អន្តរជាតិ
ចិន នឹងជួយប្រទេសផ្នែកខាងក្រោមលើការគ្រប់គ្រងទន្លេមេគង្គ ប្រមុខការទូតចិន វ៉ាង យី នាកិច្ចប្រជុំនៅឡាវ។ រូបភាព Xinhua
× ខណៈប្រទេសមេគង្គក្រោមជួបបញ្ហាខ្វះខាតទឹក ចិនបានជួយដោះស្រាយបញ្ហានេះតាមរយៈការបញ្ចេញទឹកទន្លេឲ្យបានច្រើនចេញពីមេគង្គក្នុងព្រំដែនរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ប្រកាសបែបនេះអំឡុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) នៅថ្ងៃទី២០ ខែកុម្ភៈ ដែលឡាវជាម្ចាស់ផ្ទះ។ លើសពីនោះ ចិនក៏ត្រៀមចែករំលែកព័ត៌មានពីជលសាស្ត្ររបស់ទន្លេមេគង្គទៅកាន់ប្រទេសសមាជិកឯទៀតផងដែរ។
រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី២០ បើកកិច្ចប្រជុំលើកទី៥ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ប្រមុខការទូតមកពីកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ចិន និងថៃ បានចូលរួមក្នុងប្រជុំលើកនេះ ដែលធ្វើឡើងខណៈដែលប្រទេសមេគង្គកំពុងជួបបញ្ហាខ្វះខាតទឹក ដ្បិតភាពរាំងស្ងួតបានអូសបន្លាយយូរ និងវត្តមានទំនប់វារីអគ្គិសនីកាន់តែច្រើនតាមបណ្ដោយទន្លេដ៏វែងមួយនេះ។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ដែលធ្វើជាសហប្រធានកិច្ចប្រជុំជាមួយសមភាគីឡាវ បាននិយាយក្នុងកិច្ចប្រជុំថា ភ្លៀងតិចតួច ជាមូលហេតុសំខាន់ដែលនាំឲ្យកើតគ្រោះរាំងស្ងួត ហើយចិនក៏រងគ្រោះដូចគ្នាដែរ មិនមែនតែប្រទេសខាងក្រោមឡើយ។ ប៉ុន្តែ លោក វ៉ាង យី អះអាងថា ចិនបានជម្នះការលំបាកនេះ ហើយត្រៀមជួយប្រទេសជិតខាងតាមបណ្ដោយទន្លេមេគង្គ។
«ចិនបានពុះពារការលំបាកដោយខ្លួនឯង និងបានបង្កើនការបញ្ចេញទឹកពីទន្លេឡានឆាងដើម្បីជួយប្រទេសមេគង្គដោះស្រាយគ្រោះរាំងស្ងួត។» នេះជាការបញ្ជាក់របស់ប្រមុខការទូតចិនចំពោះមុខសមភាគីមកពីប្រទេស៥ទៀត។ ឡានឆាង ជាឈ្មោះដែលចិនហៅសំដៅទន្លេមេគង្គដែលហូរកាត់ទឹកដីខ្លួន។ បើតាមលោក វ៉ាង ប្រទេសទាំងអស់ ក៏ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ MLC សំដៅធានាការប្រើប្រាស់ធនធានទឹកឲ្យមានចីរភាព។
បើទោះជាភ្លៀងរួមចំណែកច្រើនលើការផ្គត់ផ្គង់ទឹកក្ដី វត្តមានទំនប់វារីអគ្គិសនីជាច្រើននៅតាមបណ្ដោយទន្លេមេគង្គ កំពុងបង្កការគំរាមកំហែងខ្លាំងប្រទេសនៅខាងក្រោម។ ក្នុងការវិភាគរបស់ស្ថាប័ន Fitch Solutions Macro Research ការរស់នៅរបស់ប្រជាជនក្នុងប្រទេសមេងគ្គ នឹងត្រូវផ្លាស់ប្ដូរស្ទើរទាំងស្រុងដោយសារការសាងសង់វារីអគ្គិសនីរបស់ឡាវនៅប៉ុន្មានទសវត្សរ៍ទៅមុខ។ ការបាត់បង់ត្រី និងបញ្ហាកសិកម្ម នឹងបង្ខំឲ្យប្រទេសខ្លះនាំចូលទំនិញបន្ថែម ហើយបញ្ហាសេដ្ឋកិច្ចនឹងមានមិនខាន។
រយៈពេលបួនខែចុងក្រោយនេះ ឡាវបានបើកវារីអគ្គិសនីចំនួនបួនលើផ្ទៃទន្លេមេគង្គ ហើយឆ្នាំនេះ នឹងបើកការដ្ឋានសាងសង់ទំនប់មួយទៀតនៅក្បែរទីក្រុងហ្លួងព្រះបាង។ ដ្បិតទំនប់ទាំងនេះជួយឡាវលើវិស័យថាមពល និងសេដ្ឋកិច្ចក្ដី ផលប៉ះពាល់ខ្លាំងក្លាលើប្រព័ន្ធជីវចម្រុះទន្លេមេគង្គ នឹងប៉ះពាល់មិនតិចឡើយប្រជាជននៅផ្នែកខាងក្រោមដូចជាកម្ពុជា និងវៀតណាមជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com