ឡើយ កាល​អាយុ ១០ ឆ្នាំ​។ ការប្រកួត​ដំបូង​របស់គេ​ទទួលបាន​ត្រឹម ៧០​បាត ពោល​ត្រឹម ២ ដុល្លារ​តែប៉ុណ្ណោះ ហើយ​ខំប្រឹង​បន្តបន្ទាប់​រហូត​ក្លាយជា​វីរបុរស​ម្នាក់​របស់​ថៃ​នាពេល​បច្ចុប្បន្ន​។ អាជីព​របស់គេ​កាន់​វិ​វ​ឌ្ឍ​ខ្លួន​បានល្អ​ពេល​មាន​អាយុ ១៧ ឆ្នាំ ពេល​ផ្លាស់​ក្លិប Lookbanyai នៅ​ក្រុង​បាងកក ប្រទេស​ថៃ និង ក្លាយជា​កីឡាករ​កំពូល​មួយ​ថៃ​ប្រចាំ​ប្រទេស​ទៀតផង​។ 


 
Dejdamrong បានឈ្នះ​ខ្សែក្រវាត់ World Titles បី​សម័យកាល​នៅ​សង្វៀន​ល្បី Lumpinee Stadium, ឈ្នះ​ជើងឯក 105lbs ពីរដង និង ឈ្នះ​ជើងឯក 108lbs ម្ដង​។ ក្រោយ​ប្រកួត​បាន​ជាង ៣០០ លើក​នៅ​សង្វៀន​មួយ​ថៃ ឬ ក្បាច់គុន​ថៃ កីឡាករ​ជើងចាស់​រូបនេះ​ក៏​ចូលនិវត្តន៍​។ បន្ទាប់មកទៀត​នៅ​ឆ្នាំ​២០១៣ គេ​ផ្លាស់​ទៅធ្វើជា​គ្រូបង្វឹក​នៅ Evolve MMA នា​ប្រទេស​សិង្ហ​បុរី ហើយក៏​នឹកឃើញ​ចង់​ហាត់​ក្បាច់គុន​ជឺ​ជិត​ស៊ូ លើកដំបូង​ពេល​បាន​ទស្សនា​វីដេអូ មុនពេល​ប្រឡូក​សង្វៀន​គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៤​។ 

 
 
​ការប្រកួត​មិនដែល​ចាញ់​សោះ​ក្នុង​៦​ប្រកួត​ដំបូង​ជាប់​គ្នា និង ឈ្នះ​ខ្សែក្រវាត់ ONE Strawweight World Champion​។ បន្ទាប់ពី​របូត​ខ្សែក្រវាត់​នៅ​ឆ្នាំ​២០១៦  កីឡាករ​មកពី​ក្លិប Evolve MMA ក៏បាន​សាង​កំណត់ត្រា​ប្រកួត​គូរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ដូចជា​ប៉ះ Joshua Pacio ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion នាពេល​បច្ចុប្បន្ន​និង​បន្ត​ឈ្នះ Jeremy Miado , Himanshu Kaushik និង Muhammad Imran ដែលជា​ជ័យជម្នះ​ចុងក្រោយ​។ 


 
Dejdamrong Sor Amnuaysirichoke​គឺជា​កីឡាករ​ជំនាញ​មួយ​ថៃ​ម្នាក់​មុនពេល​ប្រឡូក​ចូលក្នុង​ពិភព​គុន​ចម្រុះ នៅ ពាក់កណ្ដាល​ឆ្នាំ ២០១៤​។ កីឡាករ​វ័យ​ចំណាស់​តំណាង​ឲ្យ​ថៃ​រូបនេះ​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​បាន​១៦​លើក​ក្នុងនោះ ឈ្នះ ១១ លើក និង ចាញ់ ៥​លើក​។ ចំណែក ការ​ប្រូ​ឡូ​ក​ក្បាច់គុន​មួយ​ថៃ​វិញ Dejdamrong Sor Amnuaysirichoke មានកំណត់​ត្រា ឈ្នះ ២៨២ ចាញ់ ៦៥ និង ស្មើ ៣​ដង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com