អន្តរជាតិ
កូរ៉េខាងត្បូង​៖ ស្ត្រី​ម្នាក់​ចម្លង COVID-19 ទៅ​មនុស្ស​ជាង​៤០​នាក់​ទៀត​នៅ​វិហារ​មួយ​
21, Feb 2020 , 10:00 am        
រូបភាព
រូបភាព៖ Yonhap
រូបភាព៖ Yonhap
​នា​ថ្ងៃទី​២១ ខែកុម្ភៈ កូរ៉េខាងត្បូង បន្ត​រកឃើញ​COVID-19 រហូតដល់ ៥២​ករណី​នៅក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ១៥៦​ករណី​។ ការកើនឡើង​ដ៍​ឆាប់រហ័ស​បែបនេះ គឺ​បណ្តាលមកពី​ស្ត្រី​ករណី​ទី​៣១ ដែលមាន​ផ្ទុក COVIN-19 បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​៤០​នាក់​ទៀត​នៅ​វិហារ​មួយ​។  ទន្ទឹម​ជាមួយគ្នានេះដែរ អ៊ីរ៉ង់​មាន ៣​ករណី និង​អាមេរិក បាន​រកឃើញ​មួយ​ករណី​បន្ថែមទៀត នៅ​California​។​



 
​ត្រឹមតែ​ពីរ បី​ថ្ងៃ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រកឃើញ COVID-19 ជាច្រើន​ករណី ពោលគឺ​មានការ​កើនឡើង​ទ្វេដង​នៅក្នុង​ប្រទេស​។ នា​ថ្ងៃទី​២១ ខែកុម្ភៈ កូរ៉េខាងត្បូង បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​ចំនួន ៥២​បន្ថែមទៀត​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆ្លង​នៅក្នុង​វិហារ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​កូរ៉េខាងត្បូង​រកឃើញ COVID-19 សរុប​មាន​ចំនួន ១៥៦​ករណី​។​
  
​ក្នុងចំណោម ៥២​ករណី ដែល​ទើបតែ​រកឃើញ​ថ្មី​នេះ ៤១​ករណី រស់នៅក្នុង​ក្នុង Daegu កូរ៉េខាងត្បូង និង​ខេត្ត​North Gyeongsang​។ ចំនួន ៤១​ករណី ទំនងជា​អាច​ឆ្លង​មកពី​ស្ត្រី​ករណី​ទី​៣១ នៅក្នុង​វិហារ​សាសនា​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ចំណែក ៣​ករណី​ទៀត នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ករណី ដែល​នៅសល់​គឺ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត ChungCheong និង​កោះ Jeju​។ នេះ​បើតាម​ការអះអាង​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។ 
 
​ក្រៅពី​កូរ៉េខាងត្បូង នៅ​តំបន់​ម​ជ្ឈ​មជ្ឈិមបូព៌ា​ឯណោះ​វិញ មាន​គេ​រាយការណ៍​ថា អ៊ីរ៉ង់ បាន​រកឃើញ COVID-19 ចំនួន ៣​ករណី​បន្ថែមទៀត បន្ទាប់ពី​ទើបតែ​រកឃើញ​ពីរ​ករណី​។ សរុប​ទាំងអស់ គឺមាន ៥​ករណី​នៅ​អ៊ីរ៉ង់​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​សុខាភិបាល​អ៊ីរ៉ង់​នៅក្នុង​បណ្តាញ​សង្គម Twitter អ៊ីរ៉ង់​បាន​រកឃើញ​ពីរ​ករណី​នៅ​ក្រុង Qom និង ១​ករណី​នៅ​ក្រុង Arak​។ 
 
​ចំណែក​នៅ​អាមេរិក COVID-19 ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ប្រកាស​រកឃើញ​ក្នុង​តំបន់ Humboldt County​។ ពេលនេះ អ្នកជំងឺ​កំពុងមាន​ស្ថាន​ភាពល្អ និង​ត្រូវបាន​គេ​ដា​ក់ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ COVID-19 ត្រូវបាន​គេ​រកឃើញ មាន​រយៈពេល​ជិត ២​ខែ​ហើយ និង​បាន​រាតត្បាត​នៅក្នុង​ប្រទេស​ចិន និង ២៩​ប្រទេស​។ ក្នុងនោះ​អ្នកស្លាប់​បាន​កើន​ដល់ ២២៤៥​នាក់ និង​អ្នកជំងឺ កើន​ឡើងដល់​ប្រមាណ ៧៦ ០០០​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  អ៊ឺ​រ៉ង់​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com