ជាតិ
កម្ពុជា​ចាត់ការ​អ្នក «Live» សិច​ស៊ី តែ NGO ឲ្យ​ពិចារណា​ឡើងវិញ ខណៈ Amnesty ថា​រើសអើង​
21, Feb 2020 , 2:04 pm        
រូបភាព
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ចំពោះ​ការផ្សាយ​ផ្ទាល់ «Live» តាម​បណ្តាញ​សង្គម​ដើម្បី​លក់​ផលិតផល ជាមួយនឹង​ការបញ្ចេញ​អស់​កេរ​ខ្មាស ដោយ​សម្តេច​កត់សម្គាល់​ថា វា​ជា​សកម្មភាព​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​។ មួយថ្ងៃ​ក្រោយមក ស្ត្រី​ម្នាក់​ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​ហៅ​ទៅ​ណែនាំ បន្ទាប់មក​ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​។ ជុំវិញ​ចំណាត់ការ​នេះ តំណាង​អង្គការ​សង្គម​ស៊ីវិល បានរួម​គ្នា​សរសេរ​លិខិត​ចំហរ​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការដាក់ទណ្ឌកម្ម​ទៅលើ​ស្ត្រី​ដោយសារតែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​។



«​កម្ពុជា​ត្រូវគោរព​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្តែង​មតិ អារម្មណ៍ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី​»​។ នេះ​ជា​ខ្លឹមសារ​រួម​នៃ​លិខិត​ចំហរ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា សិទ្ធិ​ស្ត្រី ជា​សិទ្ធិមនុស្ស​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៩ ខែ​កម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ក្នុងនោះ​មានដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អិន​ជី​អូ ស៊ី ដ​,  អាក់​សិន​អេ​ត​កម្ពុជា​, ក្លាហាន​, យេនឌ័រ និង​ការអភិវឌ្ឍន៍​ដើម្បី​កម្ពុជា និង​បន្ទាយស្រី ជាដើម បានទទួល​ស្គាល់​នូវ​ឆ​ន្ទះ​របស់​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ក៏ដូចជា​ការបំពេញ​កា​ត​ព្វ​កិច្ច​ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា និង​ច្បាប់​នានា ពាក់ព័ន្ធ​ករណីនេះ​។ ប៉ុន្តែ​ក្រុម NGO ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការសម្រេច​របស់ខ្លួន​មួយចំនួន​ផងដែរ​។​


អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា

​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​អ្នក «Live» សិច​ស៊ី ក្រោម​ហេតុផល​ពង្រឹង​តម្លៃ​ស្ត្រី សង្គម និង​វប្បធម៌​ជាតិ ត្រូវបាន​សង្គម​ស៊ីវិល​មើលឃើញថា ជា​វិធាន​ការដែល​មិនមាន​ការសិក្សា​បែប​ស៊ីជម្រៅ​ដែល​បញ្ជាក់ថា ការ​ស្លៀកពាក់​របស់​ស្ត្រី​ជាដើម​ហេតុ​បង្ក​ឲ្យ​មាន​ឱនភាព​សីលធម៌​សង្គម​។​

«​ប្រសាសន៍​របស់​សម្តេច​ដែល​យល់ថា ការដែល​ស្ត្រី​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នាំ​ឲ្យ​មានការ​រំលោភបំពាន គឺជា​ការស្តីបន្ទោស​ជន​រងគ្រោះ ហើយ​ការពង្រឹង​វប្បធម៌​ស្តីបន្ទោស​ជនរងគ្រោះ​នេះ នឹងធ្វើ​ឲ្យ​អំពើហិង្សា​លើ​ស្ត្រី និង​ការរើសអើង​ផ្អែកលើ​យេនឌ័រ នៅតែ​បន្ត​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា​»​។ នេះ​បើតាម​ការគូសបញ្ជាក់​ក្នុង​លិខិត​ចំហរ​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បន្តថា ការដាក់ទណ្ឌកម្ម​ស្ត្រី​ដោយសារតែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ គឺជា​ឫសគល់​នៃ​ការអំពើហិង្សា និង​ការរើសអើង​ស្ត្រី វា​មិនមែនជា​ដំណោះស្រាយ​នោះទេ ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​។​

​ក្នុងន័យ​ប្រហាក់ប្រហែលគ្នា​ផងដែរ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បានចាត់ទុក​ចំណាត់ការ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជាការ​ធ្វើ​ដោយ​គ្មាន​ទំនួល​ខុសត្រូវ និង​គ្រោះថ្នាក់​។ លោក Nicholas Bequelin នាយក​ប្រចាំ​តំបន់​របស់​អង្គការ​មួយ​នេះ បាន​លើកឡើងថា​៖ «​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ត្រូវតែ​បដិសេធ​កិច្ចសហការ​ចំពោះ​សំណើរ​ដែលមាន​លក្ខណៈ​រើសអើង​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​»​។​


​លោក Nicholas Bequelin នាយក​ប្រចាំ​តំបន់​របស់​អង្គការលើកលែងទោសអន្តរជាតិ

អង្គការ​មួយ​នេះ រិះគន់ថា សមត្ថកិច្ច​កម្ពុជា បានធ្វើ​សកម្មភាព​ដោយ​ផ្អែកលើ​ហេតុផល​នាយករដ្ឋមន្ត្រី ជា​មូលដ្ឋាន​ប៉ុណ្ណោះ ហើយ​ចំណាត់ថ្នាក់​ដែល​ប្រើពាក្យ​ថា «​អប់រំ​» នេះ ជាការ​ជុំវិញ​ឲ្យ​មានការ​រំលោភបំពាន និង​រើសអើង​បន្ថែម​ទៅលើ​ស្ត្រី​ទៅវិញ​ទេ​។​

​បើ​គិត​ចាប់តាំងពី​បញ្ជា​របស់​សម្តេច ហ៊ុន សែន នា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​នៅ​វិមាន​សន្តិភាព​កាល​ព្រឹក​ថ្ងៃទី ១៧ ខែកុម្ភៈ ការផ្សព្វផ្សាយ​លក់​ផលិតផល​កែ​សម្ផស្ស និង​សម្លៀកបំពាក់ នៅតែមាន​ដដែល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Bigo ប៉ុន្តែ​វីដេអូ និង​រូបភាព​សិច​ស៊ីពេល Live មិន​សម្បូរបែប​ដូច​មុន​នោះឡើយ​។​

​លោក មាស ប៉ូ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បានបញ្ជាក់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង​របស់លោក​តាម​ដាន និង​បានឃើញ​មុខសញ្ញា​អ្នកលក់​តាម​អន​ឡាញ​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដល់​សង្គម ប៉ុន្តែ​មិនទាន់មាន​ចំណាត់ការ​ឡើយ​។ លោក​បញ្ជាក់ថា​៖«​យើង​ពិគ្រោះ​ជាមួយ​ផ្ទៃក្នុង​សិន មុននឹង​ចេញ​សេចក្តីសម្រេច​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​។ ហើយ​យើង​នឹង​ពិចារណា ណែនាំ​ថា​តើ​គួរតែ​ឲ្យ​គាត់​បញ្ឈប់ ឬ​បញ្ឈប់​គាត់​តែម្តង​»​។


លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ 

​ក្រោយពី​មាន​ចំណាត់ការ​ឲ្យ​បិទ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កណា​ដែល​លក់​របស់​បង្ហាញ​ដើមទ្រូង និង​ប្រើពាក្យ​មិន​សមរម្យ​មក សង្កេតឃើញថា​មាន​អ្នកលក់​ខ្លះ​ដែល​ធ្លាប់តែ​ឧស្សាហ៍​បង្ហាញ​សាច់ និង​ជេរ​គ្នា​តាម​វីដេអូ​ឡាយ​ក្នុង​មួយថ្ងៃ​១​ដង ឬ​ច្រើន​ដងនោះ បាន​កែប្រែ​មកជា​ការលក់​បែប​ធម្ម​តា​ដែល​មិន​បញ្ចេញ​សាច់​ទ្រូង​ហួសហេតុ​ពេក និង​មិន​ប្រទេច​គ្នា​ទៀតឡើយ​។  នេះ​ជាការ​កត់សម្គាល់​របស់ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​។​

​បើតាម លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ការដែល​បុគ្គល​ណា​ប្រព្រឹត្ត​អំពើ​ដែល​ប្រាសចាក​ពី​ក្រមសីលធម៌​រស់នៅក្នុង​សង្គម ហើយ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី ក្រសួង​វប្បធម៌​មិនមាន​សិទ្ធិ និង​ប្រើ​វិធានការ​លើ​បុគ្គល​នោះទេ ប៉ុន្តែ​ក្រសួង​មាន​តួនាទី​ពន្យល់ អប់រំ និង​ណែ​នាំទៅ​បុគ្គល​តែប៉ុណ្ណោះ​។


 ​លោក មាស ប៉ូ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ 

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជា​ផ្លូវច្បាប់ កាល​ជន​ណាមួយ​ដែល​ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​សីលធម៌​សង្គម ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី និង​បង្ហាញ​ពី​ភាព​អនាចារ​ណាមួយ វា​ជា​រឿង​បុគ្គល តែ​នៅក្នុង​ប្រព័ន្ធ​សិល្បៈ ឬ​តារាភាពយន្ត យើង​ហៅ​មក​ណែនាំ​។ យើង​ធ្វើលិខិត​ទៅគ្រប់​ស្ថានីយ​ឲ្យ​ឈប់​យក​គាត់​ថត​តទៅទៀត និង​ផ្អាក​ឲ្យ​គាត់​ថត​ក្នុង​រយៈពេល​ប៉ុន​នេះៗ ដើម្បី​ឲ្យ​គាត់​កែប្រែ និង​សុំទោស​ជា​សាធារណៈ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អ្នកស្រី ម៉ាន ចិន្តា អ្នកនាំពាក្យ​ក្រសួង​កិច្ចការនារី​បានឡើយ ជុំវិញ​ករណី​រិះគន់​ផ្សេងៗ​ពី​អង្គការក្រៅរដ្ឋាភិបាល ទាំង​ក្នុង និង​ក្រៅប្រទេស ដោយសារតែ​ទូរ​សព្ទ​របស់​អ្នកស្រី នៅក្រៅ​តំបន់​សេវា​។​

​មកដល់ពេលនេះ កញ្ញា ថៃ ស្រី​នាង ឈ្មោះ​ដើម «​វ៉ាន់ រចនា​» ជា​មនុស្ស​ដំបូង​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ដោយសារតែ​ការបន្ត​លក់​សម្លៀកបំពាក់​អន​ឡាញ ជាមួយនឹង​ការ​បទ​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ដើមទ្រូង​ដែល​ប៉ះពាល់​ដល់​តម្លៃសង្គម​។ តាម​មាត្រា​៣៨-៣៩ ស្តីពី​ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស ការពារ​អនីតិជន ដែល​ស្ត្រី​រូបនេះ​អាច​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ​៕



Tag:
 សិចស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com