ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អតីត​ទាហាន​ម៉ា​រី​ន​រំលឹក​ពី​ការប្រយុទ្ធ​នឹង​ខ្មែរក្រហម​នៅ​កោះតាង រំដោះ​កប៉ាល​ម៉ា​យ៉ា​ហ្កេ​
21, Feb 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ នាវប្រយុទ្ធ USS Harold E. Holt ត្រៀមចេញដំណើរដឹកសម្ភារៈនានាសម្រាប់ប្រតិបត្តិការសឹក​ម៉ាយ៉ាហ្កេ (SS Mayaguez) កាលពីខែឧសភា ឆ្នាំ១៩៧៥។ Photo: AP
រូបឯកសារ៖ នាវប្រយុទ្ធ USS Harold E. Holt ត្រៀមចេញដំណើរដឹកសម្ភារៈនានាសម្រាប់ប្រតិបត្តិការសឹក​ម៉ាយ៉ាហ្កេ (SS Mayaguez) កាលពីខែឧសភា ឆ្នាំ១៩៧៥។ Photo: AP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ នៅពេលដែល​ពល​បាល អាល់ បេ​លី (Al Baily) អតីត​ទាហាន​ម៉ា​រី​ន​របស់​សហរដ្ឋអាមេរិក រៀបរាប់​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្នុង​ដែនសមុទ្រ​នៃ​ប្រទេស​កម្ពុជា កាលពី​ជិត​៤៥​ឆ្នាំមុន ភ្នែក​របស់លោក​បើក​ធំៗ​ហាក់បីដូចជា​ព្រឹត្តិការណ៍​នោះ​នៅ​ស្រស់ៗ​នឹង​ភ្នែក ហើយ​សំឡេង​របស់លោក​បង្ហាញ​ភាព​ក្តុកក្តួល នៅពេលដែល​លោក​រំលឹក​ដល់​អតីត​យុទ្ធ​មិត្ត​រួម​អាវុធ​ដែល​បាន​ពលី​ជីវិត​។​





​នៅក្នុង​បទ​សម្ភាស​ជាមួយ​វី​អូ​អេ កាលពី​ខែតុលា ឆ្នាំមុន លោក​ពល​បាល អាល់ បេ​លី បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិបាក​ទទួលយក​ថា ហេតុអ្វី​បានជា​រឿង​នោះ​កើតឡើង​ចំពោះ​ពួកគេ​? ហេតុអ្វី​ខ្ញុំ​នៅរស់​? ហេតុអ្វី​ពួកគេ​ស្លាប់​។ ម៉េច​ក៏​ខ្ញុំ​មិន​ស្លាប់ទៅ​?»​។​
​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះបាន​កើតមានឡើង នៅលើ​កោះតាង ក្បែរ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ ១៩៧៥ គឺមាន​រយៈពេល​ជិត​មួយខែ ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុមខ្មែរក្រហម​ដែល​ក្រុង​ប៉េកាំង​គាំទ្រ បាន​ឡើងកាន់​អំណាច ក្រោយពី​ផ្តួលរំលំ​របប​យោធា​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​

​នោះ​គឺជា​ប្រតិបត្តិការ​សឹក​ដើម្បី​រំដោះ​កប៉ាល់​ម៉ា​យ៉ា​ហ្កេ (SS Mayaguez) ដែល​ក្រុម​ទាហានជើងទឹក​ខ្មែរក្រហម​បាន​ចាប់យក​ពី​ដែនសមុទ្រ​អន្តរជាតិ កាលពី​ថ្ងៃទី​១២ ខែឧសភា​។ នាវា​នោះ​ដឹកទំនិញ​ចំនួន ២៧៤​កុង​ទី​ន័​រ ក្នុងនោះ​មាន ៧៧​កុង​ទី​ន័​រ ជា​របស់​រដ្ឋាភិបាល​និង​យោធា​អាមេរិក​។ សម្ភារៈ​នោះ​ត្រូវបាន​យកចេញ​ពី​ស្ថានទូត​អាមេរិកាំង ក្នុង​ទីក្រុង​ព្រៃនគរ កាលពី​៩​ថ្ងៃ មុនពេល​សង្គ្រាម​វៀតណាម​បានបញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមេសា​។​
​ប្រតិបត្តិការ​នោះ​ប្រើប្រាស់​ទាហាន​ម៉ា​រី​ន ១៧៩​នាក់ និង​ឧទ្ធម្ភាគចក្រ​ចំនួន ៨​គ្រឿង ដោយ​ចេញពី​មូលដ្ឋាន​យោធា​អូ​តា​ប៉ាវ ដែល​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​។​


លោកពលបាល​ អាល់ បេលី ​អតីត​ទាហាន​ម៉ារីន​របស់​សហរដ្ឋ​អាមេរិកដែលចូលរួមប្រយុទ្ធក្នុងប្រតិបត្តិការសឹកម៉ាយ៉ាហ្កេ មានវត្តមាននៅទីស្នាក់ការកណ្តាលរបស់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែតុលា ឆ្នាំ២០១៩។

លោក​ពល​បាល អាល់ បេ​លី ដែល​បាន​បម្រើ​នៅក្នុង​កងអនុសេនាតូច​លេខ Golf 2/9 បាន​រៀបរាប់​ព្រឹត្តិការណ៍​នោះ​ឡើងវិញ​ថា​៖ «​ខ្ញុំ​ជិះ​លើ​ឧទ្ធម្ភាគចក្រ​ដំបូង​ដែល​ហោះ​ទៅដល់​។ កាលពី​នៅ​មូលដ្ឋានទ័ព​អូ​តា​ប៉ាវ គេ​ប្រាប់​យើង​ថា មាន​អ្នកនេសាទ​កម្ពុជា​មួយក្រុម​នៅលើ​កោះ​នោះ ដូច្នេះ​នឹងមិន​មានការ​តដៃ​ខ្លាំងក្លា​ទេ​។ ប៉ុន្តែ​ការពិត​បែរ​ជាមាន​ទាហាន​មួយ​កងវរៈសេនាតូច​។ ពួកគេ​បាន​ហ្វឹកហ្វឺន​ល្អ ហើយ​ប្រយុទ្ធ​ខ្លាំង​។ គ្រាន់តែ​ពេល​ឧទ្ធម្ភាគចក្រ​ចុះចត​ភ្លាម ពួកគេ​បាញ់ស្រោច​គ្រប់​កាំភ្លើង​ដែល​ពួកគេ​មាន​។ ហើយ​ឧទ្ធម្ភាគចក្រ​នោះ​ប្រហែលជា​ត្រូវ​គ្រាប់ ២​ឬ​៣​រយ​គ្រាប់​។ លោក​មេបញ្ជាការ​បា​នប​ញ្ជា​ឱ្យ​ពួកយើង​លោត​ចេញពី​ឧទ្ធម្ភាគចក្រ​»​។​

​ឧទ្ធម្ភាគចក្រ​ដែល​លោក អាល់ បេ​លី ជិះ​បាន​ត្រូវ​គ្រាប់​ធ្លុះធ្លាយ​ដែល​ពន្លឺ​ថ្ងៃ​បាន​ចាំង​ធ្លាយ​ពី​ជ្រុង​ម្ខាង​ទៅ​ម្ខាង​ទៀត​។ វា​ពិបាក​ហោះ​ត្រឡប់​ទៅវិញ ហើយ​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​កោះតាង​។​

​ការប្រយុទ្ធ​នៅលើ​ដី​ជា​លើកដំបូង គឺមាន​ទាហាន​អាមេរិកាំង​ចំនួន ២០​នាក់​ទល់នឹង​ទាហាន​ខ្មែរក្រហម​មួយ​កងវរៈសេនាតូច​។ នេះ​បើតាម​ការ​រំលឹក​ឡើងវិញ​របស់លោក អាល់ បេ​លី​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​ប្រយុទ្ធ​គ្នា​មួយ​ម៉ោង​មុនពេល​ឧទ្ធម្ភាគចក្រ​បន្ទាប់​បានមក​ដល់​។ មួយ​ម៉ោង​នោះ​ហាក់បីដូចជា​មួយឆ្នាំ​អីចឹង​»​។​

​ភាគី​ទាំងសងខាង​នៅ​ឃ្លាត​គ្នា​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទាហាន​អាមេរិកាំង​បាន​រងរបួស​ជាច្រើន ហើយ​ពួកគេ​មានឱកាស​ចូល​ពួន​ក្នុងព្រៃ នៅពេល​ឧ​ទ្ទ​ម្ភា​គច​ក្រទី​ពីរបាន​ហោះ​មកដល់​ដោយ​ពួក​ខ្មែរក្រហម​ងាក​មក​បាញ់​ឧទ្ធម្ភាគចក្រ​នោះ​ម្តង​។​

​លោក អាល់ បេ​លី បន្ទោស​លើ​ការផ្តល់​ព័ត៌មាន​ស៊ើបការណ៍​មិនបាន​ល្អ​។​

«​វា​ជា​ព័ត៌មាន​ស៊ើបការណ៍​ខ្សោយ ព្រោះ​ពួកគេ​ជា​អ្នក​ប្រយុទ្ធ​ជើងចាស់​។ ពួកគេ​គួរតែ​បញ្ជូន​កម្លាំង​ស៊ើបការណ៍​ជាមុន ដើម្បីឱ្យ​ដឹងថា​មាន​អ្វីខ្លះ​នៅ​ទីនោះ ប៉ុន្តែ​ពួកគេ​មិន​បានធ្វើ​ដូច្នោះ​ទេ​»​។​
 
​ប៉ុន្តែ នៅក្នុង​ស្ថានការណ៍​អាក្រក់​នោះ ហើយ​ដែល​លេចចេញ​នូវ​វីរៈបុរស​សង្គ្រាម​ដែល​បាន​ជួយ​បញ្ចៀស​ស្ថានការណ៍​ដោយសារតែ​ទាហាន​ទាំងនោះ​សុទ្ធតែ​ក្មេងៗ ដែលមាន​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ការប្រយុទ្ធ​នោះ​គឺជា​លើកដំបូង​របស់​ពួកគេ​។​

​លោក អាល់ បេ​លី បាន​រំលឹកថា​៖ «​យូរៗ​ម្តង កង​យន្តហោះ​បាន​បាញ់​ដើម្បី​ជួយ​ដល់​ទាហាន​ដែល​នៅលើ​ដី នៅមុន​ពេលដែល​ឧទ្ធម្ភាគចក្រ​ទី​២ និង​ទី​៣​មកដល់​។ នៅ​ឧទ្ធម្ភាគចក្រ​ទី​៣​នោះ​ហើយ​ដែល​លោក​ពលបាលឯក ហ្វូ​ហ្វូ ទូ​តេ​ឡេ (Fofo Tuitele) នៅ​ជិះ​លើ​នោះ ហើយ​ពេល​គាត់​មកដល់​រលក​នៃ​ការប្រយុទ្ធ​បាន​ផ្លាស់ប្តូរ​វិញ​»​។​

​លោក អាល់ បេ​លី បាន​បន្ថែមថា ពួក​ទាហាន​ម៉ា​រី​ន​ទាំងនោះ​កំពុងតែ​ហ្វឹកហ្វឺន​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​ទេ ដូច្នេះ​នៅពេលដែល​លោក​ពលបាលឯក ទូ​តេ​ឡេ មកដល់ គឺ​បានផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ ប្រៀប​បីដូច​ជា​«​ទាហាន​អាវ​ក្រោះ​»​ដូច្នោះ​ដែរ​។​

​លោក អាល់ បេ​លី បាន​បន្ថែមថា​៖ «​ពេលនោះ​លោក​អនុសេនីយ៍ទោ​របស់ខ្ញុំ​បាន​បញ្ជា​ឱ្យ​លោក​ពលបាលឯក ទូ​តេ​ឡេ ទៅ​ក​ម្ចេ​ច​កាំភ្លើងយន្ត​នៅ​ទំ​តាំង​ខាងលើ​យើង​។ គាត់​ទទួលបញ្ជា ហើយ​ប្រាប់​ពួក​ខ្ញុំ​ថា បើ​មាន​ពួក​ខ្មាំង​ចេញ​តាម​ច្រក​នេះ គឺ​ត្រូវ​បាញ់សម្លាប់​ទៅ​។ មាន​ផ្លូវ​មួយ​ពី​ឆ្នេរ​ខាងកើត​ទៅខាង​លិច ហើយ​លោក​ទូ​តេ​ឡេ​បាន​ចេញទៅ​ឆៀង​ខាងលិច ហើយ​ព័ទ្ធ​ចុះមក​វិញ​។ រយៈពេល​១០​នាទី ក្រោយមក​កាំភ្លើងយន្ត​នោះបាន​ស្ងាត់​សំឡេង​។ បើតាម​ខ្ញុំ​ដឹង​គឺ​កាំភ្លើង​នោះ​មាន​អ្នកបាញ់​បីនាក់​។ ១០​នាទី​បន្ទាប់​ទៀត ទីតាំង​កាំភ្លើងយន្ត​មួយទៀត​ស្ងាត់​សំឡេង​ដែរ​។ ខ្ញុំ​មើល​គាត់​ចូលទៅ​ហើយ​តាមមើល​គាត់​ចេញពី​ព្រៃ​មកវិញ​»​។​

​លោក ហ្វូ​ហ្វូ​ទូ​តេ​ឡេ បានធ្វើ​ប្រតិបត្តិការ​រហ័ស​នេះ​តែម្នាក់ឯង​។​

​លោក អាល់ បេ​លី បាន​បន្ថែមថា​៖ «​គាត់​ទៅលើ​ក​ទី​២​ដោយ​កាន់​កាំភ្លើង​ផ្លោង ហើយ​បាញ់​ដាក់​ទីតាំង​មួយទៀត​។ ជា​សរុបមក គឺ​គាត់​បាន​បាញ់​កម្ទេច​ទីតាំង​កាំភ្លើងយន្ត​ចំនួន​បី​។ ខ្ញុំ​តាមមើល​គាត់​ទៅ​ទាំង​ពីរលើក​។ លើកទីមួយ គាត់​ចេញមក​វិញ មាន​កាំភ្លើង​អាការ ៤៧ ចំនួន​ពីរ​ដើម មាន​ស្បែកជើង​ជាច្រើន​គូ ដែល​មើលទៅ​ដូចជា​លោកតា សាន់​តា​ខ្លស (Santa Claus)​។ ពេល​ការបាញ់​គ្នា​ស្ងប់ស្ងាត់​បន្តិច ហើយ​ពួក​ខ្មាំង​ប្រមូលគ្នា ហើយ​ពួកយើង​ក៏​ប្រមូលគ្នា គាត់​ក៏​ចែកចាយ​ជយ​ភណ្ឌ​នោះ​ដល់​ពួកយើង​ជា​អនុស្សាវរីយ៍ ប្រៀបដូចជា​លោក សាន់​តា​ខ្លស អីចឹង​»​។​

​លោក​ប្រធានាធិបតី​អាមេរិក ហ្សេ​រ៉​ល ហ្វ​ដ (Gerald Ford) បាន​បញ្ជា​ឱ្យធ្វើ​ប្រតិបត្តិការ​យោធា​នោះ​ដើម្បី​សង្គ្រោះ​ក្រុម​នាវិក​និង​នាវា​ដឹកទំនិញ​នោះ ហើយ​ការប្រយុទ្ធ​រយៈពេល​១៤​ម៉ោង​ដែល​បានចាប់ផ្តើម​តាំងពី​ព្រលឹម​អុរ រហូតដល់​យប់​ងងឹត​នោះ បាន​បណ្តាលឱ្យ​ទាហាន​អាមេរិកាំង​ចំនួន ៤១​នាក់​ពលី​ជីវិត ដោយ ១៥​នាក់​ស្លាប់​នៅ​សមរភូមិ បីនាក់​ត្រូវ​ចាប់ខ្លួន ហើយ​ទាហាន​ខ្មែរក្រហម​បានសម្លាប់​ចោល និង ២៣​នាក់​ស្លាប់ ពេល​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពេល​វិល​ត្រឡប់មក​មូលដ្ឋាន​វិញ​។ មាន​ទាហាន​របួស​ចំនួន ៥០​នាក់ ហើយ​ឧទ្ធម្ភាគចក្រ​ខូចខាត​ចំនួន​៣​គ្រឿង​។ រីឯ​ទាហាន​ខ្មែរក្រហម​ស្លាប់​យ៉ាងហោចណាស់​ពី ១៥​ទៅ​២៥​នាក់​។ ប៉ុន្តែ​ក្រុម​នាវិក​ទាំង ៤០​នាក់​និង​កប៉ាល ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព​។​

​សម្រាប់​លោក អាល់ បេ​លី លទ្ធផល​អាច​នឹង​ខុស​ពីនេះ ប្រសិនបើ​លោក ហ្វូ​ហ្វូ​ទូ​តេ​ឡេ មិនបាន​ទៅ​ទាន់​ទេ លោក​ក៏​មិន​នៅ​រស់រានមានជីវិតរ​ហូត​ដល់​សព្វថ្ងៃ​ដែរ​។ នេះ​គឺជា​ហេតុផល​មួយ​ដែល​លោក អាល់ បេ​លី បានមក​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​បញ្ចុះបញ្ចូល​សភា​ឱ្យ​ផ្តល់​មេដាយ​សមស្រប​ដល់​លោក​ហ្វូ​ហ្វូ​តេ​ឡេ​។​

​លោក អាល់ បេ​លី បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​យល់​ដែរ ប៉ុន្តែ​សង្ឃឹមថា គាត់​នឹង​ទទួលបាន​មេដាយ​សក្តិសម​នឹង​ស្នាដៃ​គាត់​។ ខ្ញុំ​គិតថា គាត់​សក្តិសម​ទទួល​មេដាយ​កិត្តិយស​ពី​សភាជាតិ​»​។​

​លោក ទូ​តេ​ឡេ បាន​ចូល​បម្រើ​កង​ម៉ា​រី​ន នៅពេល​លោក​អាយុ​១៨​ឆ្នាំ នៅក្នុង​កងអនុសេនាធំ​២/៩ នៃ​កងវរសេនាធំ​ម៉ា​រី​នទី​៣​។ លោក​បាន​បំពេញបេសកកម្ម​ពីរលើក​ក្នុងប្រទេស​វៀតណាម ដែល​លោក​ទទួលបាន​មេដាយសម្រិទ្ធ និង Purple Heart ។ លោក​បាន​ចាក​ចេញពី​ជួរ​កងទ័ព ក្រោយពី​បម្រើការ​អស់​រយៈពេល ២៣​ឆ្នាំ ហើយ​បាន​បន្ត​ធ្វើការ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​ជិត ២០​ឆ្នាំ​។ បច្ចុប្បន្ន​លោក​ចូលនិវត្តន៍​នៅ​ទីក្រុង រី​យោ រាន់​ជោ (Rio Rancho) រដ្ឋ​ញ៉ូ​មិ​ក​ស៊ី​កូ (New Mexico) ។ លោក​កើត​នៅ​កោះ​សា​ម៉ូ​អា ហើយ​ទើបតែ​បាន​ចូលសញ្ជាតិ​អាមេរិកាំង​ក្នុង​ឆ្នាំ​២០១៦​។​

​ដំណើររឿង​នោះ ត្រូវបាន​សរសេរ​ជា​សៀវភៅ​ជាច្រើន ដែលមាន​ដូចជា «​សង្គ្រាម​១៤​ម៉ោង​» ដោយ​លោក James E. Wise Jr. និង​លោក Scott Baron «​ការប្រយុទ្ធ​ចុងក្រោយ​» ដោយ​លោក Ralph Wetterhahn និង​«​ព្រឹត្តិការណ៍​ម៉ា​យ៉ា​ហ្កេ​» ដោយ​លោក Robert J. Mahoney ជាដើម​។​

​ប៉ុន្តែ​លោក​បណ្ឌិត ភី​ថឺ ម៉ាក់​ខ្វៃ (Peter Maguire) នៃ​មូលនិធិ Fainting Robin យល់ថា ការទទួលស្គាល់​ពី​រដ្ឋា​ភិ​បាល​និង​អ្នកតាក់តែង​ច្បាប់​អាមេរិកាំង នៅ​មិនទាន់​សក្តិសម​នឹង​ស្នាដៃ​ទាំងនោះ​នៅឡើយ​ទេ​។​

​លោក​បណ្ឌិត ម៉ាក់​ខ្វៃ ដែល​បានធ្វើ​ការងារ​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បាន​រៀបរាប់ថា​៖

«​ខ្ញុំ​បាន​ប្រទះឃើញ​សំណុំ​រឿងនេះ នៅពេលដែល​កំពុងតែ​ស៊ើបអង្កេត​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម ជាពិសេស​គឺ​ជនជាតិ​អាមេរិកាំង​ដែល​ត្រូវបាន​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ដាក់គុក​ទួលស្លែង​។ នៅក្នុង​ពេលដែល​តាមរ​ក​ក្រុមខ្មែរក្រហម​ដែល​ចាប់ខ្លួន​ពួកគេ គឺ​ខ្ញុំ​ដឹងថា ពួកគេ​គឺជា​ក្រុមខ្មែរក្រហម​ដែល​បាន​ប្រយុទ្ធ​នៅក្នុង​ព្រឹត្តិការណ៍​ម៉ា​យ៉ា​ហ្កេ​។ ដូច្នេះ ខ្ញុំ​បានដឹង​ពី​ភាគី​ខ្មែរក្រហម មុននឹង​ខ្ញុំ​បានដឹង​ពី​ភាគី​អាមេរិកាំង​។ កាលនោះ មាន​ទាហាន​ម៉ា​រី​ន​បីនាក់​ត្រូវបាន​គេ​ទុកចោល ហើយ​នោះ​គឺជា​រឿង​ដែល​ធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍ ព្រោះ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​ការប្រយុទ្ធ​គ្នា​។ អ្វីដែល​លេចធ្លោ​ចំពោះ​ខ្ញុំ គឺ​ការខុស​គ្នា​រវាង​សេចក្តីក្លាហាន និង​វីរភាព​របស់​អ្នក​ប្រយុទ្ធ​នៅលើ​ដី និង​លើ​អាកាស និង​អ្នក​នៅក្នុង​សមុទ្រ បើ​ប្រៀប​នឹង​អ្នកដឹកនាំ​នយោបាយ​របស់​យើង​។ ពួកគេ​បានធ្វើឱ្យ​ទាហាន​ទាំងនោះ​ខកចិត្ត​»​។​

​លោក ភី​ថឺ ម៉ាក់​ខ្វៃ បាន​យល់ស្រប​នឹង​ការរៀបរាប់​របស់លោក អាល់ បេ​លី អំពី​លោក ហ្វូ​ហ្វូ​ទូ​តេ​ឡេ​។​

«​មជ្ឈមណ្ឌល Fainting Robin របស់ខ្ញុំ បានដាក់​ពាក្យស្នើសុំ​ឱ្យ​ពិនិត្យមើល​សំណុំរឿង​លោក ហ្វូ​ហ្វូ ទូ​តេ​ឡេ ឡើងវិញ​។ តម្រូវ​ការឱ្យ​ផ្តល់​មេដាយ​នេះ​មាន​លក្ខណៈ​តឹងរ៉ឹង ដូច្នេះ​ខ្ញុំ​មិនអាច​និយាយបានថា គាត់​សក្តិសម​នឹង​ទទួលបាន​មេដាយ​មួយណា​ទេ​។ ប៉ុន្តែ​គាត់​សក្តិសម​ទទួលបាន​មេដាយ​ខ្ពស់ជាង​អ្វីដែល​គាត់​ទទួលបាន​។ ពួក​អស់លោក​ទាំងនេះ​ចាស់ៗ​ហើយ ដូច្នេះ​ពួកគេ​សក្តិសម​នឹង​ទទួល​តាម​គុណបំណាច់​។ ខ្ញុំ​កំពុងតែធ្វើការ​ជាមួយនឹង​សមាជិកសភា​និង​ព្រឹទ្ធសភា​ខ្លះ​»​។​

​ក្នុង​ឆ្នាំ​២០១៦ អ្នកតំណាងរាស្ត្រ​ពីររូប​គឺ​លោក ម៉ាក មី​ដូ នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​ណ័ស ខា​រ៉ូ​ណា​ញ​ណា (North Carolina) និង​អ្នកស្រី តុល​ស៊ី ហ្កា​បាដ (Tulsi Gabbard) នៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ហា​វៃ (Hawaii) បានស្នើ​ច្បាប់​មួយ​ផ្តល់​មេដាយ​ឱ្យ​អតីត​ទាហាន​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នាវា​ម៉ា​យ៉ា​ហ្កេ​។ ប៉ុន្តែ សេចក្តីព្រាងច្បាប់​នោះ​មិនបាន​ឆ្លង​ផុត​រដ្ឋសភាជាតិ​ទេ បើទោះបីជា​ឈ្មោះ​របស់​យុទ្ធជន​ពលី​ត្រូវបាន​ចារ​នៅលើ​វិមាន​រំលឹក​អតីតយុទ្ធជន​សង្គ្រាម​វៀតណាម ដែល​ស្ថិតនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏ដោយ​។ 

​លោក ម៉ាក់​ខ្វៃ បាន​បន្ទោស​ការយឺតយ៉ាវ​នោះ​លើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។​

«​គឺ​ដោយសារតែ​រដ្ឋាភិបាលរ​បស់​យើង​ដែល​អសមត្ថភាព​ជា​យូរ​ឆ្នាំ​ហើយ​។ យើង​ទទួលបាន​ការចាប់អារម្មណ៍​ហើយ ប៉ុន្តែ​ស្រាប់តែ​រដ្ឋាភិបាល​បិទ ហើយ​បន្ទាប់មក​ពួកគេ​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​។ នេះ​មិនមែនជា​រឿង​សាមញ្ញ​ទេ​។ ខ្ញុំ​មិនមែនជា​មនុស្ស​ងាយ​បោះបង់​ការតស៊ូ​ទេ ដូច្នេះ​ខ្ញុំ​នឹង​បន្ត​ទាមទារ​»​។​


អាវ​កាក់​ដែល​លោកលោកពលបាល​ អាល់ បែលី ​អតីត​ទាហាន​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក ​ត្រូវបានរចនា​ដោយរូបលោក​ផ្ទាល់​ ដោយមាន​សញ្ញាឡូហ្កោ​ដែល​សរសេរ​ថា ​«ក្រុម​សង្គ្រោះ​កប៉ាល់​ម៉ាយ៉ាហ្កេ៖ សមរភូមិ​កោះតាង – កម្ពុជា​ ខែ​ឧសភា​ ឆ្នាំ​១៩៧៥» នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែតុលា ឆ្នាំ២០១៩។
 
​លោក​ពល​បាល អាល់ បេ​លី យល់ថា លោក​ក៏​នៅ​មិនទាន់​ទទួលបាន​កិត្តិយស​គ្រប់គ្រាន់​ចំពោះ​ប្រតិបត្តិការ​នោះ​នៅឡើយ​ទេ​។​

​លោក​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖ «​ខ្ញុំ​មានបំណង​ចង់​ទទួលបាន​ខ្សែបូរ​សង្គ្រាម​វៀតណាម​។ យើង​មិនដែល​ទទួល​បានទេ​។ ពួកគេ​ចាត់ទុក​គ្នា​យើង ៤១​នាក់​ដែល​ពលី​ជីវិត​ថា​ជា​អតីតយុទ្ធជន​សង្គ្រាម​វៀតណាម ដោយបាន​ចារ​ឈ្មោះ​លើ​វិមាន​សង្គ្រាម​វៀតណាម​។ ប៉ុន្តែ​អ្នក​ដែល​នៅរស់​មិនបាន​ទទួល​បូរ​សង្គ្រាម​វៀតណាម​ទេ​។ ការណ៍​នេះ​ដោយសារតែ​រដ្ឋសភា​និង​ព្រឹទ្ធសភា មិន​ព្រម​ធ្វើការ​ដើម្បី​ផ្តល់​បូរ​សក្តិសម​តាម​ការងា​រ​របស់​យើង​ទេ​»​។​

​ពេលមកដល់​ការិយាល័យ​របស់​វី​អូ​អេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក អាល់ បេ​លី បាន​ពាក់​អាវកាក់​ដែល​លោក​រចនា​ដោយផ្ទាល់ ក្នុងនោះ​មាន​សញ្ញា​ឡូ​ហ្កោ​ដែល​សរសេរថា «​ក្រុម​សង្គ្រោះ​កប៉ាល់​ម៉ា​យ៉ា​ហ្កេ​៖ សមរភូមិ​កោះតាង – កម្ពុជា ខែឧសភា ឆ្នាំ​១៩៧៥» ដែល​បញ្ជាក់ថា អ្វីដែល​កើតមានឡើង​កាលពី​ជិត ៤៥​ឆ្នាំមុន គឺ​ស្ថិតនៅ​ស្រស់ៗ​ក្នុងការ​ចងចាំ​របស់​លោក​ជានិច្ច​៕


© រក្សាសិទ្ធិដោយ thmeythmey.com